ឃាត់ខ្លួនផ្កាយពីរ​ ស៊ុំ ពៅ ​ ពីបទ​រត់ពន្ធចិន​ជិត៣០នាក់ ពីភ្នំពេញទៅស្វាយរៀង

, , Leave a comment

ខេត្ត​ស្វាយរៀង សេចក្តីរាយការណ៍​ ពី​សមត្ថកិច្ចនគរបាលខេត្ត​ស្វាយរៀង ​បានអោយដឹងថា​ នៅ​យប់ថ្ងៃទី​ ២១​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ សមត្ថកិច្ច​នគរបាលខេត្ត​ស្វាយរៀង​ បានឃាត់ខ្លួន​ ឧត្ដមសេនីយ៍ទោ​ ស៊ុំ​ ពៅ​ ​មានតួនាទីជាអនុប្រធានក្រុមការងារ ស្រាវជ្រាវយុទ្ធសាស្ដ្រយោធានៃអគ្គបញ្ជាការ ក្រោយមន្ដ្រីយោធាជាន់ខ្ពស់រូបនេះត្រូវបានបង្ក្រាបពាក់ព័ន្ធការរត់ពន្ធ ជនជាតិចិនជិត៣០នាក់ ពីភ្នំពេញ ទៅស្វាយរៀង។

 យោងតាមសំឡេង របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គមបានបញ្ជាក់ថាករណីនេះនាយឧត្តមសេនីយ៍នឹងអនុវត្តតាមវិធានការច្បាប់ ដោយមិនការពារនោះឡើយ គឺអនុវត្តទៅតាមបទ បញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងបើកផ្លូវ ឲ្យសមត្ថកិច្ចខេត្តស្វាយរៀង អនុវត្តទៅតាមនីតិវិធី។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាយ៉ាងដូច្នេះថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់ មិនអីទៀតទេ ព្រោះនេះ មិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននរណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។

ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បានទទួលលិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាតឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទីផុតកំណត់ទី៣០ ខែឧសភា ឆ្នាំ២០២១។

ក្រោយបានលិខិតបេសកកម្មមួយសន្លឹកនេះ ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ បែរជាលួចរត់ពន្ធជនជាតិចិន២៨នាក់ ពីភ្នំពេញ ទៅខេត្តស្វាយរៀង ទំនងបន្ដចេញទៅក្រៅប្រទេស ប៉ុន្ដែត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាល នៅខេត្តស្វាយរៀងនោះតែម្ដង។

រហូតមកដល់រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ មន្ដ្រីយោធាផ្កាយពីរ និងជនជាតិ ចិនទាំង២៨នាក់ ស្ថិតក្រោមការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published