ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើម នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងគំហុក។ ទន្ទឹមនឹងនេះក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនកសិផលទៅលក់នៅស្រុកយួនតាមច្រកដា ក៏ជាប្រភពចំណូលរបស់លោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើមផងដែរ។ ចំណែកលោក ទន់ ចាន់ធី ប្រធានសាខាគយ ខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យលោក យឹម វណ្ណៈ មេគយច្រកដាហៅច្រកដូង ៧ដើម ធ្វើអ្វីៗតាមអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីឡើយ។
ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំបានឲ្យដឹងថ បើគ្មានការសម្របសម្រួលពីសំណាក់លោក ទន់ ចាន់ធី ប្រធានសាខា គយខេត្តត្បូងឃ្មុំ ទេនោះគឺលោក យឹម វណ្ណៈ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនទេ។ ទាល់តែមានការបើកដៃពីសំណាក់លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ទើបលោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើម អាចបើកដៃឲ្យឈ្មួញឈ្មោះ ចែដែត ឈ្មួញឈ្មោះ ចែពិដោរ និងឈ្មួញធំៗច្រើននាក់ទៀតនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកដា យ៉ាងរលូន។ ប្រភពខ្លះបានឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកដា ហៅច្រកដូង៧ដើម គឺមានការឃុបឃិតបើកដៃពីសំណាក់លោក យឹម វណ្ណៈ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
តាមការបង្ហើបពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ការដែលលោក យឹម វណ្ណៈ អាចរក្សាតំណែងជាមេគយច្រកដា ហៅច្រកដូង៧ដើម ឡើងដុះស្លែគឺដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់លោក យឹម វណ្ណៈ ហើយទុកឲ្យលោក យឹម វណ្ណៈ សាងភាពល្បីល្បាញខាងពុករលួយដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើម បានឲ្យដឹងថា លោក យឹម វណ្ណៈ តែងប្រើឈ្មោះលោក គុយ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម៕


