តារាល្បីៗក្នុងប្រទេស ពេជ្រ សោភា, តន់ ច័ន្ទ សីម៉ា,រ៉េត ស៊ូហ្សាណា, ទេព បូព្រឹក្ស , ជី ដេវីត, វណ្ណដា និងតារាល្បីៗ អំពាវនាវដល់ស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ ជូនពិធីការិនី មាន ពេជ្ររីតា

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នៅពេលនេះ តារាល្បីៗក្នុងប្រទេសជាបន្តបន្ទាប់ ដូចជាតារាចម្រៀង តន់ ច័ន្ទសីម៉ា, រ៉េត ស៊ូហ្សាណា, ទេព បូព្រឹក្ស , ជីដេវីត, វណ្ណដា និងតារាសម្តែង តារាម៉ូដែល និងអ្នក ក្នុងចង្កោមសិល្បៈល្បី ជាច្រើនទៀត បានចេញមកអំពាវនាវ តាមរយៈបណ្តាញសង្គម ក្នុងន័យដូចគ្នា ដោយអំពាវនាវដល់ស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ ជូនពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ដែលកំពុងមានរឿងក្ដីក្ដាំ ជាមួយនឹងលោកឧកញ៉ា ហេង សៀ។

ប្រយោគ «គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» ខ្លួនខ្ញុំត្រូវគេរំលោភ លើរាងកាយ ហើយខ្ញុំត្រូវជាប់ខ្នោះទៀត ហើយចូលគុកទៀត»។ នេះគឺជាសំដីរបស់ កញ្ញា មាន ពេជ្ររីតា ដែល យំ បណ្តើរ និយាយបណ្តើរ ក្នុងវីដេអូត្រូវបានបង្ហោះ ក្នុងបណ្តាញសង្គម ស្តែងពីការឈឺចាប់ ហើយ ត្រូវបានតារាល្បីៗ យកមកសរសេរ បង្ហោះចែកចាយ ភ្លូកទឹក ភ្លូកដី ដើម្បីទាមទារយុត្តិធម៌ជូនតារាស្រីរូបនេះ។

តារាចម្រៀង តន់ ច័ន្ទសីម៉ា បានសរសេរថា «បើនេះជារឿងពិត.. សាហាវណាស់ ឈឺចាប់ពេកហើយ។ ស្រ្តីមានសិទ្ធិស្មើនឹងបុរស ស្រ្តីមានសិទ្ធិ គ្រប់គ្រាន់ក្នុងការរស់នៅ និងការពារខ្លួនពីការរំលោភបំពាន» ខណៈតារាចម្រៀង រ៉េត សូហ្សាណា បានលើកឡើងថា «ក្នុងនាមខ្ញុំជាសិល្បករ និងស្ត្រីដូចគ្នា នាងខ្ញុំមានការឈឺចាប់ណាស់ សម្លេងស្រែកទ្រហោយំរៀបរាប់ប្រាប់ម្តាយ ដ៏សែនរន្ធត់។ពួកយេីង រួមគ្នា បញ្ឈប់ ការបៀតបៀន និងប្រេីហិង្សា លេីស្ត្រី ភេទ!»។

ងាកមក តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត បានបង្ហោះសារ ដូចគ្នាយ៉ាងដូច្នេះថា «សូមផ្តល់នូវយុត្តិធម៌ សូមយកខ្លួន ទៅដាក់នូវសេចក្តីទៀងត្រង់ សូមផ្តល់ភាពនិងសិទ្ធស្មើគ្នាក្នុងការតវ៉ា សូមរក្សាទំងន់ជញ្ជីង មេត្តាកុំឲ្យក្រដាស់ ធ្ងន់ជាង សេចក្តីពិត។ បើសិនជាកូនស្រី បងស្រី ប្អូនស្រី ម្តាយដែលជាភេទនៃនារី ហើយពោលពាក្យឈឺចាប់បែបនេះ តើអ្នកមានអារម្មណ៍បែបណា? «ខ្ញុំខ្ពេីមខ្លួនឯងណាស់ម៉ាក់ គេប៉ះខ្ញុំ» , «ខ្ញុំចង់ទៅផ្ទះ», «ខ្ញុំបិទភ្នែកខ្ញុំឃេីញ»។

ចំណែកតារារ៉េបល្បីឈ្មោះ ម្ចាស់បទ «Time to Rise» លោក វណ្ណដា ក៏បានសរសេរសារអំពាវនាវដែរថា «គេស្ទាបខ្ញុំ» «ខ្ញុំខ្ពើមខ្លួនឯង» guys, this is painful. មានលុយ មានអំណាច អាចអង្គុយលើច្បាប់។ ទេ!!! ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម»។

តារាសម្តែង ចាន់ នីកា បានសរសេរសារដែរថា «គេស្ទាបខ្ញុំ, ខ្ញុំខ្ពើមខ្លួនឯង, ខ្ញុំត្រូវជាប់ឃុំ។ បើនេះរឿងជាពិត..វាឈឺចាប់ពេកហើយ ស្រ្តីមានសិទ្ធិស្មើនិងបុរស ស្រ្តីមានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅ និងការពារខ្លួន ពីការរំលោភបំពាន។ Please don’t ignore»។

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបភាពមួយសន្លឹក របស់ពិធីការិនិទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ភ្ជាប់ជាមួយប្រយោគបង្ហាញពីក្តីឈឺចាប់របស់ខ្លួនយ៉ាងដូច្នេះថា «ការងារគ្នាប៉ុណ្តឹងដែរ មុខមាត់ប៉ុណ្តឹងដែរ បើគ្នាចង់បានលុយគ្នាស្រែកធ្វើអី មនុស្សស្រីម្នាក់ជួបរឿងបែបនេះខ្ញុំយល់អារម្មណ៍នោះ។ គេចាប់ទុកអាយុគេដូចពុក នោះហើយជាអារម្មណ៍ស្អប់ខ្ពើម លើរាងកាយខ្លួនឯង»

ការបញ្ចេញមតិរបស់តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា នៅពេលនេះគឺត្រូវបានធ្វើឡើងស្របពេលតារាល្បីៗជាច្រើន ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាន ទទូចសុំឲ្យស្ថាប័នច្បាប់ ជួយរកយុត្តិធម៌ជូន ពិធីការិនីទូរទស្សន៍ My TV មាន ពេជ្រ រីតា តាមរយៈបង្កើតយុទ្ធនាការមួយមានឈ្មោះថា «Justice for Yubi , Justice for Woman» ដែលសំដៅសកម្មភាពរួមគ្នាទាមទារយុត្តិធម៌ ដល់ពិធីការិនីរូបនេះ ដែលអះអាងថា ត្រូវបានឧកញ៉ា ហេង សៀ ប៉ុនប៉ងរំលោភសេពសន្ថវៈ ក្នុងរថយន្ត។

ក្រៅពីតារាល្បីខាងលើ គឺមានសិល្បករជាច្រើនទៀត បានចេញមុខបន្តបន្ទាប់ អំពាវនាវដល់ស្ថាប័នច្បាប់ជួយរកយុត្តិធម៌ ជូនពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា ខណៈ ការអំពាវនាវទាំងនេះ ត្រូវបានធ្វើឡើង បន្ទាប់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត៕

 

 

Leave a Reply

(*) Required, Your email will not be published