បទល្មើស​ព្រៃឈើនៅតែកើតឡើងយ៉ាងរាលដាលនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែអាចកាប់ឈើដឹកជញ្ជូនឈើចេញពីឃុំពូជ្រៃ ​ស្រុកពេជ្រាដា ហើយដឹកជញ្ជូនទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង យ៉ាង​រលូន​។ប្រភពបានឲ្យដឹងទៀតថាយូរៗម្តងទើបឃើញសមត្ថកិច្ចអាវុធហត្ថ​បង្ក្រាបបទ ល្មើសព្រៃឈើ១ករណី​ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ដើម្បីយកស្នាដៃបង្ហាញថ្នាក់លើប៉ុន្តែ​ឈ្មួញម្ចាស់ឈើ នៅតែគេចផុតពី សំណាញ់ច្បាប់ដដែល។ទន្ទឹមនឹងនេះ មានការរិះគន់ចំៗ ថាលោក ​​ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី​ និងលោក ហែម​ បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី គ្មានឆន្ទៈ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ប្រកបដោយប្រសិទ្ធភាពនោះទេ។

សេចក្តីរាយការណ៍ពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចអាវុធហត្ថស្រុកពេជ្រាដា បានរុក រកឃើញគំនរឈើមួយកន្លែង ដែលមានឈើ​ប្រភេទស្រឡៅ ចំនួន១​៦កំណាត់ នៅភូមិចុង ផាង ឃុំពូជ្រៃ ស្រុកព្រេជាដា ខេត្តមណ្ឌលគិរី។ ក្រោយការបង្ក្រាបឈើទាំងនោះ​ត្រូវបានប្រគល់ទៅឲ្យមន្ត្រីស្នាក់ការបរិស្ថានណាំរ៉ាម ​ដែនជម្រកសត្វព្រៃស្រែពកដើម្បីចាត់ការតាម នីតិវិធី ​ហើយអត្តសញ្ញាណឈ្មួញម្ចាស់ឈើ​ សមត្ថកិច្ចអាវុធហត្ថមិនបានបញ្ជាក់នោះទេ​។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា បានឲ្យដឹងថា មានឈ្មួញជាច្រើននាក់​នៅតែអាចកាប់ឈើដឹកជញ្ជូនឈើ​ ចេញពីមូលដ្ឋានពួកគាត់ ចូលទៅស្រុកអូររាំង ហើយចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ និងច្រករបៀងកង់ឡង់ យ៉ាងពេញបន្ទុក។ ក្នុងចំណោមឈ្មួញទាំងនោះគឺឈ្មួញឈ្មោះ ណាង និងឈ្មួញឈ្មោះ រិទ្ធ ប្រើប្រាស់រថយន្តទំនើបៗដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ឆ្លងកាត់ស្រុកអូររាំង ចេញទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងរលូននៅពេលយប់ហើយមិនឃើញសមត្ថកិច្ចអាវុធហត្ថ មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ចាត់វិធានការបង្ក្រាបនោះទេ។​​ ប្រការនេះ កំពុងធ្វើឲ្យព្រៃឈើដែលនៅសេសសល់ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ចៀសមិនផុតពីសេចក្តីវិនាស​ក្នុងពេលឆាប់ៗខាងមុខនោះឡើយ៕

 

Leave a Reply

(*) Required, Your email will not be published