ភ្នំពេញ-ព្រៃវែង ៖ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកវរសេនីយ៍ ហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញ ដែលបានប្រើហិង្សាលើស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុង បុណ្យចូលឆ្នាំចិន ហេីយប្ដឹងជនរងគ្រោះទៀតនោះ ពេលនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហេីយ
លោក ហាក់ លី ហៅ ពៅ នាយរងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ មន្រ្តីនគរបាលរូបនេះបានប្រើហិង្សានិងគំរាមបាញ់ស្រ្តីម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុង បុណ្យចូលឆ្នាំចិន។
លោកវរសេនីយ៍ត្រី ហាក់ លី ត្រូវបានស្រ្តីម្នាក់ប្តឹង ដោយសារលោកបានប្រើហិង្សា និងគំរាមបាញ់ជនរងគ្រោះនៅក្នុងហាងផឹកស៊ី«ជំនោរមករា»ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២១ ដោយសារខឹងស្រ្តីរងគ្រោះទាំង នោះមិនព្រមទៅដេកជាមួយខ្លួន។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន ថា «លោកវរសេនីយ៍ទោ ហាក់ លី ដែលបានបង្កអំពើហិង្សានៅខេត្តព្រៃវែង លើស្រ្តីម្នាក់ ត្រូវបានឃាត់ខ្លួនបានហើយ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង»។ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ នឹងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការ សម្រេចរបស់ព្រះអាជ្ញខេត្តព្រៃវែងជាមុនសិន »៕


