ជម្លោះដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន បណ្តាលអោយស្លាប់​ម្នាក់ របួស​ម្នាក់ នៅស្រុក​ឈូក

, , Leave a comment

ខេត្ដ​កំពត ៖ សន្ដិសុខ​ម្នាក់​ស្លាប់​នៅ​កន្លែង​ម្នាក់​រងរបួស​ធ្ងន់ ក្នុង​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន នៅ​ឃុំ​ត្រពាំង​ផ្លាំ​ង ស្រុក​ឈូក ខេត្ដ​កំពត នៅវេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ឲ្យ​កាសែត​ដឹងថា មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នៅ​ទីតាំង​ដាំ​ដើម​អាកាស្យា របស់​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ។​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​កាំភ្លើង​ស្នប់ បាញ់​បណ្ដាល​ឲ្យ​សន្ដិសុខ​ក្រុមហ៊ុន​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​។ លោក​បាន​បញ្ជា​កម្លាំង​នគរបាល ចេញ​អន្ដរាគមន៍​ភ្លាមៗ ហើយ​រហូតមក​ដល់ពេលនេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ ដើម្បី​តាមរក​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​និង​ដកហូត​បាន​អាវុធ​ច្នៃ​២​ដើម នៅ​កន្លែងកើតហេតុ តែ​មនុស្ស​រត់គេចខ្លួន​បាត់អស់​។​

ជនរងគ្រោះ ទី​១ ឈ្មោះ នួន ភ័​ក្ត្រា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង រងរបួស​ត្រង់​ក្រោម​ក្លៀក ស្លាប់​នៅ​កន្លែងកើតហេតុ និង​ទី​២ ឈ្មោះ ផន ដា អាយុ​៣១​ឆ្នាំ មានស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ របួសធ្ងន់ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។

​សូមជម្រាប់ថា កាលពី​ខែកញ្ញា ឆ្នាំ​២០២០​កន្លងទៅ រដ្ឋបាល​ខេត្តកំពត ក៏បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ចុះ​ធ្វើការ​ផ្សព្វផ្សាយ ស​.​ជ​.​ណ លេខ​៤៣១/២០ របស់​រដ្ឋបាល​ខេត្តកំពត ស្ដីពី ការជំរុញ​ទប់ស្កាត់​ការកាប់​រានទន្ទ្រាន​យក​ដី ដោយ​ខុសច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ តំបន់​អភិរក្ស តំបន់​សហគមន៍ ដី​គម្រប​ព្រៃឈើ និង​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​។​

រដ្ឋបាលខេត្ត បាន​ណែនាំ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលទៅ​កាប់​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ ដោយ​ខុសច្បាប់ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​នោះ ក្នុង​បណ្តា​តំបន់ហាមឃាត់​ខាងលើ ពិសេស​ក្នុង​តំបន់​ក្រុមហ៊ុន​លោក​ឧកញ៉ា សូ ងួន ដែល​ទទួល​សិទ្ធិ​កាន់កាប់​ពី​ដី​កម្មសិទ្ធិសាធារណៈ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ ជៀសវាង​ពាក់ព័ន្ធ ប្រឈម​នឹង​ផ្លូវច្បាប់​ជាពិសេស​អ្នក​ញុះញង់ និង​មេខ្យល់​ដែល​នៅ​ពីក្រោយ​ប្រជាព​រដ្ឋ​ទាំងអស់នោះ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ដែលមាន​សមត្ថកិច្ច នឹងត្រូវ​ចាក់​ការអនុវត្ត​តាម​វិធី​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published