តុលាការ​ឃុំខ្លួន​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ពាក់ព័ន្ធ​ការយក​កាំបិត​ចាក់​បំពង់ក លើ​ព្រះរាជអាជ្ញារង​

, , Leave a comment

​ សៀមរាប ​៖​ លោក នូ វាសនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានសម្រេច​ចោទ លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ ពីបទ ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា​២៧​និង​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​សម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​យក​កាំបិត​ចាក់​បំពង់ក ប៉ុនប៉ង​ឃាតកម្ម លើ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ។

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានសម្រេច​ផ្ទេរ​សមត្ថកិច្ច​សំណុំរឿង​ប៉ុនប៉ង​ឃាតកម្ម​នេះ ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ទៅ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប វិញ ដើម្បី​ធានា​ប្រយោជន៍​សាធារណៈ និង ដំណើរ​ការល្អ​នៃ​យុត្តិធម៌​តុលាការ និង ដោយ​អនុវត្តតាម​មាត្រា​១៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ។

គួររំលឹកថា នៅ​យប់កើតហេតុ នៅ​ភោជនីយដ្ឋាន​ជ្រោះ​ពេ​ជ​ចិន្តា បន្ទប់ «​កែប​» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ , ឈ្មោះ លី យ៉ា​ស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុង​ហូបចុក​អាហារ​សាមគ្គី​ជុំគ្នា ។​

​ពេលនោះ​លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ក៏​បាននិងកំពុង​ហូបចុក​នៅ​បន្ទប់​ជាប់​គ្នា​ផ្នែក​ខាងកើត​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុន​ធូ បាន​ដើរមក​បន្ទប់ «​កែប​» ហើយក៏​រុញ​ទ្វារ​ចូល តែ​ដោយ​ឃើញ​លោក សាយ វាសនា មាន​វត្តមាន​ក្នុង​បន្ទប់​នោះ លោក ម៉ៅ ប៊ុន​ធូ បានធ្វើ​សកម្មភាព​ទាញ​រុញៗ​ទ្វារ​លិ​ប​លៗ ។​

​មួយសន្ទុះ ប្រហែល​៣​នាទី​ក្រោយមក ទើប​លោក ម៉ៅ ប៊ុន​ធូ ចូលក្នុង​បន្ទប់ «​កែប​» នេះ ហើយ​ដើរទៅ​ខ្សឹបប្រាប់​លោក ហង្ស ថុល និង លោក ឃុន ប៊ុន​ហូ ថា អោយទៅ​ជល់​កែវ​ជាមួយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ដែល​បាននិងកំពុង​ហូបចុក​នៅ​បន្ទប់​ខាងកើត​ជាប់​គ្នា​នោះ ។​

​ក្រោយមក​នៅវេលា​ម៉ោង​ប្រមាណ​២១៖១៣​នាទី លោក ម៉ៅ ប៊ុន​ធូ បាន​ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច ដែក​ពណ៌​ស ប្រវែង​ប្រហែល​៤​តឹក លាក់ទុក​ក្នុង​ដៃ បាន​ដើរចូល​ក្នុង​បន្ទប់ «​កែប​» នោះ ហើយ លោក ម៉ៅ ប៊ុន​ធូ បាន​ហុចដៃ​ឆ្វេង សុំ​លោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បាន​យកដៃ​ស្តាំ​របស់ខ្លួន​ចាប់ដៃ​ជាមួយ​លោក ម៉ៅ ប៊ុន​ធូ ដោយ​ចាប់ដៃគ្នា​យ៉ាង​ណែន​ល្អ ។​

​បន្ទាប់មក លោក ម៉ៅ ប៊ុន​ធូ បាន​ដើរ​រស​សៀរ មក​កៀក​នឹង​លោក សាយ វាសនា ហើយ​ទាញ​កាំបិត​ចាក់​បំពង់​.​ក លោក សាយ​វាសនា ពេលនោះ​លោក សាយ វាសនា បាន​ចាប់​ជ្រោង​ដៃ​ជនល្មើស ហើយ​និយាយថា ម៉េច​ធ្វើ​អ៊ីចឹង ម៉េច​យក​កាំបិត​មកចាក់​សម្លាប់​ខ្ញុំ ។​

​ពេលនោះ​ជនល្មើស បាន​និយាយថា ចាក់​សម្លាប់​ព្រះរាជអាជ្ញារង​យក​ឈាម​លាយ​ស្រា​ផឹក ។ ក្នុង​សភាព​ពេលនោះ លោក ហង្ស ថុល ស្រែក​អោយ​ជនល្មើស​ទម្លាក់​កាំបិត​ចោល​តែ​ជនល្មើស​មិន​ព្រម​ទម្លាក់​កាំបិត ហើយ​នៅតែ​ប្រឹង​យក​កាំបិត​បុក​សំដៅ​បំពង់ក​ជនរងគ្រោះ ។​

​ពេលនោះ ក៏មាន​សម្លេង​ឆោឡោ​ខ្លាំង ទើប​មាន​មនុស្ស​ចំនួន​៥​ទៅ​៦​នាក់ បាន​ចូលមក​ចាប់​ដណ្តើម​កាំបិត​ពី​ជនល្មើស ហើយ​ក៏មាន​មនុស្សម្នា​ជាច្រើន​ផ្អើល​ឈុ​ល​ចេញមក​មើល ដោយ​ក្នុងនោះ មាន​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ , លោក ប៉ែន​វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម និង លោក ទូច សុខា អភិបាលស្រុក​សន្ទុក ជាដើម​ផង​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​អោយដឹងទៀតថា សាក្សី​នៅក្នុង​ហេតុការណ៍​ផ្ទាល់ ពេល​ជនល្មើស​ធ្វើ​សកម្មភាព​ចាក់​បំពង់ក​ជនរងគ្រោះ គឺ មាន​លោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ា​ស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិក​លើក​ម្ហូប​ស្រា​ស្រីៗ ចំនួន​៣​នាក់​ទៀត នៅក្នុង​បន្ទប់ «​កែប​»​។​

​ជនល្មើស​បន្ទាប់ពី​ធ្វើ​សកម្មភាព​មិនបាន​សម្រេច គេ​ធ្វើ​អាកប្បកិរិយា​ស្រវឹង ធ្វើ​ដូច​មិនដឹង​រឿង​អី​អ៊ីចឹង ។ ជនល្មើស​នេះ បាន​ចងគំនុំ​នឹង​លោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួល​បន្ទុក ក្នុង​សំណុំរឿង​ដែល​ជនល្មើស​បាន​ដឹកនាំ​កម្លាំង​គ្មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា ចុះទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុ​ត ថា​ន ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដោយ​ទាំង​ខ្លួន​មិនមាន​សម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដោយពេល​នោះ ជនល្មើស​ស្នើសុំ​អោយ​លោក សាយ វាសនា កុំ​ចាត់ការ តែ​លោក សាយ វាសនា បាន​អនុវត្ត​នីតិវិធី​ច្បាប់ ដោយហេតុថា ឈ្មោះ ជុ​ត ថា​ន មិន​ព្រម​ចរចា ហើយ​ជនល្មើស​គុំ​គួ​ន​តាំងពី​ពេលនោះ​មករ​ហូត ។​

​ដោយឡែក​បញ្ហា​នេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ក៏បាន​ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បញ្ជា​អោយកម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនល្មើស​ក្នុង​បទល្មើស​ជាក់ស្តែង មក​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​បន្ត តាម​នីតិវិធី ៕

 

 

Leave a Reply

(*) Required, Your email will not be published