ស្រុកត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹង ថា នៅក្នុងមូលដ្ឋានពួកគាត់ មានបុគ្គលម្នាក់ឈ្មោះ ហាន បើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងជាច្រើនទីតាំងហើយសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានមិនចាត់វិធាន ការបង្ក្រាបឡើយ។ប្រភពបានឲ្យដឹងទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់ទី១ នៅខាងកើត ស្ពានគីហ្សូណា, ទីតាំងទី២ នៅក្នុងព្រៃប្ញស្សី ម្តុំឡឥដ្ឋ, ទីតាំងទី៣ នៅចំណុចអង់តែនក្បែរស្ពានកោងក។ ការដែលបុគ្គលឈ្មោះ ហាន អាចល្បែស៊ីសងខុសច្បាប់ តាមអំពើចិត្តត្រូវប្រជាពលរដ្ឋសង្ស័យថា មានការបើកដៃ ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។
ប្រភពខ្លះបានឲ្យដឹងថា ទំនងបុគ្គលឈ្មោះ ហាន មានខ្នងបង្អែករឹងមាំ ទើបអាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងជាច្រើនកន្លែងក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃ្មុំ យ៉ាងរំភើយ ហើយមានអ្នកចូលលេងល្បែងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ។ ចំណែកលោកបែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំមិនទាន់ចាត់វិធានការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់នៅក្នុងឃុំទន្លេបិទនោះទេ។ ហេតុនេះហើយទើប ប្រជាពលរដ្ឋអំពាវនាវ ឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើភាពអសកម្មរបស់លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជាបន្ទាន់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ដោយសារបុគ្គលឈ្មោះ ហាន អាចបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយ៉ាងពេញបន្ទុកនោះហើយទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ គួរឲ្យភ័យខ្លាច។ជាងនេះទៅទៀតក្នុងមួយថ្ងៃៗមានអ្នកប្រជុំគ្នាលេងល្បែងបញ្ជល់មាន់និងអាប៉ោង យ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងរាលដាលជំងឺកូវីដ-១៩ បន្តិចណាឡើយ ហើយអ្នកខ្លះចាញ់ល្បែងអស់លុយកាក់ទ្រព្យសម្បត្តិជាបន្តបន្ទាប់។ ប្រភពខ្លះបានឲ្យដឹងថា ដោយសារមានមន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ទទួលប្រយោជន៍ ពីបុគ្គលឈ្មោះ ហាន ទើបជនម្នាក់នេះអាចបើកល្បែងស៊ីសងខុសច្បាប់ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួល៕


