ខេត្តមណ្ឌលគិរី ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានឲ្យដឹងថា ស្ទើរតែរាល់យប់ឈ្មួញដឹកជញ្ជូនឈើពីចំណុចភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ចូលទៅស្រុកអូររាំង ហើយចេញទៅវៀតណាម តាមច្រកទ្វារភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងគគ្រឹកគគ្រេង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញប្រើប្រាស់រថយន្តទំនើបៗ ដឹកជញ្ជូនឈើ ចេញពីផ្ទះដែលមានម្ចាស់ឈ្មោះ យាយរឿន ក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយពេញទៅដល់មុខសាលាឃុំរមនា ក៏បត់ចូលតាមផ្លូលលំក្រួសក្រហម វាងក្រុងសែនមនោរម្យ ឆ្ពោះទៅច្រកដាក់ដាំ យ៉ាងរលូន។
ប្រភពពីមន្ត្រី នៅច្រកដាក់ដាំបានឲ្យដឹងថា ឈ្មួញដឹកធ្វើសកម្មភាព ដឹកជញ្ជូនឈើទៅ វៀតណាម យ៉ាងពេញបន្ទុកមួយរយៈចុងក្រោយនេះគឺឈ្មួញឈ្មោះ ណា និងឈ្មួញឈ្មោះ រិទ្ធ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី។ ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដាក់ដាំ ជាអ្នកមានសិទ្ធិអំណាចខ្លាំងជាងគេក្នុងការបើកដៃឲ្យឈ្មួញឈ្មោះ ណាង និងឈ្មួញឈ្មោះ រិទ្ធ ព្រមទាំងឈ្មួញដទៃទៀតដឹកជញ្ជូនឈើទៅ វៀតណាម។ ការដែលលោក យូ សុធា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំក្នុងខណៈដែលលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី រក្សាភាពស្ងៀមស្ងាត់។
បើតាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា បើគ្មាន ការបើកដៃពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ទេនោះគឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ មិនហ៊ានបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុកនោះទេ។ ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅវៀតណាមតាមច្រកដាក់ដាក់ដាំ ជាបន្ទាន់។ ដោយហេតុថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ ណា ឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញដទៃទៀតដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រកដាក់ដាំ យ៉ាងគំហុកហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ៕



