លោក ជួន ណារិន្ទ​ មេត្តាពិនិត្យបនល្បែងបញ្ជល់មាន់ ឈ្មោះ បារាំង និងឈ្មោះ ទោ បើកលេង​នៅភូមិអូរប្រាំ សង្កាត់លេខ៤ ក្រុងព្រះសីហនុផង

, , Leave a comment

ក្រុងព្រះសីហនុ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអូរប្រាំ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានបុគ្គល២នាក់ឈ្មោះ បារាំង និងឈ្មោះ ទោ បើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋសង្ស័យថា មានការឃុបឃិតបើកដៃពីសំណាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ លេខ៤ និងអធិការនគរបាលក្រុងព្រះសីហនុ ទើបជនឈ្មោះ បារាំង និងឈ្មោះ ទោ អាច បើកល្បែងស៊ីសងខុសច្បាប់ក្នុងភូមិអូរប្រាំ សង្កាត់លេខ៤ យ៉ាងគឃ្លើនក្នុងដំណាក់កាលនេះ។

ប្រជាពលរដ្ឋក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានអំពាវនាវឲ្យលោក ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងៅភូមិអូរប្រាំ​ សង្កាត់លេខ៤ ជាបន្ទាន់។ ដោយហេតុថា បច្ចុប្បន្នកាស៊ីណូ ក្លិបកំសាន្ត និងហាងជាច្រើនត្រូវបានបិទដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងគំហុកក្នុងក្រុងព្រះសីហនុ ប៉ុន្តែជនឈ្មោះ បារាំង និងឈ្មោះ ទោ បែរជាអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងក្នុងភូមិអូរប្រាំយ៉ាងសុខស្រួល។ ចំណែកមន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កំពុងសម្ងំទទួលផលប្រយោជន៍ពីជនឈ្មោះ បារាំង និងឈ្មោះ ទោ ដោយខ្វះការពិចារណា។

ប្រភពព័ត៌មានពីព្រជាពលរដ្ឋក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថា ដោយសារល្បែងស៊ីសងខុសច្បាប់នោះហើយទើបបច្ចុប្បន្នក្នុងសង្កាត់លេខ៤កើតមានអំពើចោរកម្ម បទល្មើសគ្រឿងញឿន និងបទល្មើសនានាគួរឲ្យភ័យខ្លាច។ហេតុនេះលោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយហើយត្រូវចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ប្រកបដោយប្រសិទ្ធភាព។ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរបស់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តព្រះសីហនុ នោះទេ៕

 

Leave a Reply

(*) Required, Your email will not be published