ឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញទៅវៀតណាម តាមច្រកដាក់ដាំ យ៉ាងគំហុក គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វ ព្រៃស្រែពកក្នុងស្រុកពេជ្រាដានឹងស្រុកកោះញែក នៃខេត្តមណ្ឌលគិរី និងពីតំបន់ផ្សេងៗ ទៀត បន្តដឹកចេញឆ្ពោះទៅកាន់ចេញទៅវៀតណាម តាមច្រកដាក់ដាំ យ៉ាងរលូន មិនមានសមត្ថកិច្ចជំនាញបង្រ្កាបសោះឡើយ។ប្រភពបានឲ្យដឹងទៀតថាលោក យូ សុធា នាយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ជាអ្នកមានសិទ្ធិអំណាចធំធេងជាងគេក្នុងការបើកបារ៉ាស់ ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាម យ៉ាងដុះស្លែ។ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ហែម បូណារ៉ែល​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី មិនទាន់ចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាងគំហុកនោះទេ។

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា​ ឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកកែវសីមា ស្រុកអូររាំង និងស្រុកពេជ្រាដា ចេញទៅស្រុកវៀតណាម យ៉ាងរលូនគ្មានញញើតអ្វីទាំងអស់។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុក កែវ​សីមា ស្រុកអូររាំង ស្រុកពេជ្រាដា និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវប្រឈមនឹងសេចក្តីវិនាស ព្រោះប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌល គិរី និងលោក អ៊ុំ វណ្ណសុភគ៌​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បណ្តោយឲ្យបទល្មើស​ព្រៃឈើ កើតឡើងគ្មានទីបញ្ចប់។ 

ប្រភពបានឲ្យដឹងទៀតថា ឈ្មួញច្រើននាក់ដឹកជញ្ជូនឈើ ពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចូលទៅស្រុកស្នួល ខេត្តក្រចេះ ហើយដឹកជញ្ជូនចេញទៅវៀតណាម តាមច្រករបៀងជាច្រើនកន្លែងក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ​ យ៉ាងរលូន។ មន្ត្រីបរិស្ថានការពារតំបន់ដែន ជម្រកសត្វព្រៃកែវសីមា និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកកែវសីមា ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានគេដឹងថា ជាអ្នកសម្រួលឲ្យឈ្មួញ ដឹកជញ្ជូនឈើពីស្រុកកែវសីមា ចូលទៅស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូន។ 

ប្រភពពីប្រជាពលរដ្ឋ ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ក្នុង១ យប់ៗមានរថយន្តច្រើនគ្រឿងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រករបៀងកាបី ហៅច្រកជ្រះជ្រៅ ក្នុងឃុំក្រញូងសសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូន។ ឈើទាំងនោះត្រូវបានក្រុមឈ្មួញដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ហើយឆ្លងកាត់មុខស្នាក់ការបរិស្ថាន ស្នាក់ការរដ្ឋបាលព្រៃឈើ ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចនគរ បាលនិងប៉ុស្តិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ចអាវុធហត្ថផងដែរ។ ប្រជាពលរដ្ឋបានរិះគន់ថា កន្លងមកមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបតែឈ្មួញណាដែលមិនបង់លុយតាមការកំណត់ឬរថយន្តដឹកឈើដែលបែកកង់ទៅមុខមិនរួចប៉ុណ្ណោះ រីឯឈ្មួញដែលបង់លុយតាមការកំណត់អាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួលគ្មានការរំខានឡើយ៕

លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី 

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី

 

Leave a Reply

(*) Required, Your email will not be published