លោក ជ្រិញ គឹមនី មេប៉ូលិស​សេ​ដ្ឋ​កិ​ច្ច​ខេ​ត្ត​សៀមរាប ចាត់ចែង​​មន្ត្រី​ជំនិត ឲ្យក្តោបចំណូលតាមគ្រប់រូបភាព មិនខ្វល់ពីការកែទម្រង់

, , Leave a comment

ខេត្តសៀមរាប ៖ ក្រុមអ្នករកស៊ីតូចតាច បានបង្ហើបឲ្យដឹងថា លោកវរសេនីយ៍ឯក ជ្រិញ គឹមនី ក្នុងនាមជា ប្រធានការិយាយល័យ ន​គរ​បា​ល ប្រឆាំ​ង​ប​ទ​ល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប កំពុងតែ ជិះសេះ​លែង​ដៃ បង្កើតបក្ខពួកនិយម ចាត់តាំង កូនចៅជំនិតៗ ឲ្យចុះប្រមូលលុយ ពីការដឹកជញ្ជូនទំនិញ ការរកស៊ីស្តុកឈើខុសច្បាប់ និងការជីកកាយអាចម៍ដី ធ្វើអាជីវកម្ម តាមគ្រប់រូបភាព ហាក់ដូចជា មិនក្រែងញញើត ចំពោះការកែទម្រង់ អ្វីនោះទេ។

ប្រភពបានទម្លាយឲ្យដឹងថា ក្នុងនោះលោក ជ្រិញ គឹមនី បានចាត់ចែង មនុស្សជំនិត ៤នាក់ ឲ្យក្តោបចំណូលសេដ្ឋកិច្ច តាមគ្រប់រូបភាព រួមមាន ១-លោក សុខ ភិរម្យ ទទួលបន្ទុក បង្រ្កាបទីតាំង អាជីវកម្ម ជីកអាចម៍ដីលក់ អាជីវកម្មធនធានរ៉ែ ២-លោក ម៉េង សំណាង នាយរងការិយាល័យ និង៣-លោក ព្រាប រីសារ៉េត ទទួលផែន បង្រ្កាប បទល្មើសព្រៃឈើ មកពីខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និង ជលផល និង៤-លោក ហេង ហឿយ ទទួលផែន បង្រ្កាបទំនិញគេចពន្ធ មកពីច្រកប៉ោយប៉ែត ច្រកជាំ អន្លង់វែង ច្រកដូង ខេត្តបាត់ដំបង និងពីខេត្តកំពង់ចាម។

កន្លងមក គេឃើញ លោក ជ្រិញ គឹមនី បញ្ជាឲ្យកូនចៅ បង្ក្រាបការរកស៊ីដឹកឈើ ទំនិញខុសច្បាប់ និងអាហារខូចគុណភាព របស់ឈ្មួញតូចតាច ដែលមិនបានជូនដំណឹង ដើម្បីយកស្នាដៃ បង្អួតថ្នាក់លើ។ លោក ជ្រិញ គឹមនី បានបើកដៃឲ្យកូនចៅ ប្រមូលផលប្រយោជន៍ ពីក្រុមឈ្មួញ ដឹកជញ្ជូនឈើ និងទំនិញខុសច្បាប់ នៅលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៦៧ ដែលពោរពេញ ដោយបទល្មើស ដែលជាប្រភពចំណូល យ៉ាងត្រជាក់ចិត្ត។ ក្រុមអ្នករកស៊ី ប្រកបអាជីវកម្ម ជីកកាយអាចម៍ដី ឬបកស្រែ យកដីលក់ ក៏បានសម្តែង ការមិនសប្បាយចិត្ត ចំពោះសកម្មភាព ប៉ូលិសសេដ្ឋកិច្ច ដែលតម្រូវឲ្យ ពួកគាត់បង់លុយ ក្នុងកម្រិតខ្ពស់ ដើម្បីកុំឲ្យមានការរំខាន ក្នុងរបររកស៊ី។

ប្រភពពីអ្នករកស៊ី អាជីវកម្មដឹកដី បានឲ្យដឹងថា លោក ជ្រិញ គឹមនី បានបើកដៃ ឲ្យលោក សុខ ភិរម្យ ជានាយរងការិយាល័យ ទទួលផែន បង្រ្កាប អាជីវកម្មធនធាន ពង្រាយកូនចៅ ឲ្យចុះពិនិត្យ តាមទីតាំងរណ្តៅដី ជាពិសេស តាមការដ្ឋានជីកដី បកស្រែ ដើម្បីសួររកច្បាប់ទម្លាប់។ កន្លងមក ការធ្វើអាជីវកម្ម ជីកអាចម៍ដី ឬបកស្រែ យកដឺលក់ អាជ្ញាធរខេត្ត បានតម្រូវ ឲ្យធ្វើការស្នើសុំច្បាប់ ស្របតាម សារាចរណែនាំ របស់ ក្រសួងរ៉ែ និងថាមពល។ តាមការសង្កេតកន្លងមក ក្រុមអាជីវកម្ម ជីកកាយអាចម៏ដី ដែលមានខ្សែ ឬផ្តល់ផលប្រយោជន៍ បង់លុយខែ ឲ្យក្រុមមន្ត្រី អាចរកស៊ីដឹកដី ដោយគ្មានការរំខាន។

តែសម្រាប់អ្នករកស៊ី បកដីស្រែ គ្រាន់បានលុយចិញ្ចឹមឆ្នាំង ត្រូវប៉ូលិសសេដ្ឋកិច្ច របស់លោក ជ្រិញ គឹមនី ចុះត្រួតពិនិត្យ សួររកច្បាប់អាជីវកម្ម និងតម្រូវទៅតាម ក្រិតក្រម ត្រួតពិនិត្យឡានដឹកដី ទាំងលក្ខណៈបច្ចេកទេស និងផ្លាកលេខរថយន្ត បង្ករផលលំបាក គ្រប់បែបយ៉ាង។ ក្នុងករណីចន្លោះប្រហោង ពីបញ្ហាច្បាប់ទម្លាប់ ក្រុមប៉ូលិសសេដ្ឋកិច្ច បានគំរាម ផ្អាកសកម្មភាព ជីកដីស្រែ យកអាចម៍ដីលក់ និងឃាត់គ្រឿងចក្រទុក ដើម្បីដោះស្រាយ។ ក្រុមម្ចាស់ការដ្ឋាន ជីកបកដីស្រែ យកអាចម៍ដី ធ្វើអាជីវកម្ម បានទទូចសុំឲ្យ លោកឧត្តមសេនីយត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួលដឹកនាំ ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប មេត្តាពិនិត្យមើល ភាពអសកម្ម របស់លោក ជ្រិញ គឹមនី ឡើងវិញផង៕

 

Leave a Reply

(*) Required, Your email will not be published