ចាប់ខ្លួនមន្ដ្រីយោធាផ្កាយ១ ទំនើងក្រោយយកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្តាលឲ្យបែកហូរឈាមសន្លប់ នៅស្រុកអង្គស្នួល

, , Leave a comment

ខេត្តកណ្ដាល ៖ មន្ដ្រីយោធាពាក់ផ្កាយមួយ និងជាម្ចាស់ មន្ទីរសម្រាកព្យបាល និងសម្ភព សុខ ម៉េង នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលដកកាំភ្លើងវាយក្បាលសន្ដិសុខ បណ្ដាលឲ្យដួលសន្លប់ ត្រូវបានសមត្ថកិច្ចបង្ហាញហើយ មានឈ្មោះ ហេង គាហុង ជាមន្រ្តីយោធានៅអយ្យការអមតុលាការយោធា ចំណុះក្រសួងការពារជាតិ។ ជនដៃដល់ត្រូវបាន កម្លាំងនគរ បាលស្រុកអង្គស្នួល ចាប់ខ្លួនភ្លាមៗ ក្រោយបង្កអំពើហិង្សានេះ ដែលនាំឲ្យមហាជន ថ្កោលទោស និងអំពាវនាវឲ្យសមត្ថកិច្ច និងតុលាការចាត់វិធានការតាមច្បាប់។


តាមដំណើររឿង នៅមុនពេលកើតហេតុថ្ងៃទី២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៦ល្ងាច ជនរងគ្រោះ ឈ្មោះ ច្រឹក ស៊ីណា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។បានទៅយាមជំនួសគេ មួយយប់នៅគ្លីនិច សុខ ម៉េង។នៅពេលយាមម៉ោងប្រហែល៥ទាបភ្លឺក៏មានមនុស្សប្រុសម្នាក់មកសួរជនរងគ្រោះថា ពូសន្តិសុខយាមនៅនឹងរាល់ថ្ងៃ ទៅណាហើយ ជនរងគ្រោះឆ្លើយថា គាត់សម្រាក មួយថ្ងៃហើយ ដោយខ្ញុំយាមជំនួសវិញ ពេលនោះមនុស្សប្រុសម្នាក់នោះ បានខ្ចីលុយ ពីជនរងគ្រោះចំនួន ៣០០០រៀល ជនរងគ្រោះ ក៏ឲ្យលុយខ្ចីចំនួន ៣០០០រៀល ហើយមនុស្សប្រុសនោះក៏ដើរចេញទៅវិញ ដោយឃើញមានពាក់ស្បែកជើង ចេញទៅដែរ។ លុះដល់ម៉ោង០៦ព្រឹក ទើបជនរងគ្រោះចេញទៅផ្ទះវិញទៅ។

ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹក ជនសង្ស័យ ឈ្មោះ ហេង គាហុង អាយុ ៤១ឆ្នាំ ក្រៅពីម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព សុខ ម៉េង ក៏មានតួនាទី ជាយោធានៅស្ថាប័នអយ្យការ អមតុលាការយោធាផងដែរ។បានបាត់ស្បែកជើង ស៊កស្បែកចំនួន១ គូ ដែលដោះទុកនៅមាត់ទ្វារ ចូលគ្លីនិចរបស់ខ្លួនធ្វើការដោយជនសង្ស័យគិតថា បងប្អូនអ្នកជម្ងឺយកពាក់សិនទើបមិនរក។ រហូតដល់ម៉ោង ៨យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មិនឃើញស្បែកជើងទៀតក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញបុរសម្នាក់បានឈរនិយាយ ជាមួយជនរងគ្រោះនិងហុចលុយឲ្យជនរងគ្រោះ ហើយបុរសនោះបានពាក់យក ស្បែកជើង របស់ជនសង្ស័យដើរចេញទៅ។បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាពហើយ ជនសង្ស័យបានទាក់ ទងទៅខាងក្រុមហ៊ុនសន្តិសុខ ដើម្បីហៅជនរងគ្រោះមកជជែកគ្នាឲ្យដឹងសាច់រឿង។ រហូតដល់ថ្ងៃទី៤ខែឆ្នាំដដែលវេលាម៉ោង១០ព្រឹកជនសង្ស័យបានណាត់ជាមួយក្រុមហ៊ុនសន្តិសុខឲ្យនាំជនរងគ្រោះមកជជែកគ្នានៅក្នុងគ្លីនិច តែមិនឃើញមកសោះ ទើបជនសង្ស័យខឹងក៏ជិះឡានទៅផ្ទះនៅម្ដុំផ្សារជម្ពូវ័ន រាជធានីភ្នំពេញវិញទៅ។រហូតដល់ម៉ោង ១២រសៀលទើបក្រុមហ៊ុនសន្តិសុខទៅដល់គ្លីនិច មិនឃើញជនសង្ស័យ ក៏តេទូរស័ព្ទ ហៅជនសង្ស័យ មកជជែកគ្នាវិញ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យទៅដល់គ្លីនិចវិញ ក៏ឃើញជនរងគ្រោះ ឈរនៅមុខ ហើយក៏យកកាំភ្លើងខ្លី ពីចង្កេះខោមក វាយទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងឆ្វេង បណ្តាលឱ្យដួល ហើយជនសង្ស័យក៏ដើរចូលក្នុងគ្លីនិចបាត់ទៅ។

ជនរងគ្រោះត្រូវបានបុគ្គលិកពេទ្យ យកទៅលាងរបួស នឹងដេរចំនួនបីថ្នេរ ហើយជនរងគ្រោះបានទូរស័ព្ទរាយការណ៍ឲ្យសមត្ថកិច្ច ទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងទៅវាយជនរងគ្រោះពិតមែន ដោយសារខឹងជួល ឲ្យមកយាមបែរជាត្រូវគ្នាជាមួយចោរទៅវិញ។ វត្ថុតាង ដែលសមត្ថកិច្ចចាប់យក អាវុធខ្លីមួយដើមម៉ាកCF98 លេខ006009 មានបង់ចំនួនមួយ និងគ្រាប់ចំនួនមួយ។

យ៉ាងណាមិញ ជុំវិញករណីអំពើហិង្សា ដែលបង្កដោយមន្ដ្រីយោធាពាក់ផ្កាយ១ នេះ ត្រូវបានមហាជន ពិសេសអ្នកប្រើប្រាស់ បណ្ដាញសង្គម មានការហួសចិត្ត និងសម្ដែងនូវការខឹងសម្បារយ៉ាងខ្លាំង ដោយពួកគាត់ទទូចឲ្យស្ថាប័នមានសមត្ថកិច្ច មេត្ដាផ្ដន្ទាទោសតាមផ្លូវច្បាប់ចំពោះជនបង្កឲ្យបានម៉ឹងម៉ាត់ ព្រោះករណីនេះមិនគួរឲ្យកើតមានទាល់តែសោះនៅក្នុងសង្គម៕

 

 

Leave a Reply

(*) Required, Your email will not be published