ខេត្តត្បូងឃ្មុំ ៖ ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ថ្នល់ទទឹង នៅតែធ្វើអ្វីៗតាមអំពើចិត្ត។ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគេដឹងជញ្ជូនទំនិញនិងកសិផល ផ្ទុក មិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ សុភាព មិនអាចតវ៉ាបានឡើយ។ ចំណែកលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ត្រូវបានគេដឹងថា ជាអ្នកបើកដៃឲ្យលោក គង់ សុភាព ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនហើយមានការបែងចែកផលប្រយោជន៍យ៉ាងសុខ ស្រួល។
គួររំលឹកដែរថា កន្លងមកក្រុមឈ្មួញនិងអាជីវករម្ចាស់រថយន្តដឹកទំនិញ ដឹកកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្លាប់បានបិទផ្លូវតវ៉ា ប្រឆាំងទៅនឹងអំពើពុករលួយរបស់លោក គង់ សុភាព ជាសាធារណៈ។ ប៉ុន្តែទាំងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្ត ទូទាំងប្រទេស មិនចាត់វិធានការ ទៅលើលោក គង់ សុភាព នោះទេ។ ប្រការនេះហើយទើបបច្ចុប្បន្នលោក គង់ សុភាព នៅតែធ្វើអ្វីៗតាមអំពើចិត្តព្រោះអាងមានលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្បូង ឃ្មុំ ជាបង្អែកដ៏រឹងមាំ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក គី ដាណារិទ្ធ ទេនោះ គឺលោក គង់ សុភាព មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស គួរចាត់វិធានការទប់ស្កាត់ទង្វើ មិនប្រក្រតីរបស់លោក គង់ សុភាព ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ តថ្នល់ទទឹង ខ្លះផង។ ដោយហេតុថា តាមប្រភពពីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅតែលាតត្រដាងអំពើពុករលួយរបស់លោក គង់ សុភាព ជាបន្តបន្ទាប់៕




