សម្តេចក្រឡាហោម ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិនគរបាលដែលដុះក្បាលពោះធំៗ

, , Leave a comment

រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាស ពីការរៀបចំត្រៀម ទម្លាក់ស័ក្តិ មន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។

ការប្រកាសរបស់សម្តេចក្រឡាហោមបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន៥០គ្រឿងជូនស្នងការដ្ឋាន នគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។

បើតាម សម្តេចក្រឡាហោម ស ខេង ការត្រៀមទម្លាក់ស័ក្តិ មន្ត្រីនគរបាលដែលដុះក្បាលពោះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ សម្តេចបានលើកឡើងថា ការធ្វើកំណែទម្រង់ មិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។

«មានអ្នកព័ត៌មានសួរខ្ញុំថា តើកំណែទម្រង់ពេលណាទើបចប់? ការធ្វើកំណែទម្រង់ត្រូវធ្វើរហូតហ្នឹង។ បើមន្ត្រីនគរបាលដុះក្បាលពោះបែបហ្នឹង ទៅចាប់ជនល្មើសឯណាបាន?» នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ដែលបានថ្លែងនៅចំពោះមុខរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។

សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈ ការបង្កើតជាច្បាប់តែម្តង។ ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានបង្គាប់ឲ្យមន្ត្រីនគរបាលជាតិ២រូប ដែលមានដុះក្បាលពោះ ឡើងមកធ្វើការវិកាយដេកផ្កាប់មុខ ដោយប្រើកែងដៃទាំងពីរជាទម្រ ឲ្យបានរយៈពេល ២នាទីផងដែរ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសធ្វើកំណែទម្រង់លែងឲ្យមានមន្ត្រីនគរបាល ដែលមិនចេះអក្សរ នៅក្នុងក្របខណ្ឌបន្តទៀតហើយ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក សម្តេចក្រឡាហោម បានឲ្យដឹងថា កាលសម័យសង្គ្រាម ការជ្រើសរើសមន្ត្រីនគរបាលគ្រប់ប្រភេទ ឲ្យតែកាន់កាំភ្លើងកើត ប៉ុន្តែនៅសម័យសន្តិភាពនេះ ចំពោះមន្ត្រីនគរបាល ដែលចូលបម្រើការងារថ្មីត្រូវចេះអក្សរ និងត្រូវធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកនគរបាល ទើបអនុញ្ញាតឲ្យចូលបម្រើការងារលើវិស័យនេះ៕

 

Leave a Reply

(*) Required, Your email will not be published