លោក នី សាលឿន តារាចម្រៀងឆ្នាំ៩០ ទទូលមរណភាព ដោយជំងឺមហារីកថ្លើម

, , Leave a comment

សហរដ្ឋអាមេរិក ចម្រៀងល្បីៗជាច្រើន រួមទាំងបទ «ដងស្ទឹងឡូវែល» ផងនោះ ត្រូវបានទស្សនិកជនខ្មែរនិយមស្តាប់គ្រប់ទិសទី រហូតមកទល់នឹងបច្ចុប្បន្ននេះ ក៏នៅតែល្បីល្បាញ និងពេញនិយមស្តាប់រហូតមក ដែល ជាស្នាដៃចម្រៀង របស់អ្នកចម្រៀងជើងចាស់ខ្មែរមួយរូបគឺ លោក នី សាលឿន។ យ៉ាងណាមិញនៅរសៀល ថ្ងៃទី០៩ ខែវិច្ឆិកា នេះ មានដំណឹងសោកស្តាយមួយ ដោយលោក នី សាលឿន បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយសាររោគាពាធ នៅសហរដ្ឋអាមេរិក។

បើយោងតាមផេកផ្លូវការ របស់ក្រុមព្រះសូរិយា បានឲ្យដឹងយ៉ាងដូច្នេះថា «នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមព្រះសូរិយាបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត នៃការទទួលមរណភាព យ៉ាងឆាប់រហ័ស របស់អតីតតារាចម្រៀងខ្មែរនាយសមុទ្រ ក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន ក្នុងជន្មាយុ៥៤ឆ្នាំ ដោយរោគាពាធ នៅសហរដ្ឋអាមេរិក!»

តារាចម្រៀង លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពីរោះៗជាច្រើនបទ មហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ, ដងស្ទឹង ឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូន ជាដើម។ ការបាត់បង់លោក គឺជាការបាត់បង់ធនធានសិល្បៈដ៏កម្រនៃជាតិយើង ។

ការទទួលមរណភាពរបស់តារាចម្រៀងជើងចាស់ខ្មែរ នី សាលឿន បានធ្វើឲ្យប្រិយមិត្តអ្នកនិយមស្តាប់ចម្រៀងរបស់លោក សម្តែងក្តីសោកស្តាយយ៉ាងខ្លាំង ត្បិតលោកបានបន្សល់ស្នាដៃចម្រៀងជាច្រើន សុទ្ធសឹងតែពីរោះ និងមានការគាំទ្រច្រើន។

ដូចពាក្យមួយឃ្លា តែងតែលើកឡើងថា «ទូកទៅកំពង់នៅ» ប្រៀបបាននឹងការបាត់បងលោក នី សាលឿន នៅពេលនេះ ទោះបីលោកបានលាចាកលោកទៅហើយក្តី ប៉ុន្តែស្នាដៃយ៉ាងល្អឯករបស់លោក នៅតែស្ថិតក្នុងក្រអៅបេះដូង របស់ទស្សនិកជនខ្មែរជារហូតដដែល។

 

 

Leave a Reply

(*) Required, Your email will not be published