រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុងឯកសណ្ឋានឈុតខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន វាយខ្នោះ ក្រោយពីបានប្រព្រឹត្តអំពើហិង្សាយ៉ាងសាហាវ ទៅលើយុវជនម្នាក់ ដែលចោទថា ជាចោរចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះ ប្រជាពលរដ្ឋ ដោយគ្មានភស្តុតាងជាក់ស្តែង។
ជនរងគ្រោះឈ្មោះ មិញ ស៊ូ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរនៅផ្ទះ។ ចំណែកជនដៃដល់មានឈ្មោះ ជា សុផាត ហៅ វីត ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរមេការផ្ទះជួល។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដើមហេតុដំបូង គឺយុវជនរងគ្រោះឈ្មោះ មុិញ ស៊ូ អាយុ ២១ ឆ្នាំ បានដើរចូលផ្ទះ ប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាត ប៉ុន្តែ ពុំបានធ្វើ សកម្មភាពលួចយកទ្រព្យសម្បត្តិអ្វីទេ។ តែយ៉ាងណា ដោយសារប្រជាពលរដ្ឋជិតខាង បានស្រែកផ្អើលឆោឡោ ចោទថា យុវជនរូបនេះជាចោរ ក៏ស្រាប់តែលេចមុខជនដៃដល់ឈ្មោះ ជា សុផាត ហៅវីត (ត្រូវឃាត់ខ្លួន និងគ្មានផ្ទុកសារធាតុញៀន) បានស្ទុះមកព្រួតវាយទាត់ធាក់ទៅលើយុវជនរូបនោះយ៉ាងសាហាវតែម្តង។ ហើយបន្ទាប់មក គេក៏បានឃើញបុរសម្នាក់ទៀត បានលេចមុខមកចូលរួមប្រើអំពើហិង្សានេះផងដែរ។
ជាមួយគ្នានេះផងដែរ មហាជនភាគច្រើន ក៏ពុំបានគាំទ្រចំពោះការប្រើ អំពើហិង្សាបែបនេះឡើយ ដោយក្នុងនោះគេក៏បានលើកឡើងទុកជាមេរៀនថា៖ «សមហេីយ អ្នកក្លាហាន ឈុតខ្មៅ ឲ្យតែឮថាចោរលួចមិនបានហ្មងហេ ដឹងតែវាយទាត់ធាក់មិនដឹងថា លួចស្អីធ្វើ សកម្មភាពយ៉ាងម៉េចផងដឹងតែវាយគេ។ យើងមិនមែនសមត្ថកិច្ចក្នុងការចាប់ឃាត់ចោរទេកុំរពិសដៃជើងពេក។ យើងមានសិទ្ធិឃាត់ទុកឲ្យសមត្ថកិច្ចយកទៅដាក់ទោសបាន តែមិនត្រូវវាយគេទេ»៕


