ខេត្តបន្ទាយមានជ័យ ៖ ប្រភពព័ត៌មានពីមន្ត្រីក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ និងអំពើអាក្រក់ គួរឲ្យស្អប់ខ្ពើមនោះ ត្រូវបានដកហូតតំណែង បណ្ណោះអាសន្ន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកចូលជំនួសតំណែងលោក ឈួន សោភា ត្រូវបានគេដឹងថា ជាលោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ដែលល្បីល្បាញខាង ពុករលួយមិនចាញ់លោក ឈួន សោភា នោះទេ។ ហេតុនេះហើយទើបមជ្ឈដ្នាននានាតាម ដានដោយយកចិត្តទុកដាក់ព្រោះលោក យឹម ផល្លី ដែលត្រូវចូលជំនួសតំណែងលោក ឈួន សោភា គឺជាមន្ត្រីគយ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ ពេញបន្ទុកជាយូរឆ្នាំមកហើយ។
ថ្មីៗនេះក្រុមឈ្មួញនិងអាជីវករ ដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលាតត្រដាង ជាបន្តបន្ទាប់ នូវអំពើពុករលួយពេញទំហឹងរបស់ក្រុមគយចល័តក្រសួង ប្រចាំស្នាក់ការ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្រុមមន្ត្រីគយចល័តក្រសួងប្រចាំស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានគេដឹងថា ស្ថិតក្រោមការគ្រប់គ្រងរបស់លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ដែលល្បីល្បាញខាងពុករលួយ។ ហេតុនេះនៅពេលលោក យឹម ផល្លី ក្លាយទៅជាប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថា មេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា គឺលោក យឹម ផល្លី អាចសាងភាពល្បីល្បាញខាងពុករលួយមិនចាញ់លោក ឈួន សោភា នោះទេ។
ការដកបញ្ឈរជើងលោក ឈួន សោភា បានកើតឡើងក្រោយពេលមន្ត្រីគយល្បីល្បាញខាង ពុករលួយរូបនេះ ជាប់ពាក់ព័ន្ធ ទៅនឹងការធ្វើអត្តឃាត របស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។ ទង្វើដ៏អាក្រក់របស់លោក ឈួន សោភា ត្រូវបានមជ្ឈដ្ឋាននានារិះគន់ និងថ្កោលទោសយ៉ាងខ្លាំងក្លាហើយក៏មានសេចក្តីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវ ពុករលួយរបស់លោក ឈួន សោភា ដើម្បីចាត់ការតាមច្បាប់ផងដែរ។
ដូច្នេះប្រសិនបើមាន ការស៊ើបអង្កេតនិងស្រាវជ្រាវឲ្យបានស៊ីជម្រៅ ទៅលើរឿងអាស្រូវពុករលួយរបស់លោក ឈួន សោភា នោះគឺលោក ឈួន សោភា អាចប្រឈមនឹងវិធានការផ្លូវច្បាប់ក៏ដូចជាមានការរឹបអូសទ្រព្យសម្បត្តិដ៏មហាសាលនោះផងដែរ៕




