ឈ្មួញឈើឈ្មោះ តាវី ជនជាតិ វៀតណាម​ ចូលមកប្រមូលទិញ ឈើ ដឹកចេញពីស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី យ៉ាង​រលូន

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រុម​ឈ្មួញ​ឈើ​ បាន​សំរុក​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ដែន​ជម្រក​ ការពារ​សត្វព្រៃ​កែវ​សីមា​រាប់​សិប​គ្រឿង ក្នុង​មួយ​យប់​ៗ​យក​ទៅ​លក់​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម ខណៈ​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​បទបញ្ជា​យ៉ាង​ដាច់ខាត​ឱ្យ​បិទ​គ្រប់​ច្រករបៀងនិង​ច្រកព្រំដែន​សំខាន់​ៗដើម្បី​បង្កើន ​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ covid 19 ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​បន្តថា ក្រុម​រថយន្ត​កែ​ច្នៃ និង​រថយន្ត​សាំ​យ៉ុ​ង និង​ម៉ូតូ​កែ​ច្នៃ រាប់សិបគ្រឿង បាន​ធ្វើ​សកម្ម​ភាព​ ដឹកឈើ​គ្រប់​ប្រភេទ​ ចេញពី​ស្រុក​អូរ​រាំង និង​ស្រុក​កែវ​សីមា ដែល​ស្ថិត​នៅ​ក្នុង ​ដែន​ជម្រក​ការពារ ​សត្វព្រៃ​កែវ​សីមា យក​ទៅ​លក់​ឱ្យ​ថៅកែ​ដ៏​ធំ​ម្នាក់​នៅ​ព្រំប្រទល់​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ដែល​ត្រូវ​គេ​ស្គាល់ឈ្មោះ​ថា តា​វី ជា​ឈ្មួញ​ ថ្លើមពាសមេឃ ចូលមកប្រមូលទិញឈើ​ នៅក្នុងស្រុកកែវសីមា ​ហើយដឹកជញ្ជូនចេញទៅប្រទេសវៀតណាម យ៉ាងរលូន។

ប្រភពបានឲ្យដឹងទៀតថា លោក ហែម បូណារ៉ែល​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក​ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ដូច្នេះហើយទើបប្រជា​ពលរដ្ឋក្នុងស្រុកកែវសីមា​អំពាវនា​វឲ្យថ្នាក់ដឹកនាំ​គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធាធម្មជាតិ ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ជាបន្ទាន់។

បើតាមប្រភពព័ត៌មានពីប្រជា​ពលរដ្ឋក្នុងស្រុកកែវសីមា បានឲ្យដឹងថាមួយរយៈកន្លងទៅ នេះឈ្មួញយួនឈ្មោះ តាវី ចូលមកប្រមូលទិញឈើក្នុងស្រុកកែវសីមា ហើយដឹកជញ្ជូន​ចូលទៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និង​ដឹកចេញទៅវៀតណាម តាមច្រកង៉ាំ០៧ យ៉ាងសុខស្រួល​។ ប្រភពបានឲ្យដឹងទៀតថា លោក ​ទូច សីហា​ ​មេប៉ុស្តិ៍ស្តីទីច្រកង៉ាំ០៧ ​ជាអ្នកបើកដៃឲ្យឈ្មួញយួនឈ្មោះ តាវី ​និងបក្ខពួកចូលមកប្រមូលទិញឈើក្នុងស្រុកកែវសីមា ហើយដឹកចេញទៅស្រុកយួននៅពេលយប់តាមច្រកង៉ាំ០៧តែម្តង។ប្រភពខ្លះបានឲ្យដឹងថា ឈ្មួញយួនឈ្មោះតាវី និងបក្ខពួកបង់លុយ តាមការកំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ច ពាក់ព័ន្ធក្នុងស្រុកកែវសីមា ​ខេត្តមណ្ឌលគិរី និងស្រុកស្នួលខេត្តក្រចេះទើបចៀសផុតពីការ បង្ក្រាប។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំក្រញូងសែនជ័យ បានឲ្យដឹងថា មានឈ្មួញខ្មែរដឹកជញ្ជូនឈើតាមរថយន្ត​កាមរីកាត់គូថ និងរថយន្តសាំយ៉ុងទៅទម្លាក់នៅចម្ការកៅស៊ូ ហើយឈ្មួញយួនឈ្មោះតាវីប្រមូលទិញដឹកជញ្ជូនទៅស្រុកយួនតាមច្រកង៉ាំ០៧​ យ៉ាងអនាធិបតេ្យនៅពេលយប់។ ទន្ទឹមនឹងនេះនៅច្រកទ្វេភាគីឡាប៉ាខេ ស្រុកកែវសីមា ក៏មានឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដែរព្រោះមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌ​លគិរី​មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ នោះទេ។ ជាក់ស្តែងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា​ ស្នងការនគរបាល​ខេត្តមណ្ឌលគិរី រក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈ ដែលបទល្មើសដឹកជញ្ជូនឈើ ចេញពីស្រុកកែវសីមា​​ មានការកើនឡើងយ៉ាងគំហុក៕

 

Leave a Reply

(*) Required, Your email will not be published