ទីតាំងសង្វៀនជល់មាន់ ម្ចាស់សង្វៀនឈ្មោះ ពិន តន បើកលេងយ៉ាងកក្រើក ក្រុងបានលុង ខេត្តរតនគិរី គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តរតនគិរី ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នមានបុគ្គលម្នាក់ឈ្មោះ ពិន តន បើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោង បៀ យូគី ដ៏ធំនៅចំណុចភ្នំយោល​ ក្រុងបានលុង ហើយមិនឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបឡើយ។ប្រជាពលរដ្ឋសង្ស័យថា ​មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទទួលបានផលប្រយោជន៍ ពីបុគ្គលឈ្មោះ ពិន តន មេល្បែងស៊ីសងខុសច្បាប់ទើបបណ្តោយឲ្យបុគ្គលនេះធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនយ៉ាងគឃ្លើន។ សូម្បីតែលោក យិន ចំណាន​ ស្នងការនគរបាលខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលបុគ្គលឈ្មោះ ពិន តន បើកលេងយ៉ាងពេញបន្ទុកនោះដែរ។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ មានអ្នកទៅលេងល្បែងបញ្ជល់មាន់បៀអាប៉ោង និងយូគីនៅលើខ្នងភ្នំយោលយ៉ាងពពាក់ពពូន មិនខ្លាចឆ្លងជំងឺ កូវីដ-១៩នោះទេ ហើយអ្នកខ្លះចាញ់អស់លុយកាក់ ទ្រព្យសម្បត្តិជាបន្តបន្ទាប់។ ប្រជាពលរដ្ឋបានលើកឡើងថា សមត្ថកិច្ចនគរបាលថ្នាក់សង្កាត់ ក៏ដូចជាអធិការនគរបាលក្រុងបានលុង និងអភិបាលក្រុងបានលុង សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យបុគ្គលឈ្មោះ ពិន តន បើកល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្ត។ ប្រជាពលរដ្ឋបានកត់ សម្គាល់ ថា ដោយសារល្បែងស៊ីសងខុសច្បាប់ កើតឡើងយ៉ាងពេញបន្ទុក នោះហើយទើបបច្ចុប្បន្នក្នុងក្រុងបានលុង កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗយ៉ាងគួរឲ្យភ័យខ្លាច ហើយ ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។

មានការរិះគន់ចំៗថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី គ្មានឆន្ទៈក្នុងការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ដើម្បីពង្រឹងសន្តិសុខសង្គម ឲ្យស្របទៅតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្តិភាព នោះទេ។ ហេតុនេះហើយទើបបុគ្គលឈ្មោះ ពិន តន អាចបើកល្បែងបញ្ជល់មាន់ បៀ អាប៉ោង និងយូគី នៅចំណុចភ្នំយោល យ៉ាងគឃ្លើនដោយគ្មានញញើតអ្វីទាំងអស់ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ បញ្ហានេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងភាពអសកម្មរ​បស់អភិបាលខេត្តរតនគិរី និងស្នងការនគរបាលខេត្តរតនគិរី នោះឡើយ៕

 

 

Leave a Reply

(*) Required, Your email will not be published