ឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ ខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុក

, , Leave a comment

​ខេត្ត​មណ្ឌល​គី​រិ ​៖​ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប្រមាណ១ខែមកហើយ ដែលឈ្មួញធំៗបង្កើនសកម្មភាពដឹកជញ្ជូនឈើពីស្រុកកោះញែក ស្រុកកែវសីមា និងពីស្រុកផ្សេងទៀត ចេញទៅវៀតណាម តាមច្រកទ្វេភាគីដាក់ដាំ ស្រុកអូររាំង យ៉ាងគំហុក។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីដាក់ដាំ បានឲ្យដឹងថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ មានសិទ្ធិអំណាចធំធេងជាងគេ ក្នុងការបើកបារ៉ាស់ ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត។ ដូច្នេះហើយទើបឈ្មួញឈ្មោះ ម៉ាប់ ឈ្មួញឈ្មោះ តាឌី និងឈ្មួញឈ្មោះ សុឃុន អាចធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ១ ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងគគ្រឹកគគ្រេងនៅពេលយប់។

បើតាមការបង្ហើប ពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានឲ្យដឹងថា ការដែលលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកដាក់ដាំ ហ៊ានធ្វើអ្វីៗតាម​អំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលមណ្ឌលគិរី ផងដែរ។ លើសនេះទៅទៀតលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វ៉ាន់សុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងរក្សាភាពស្ងៀមស្ងាត់ពេលដែលបទល្មើសព្រៃឈើកក្រើកឡើងវិញយ៉ាងគំហុក។

ប្រភពស្និទ្ ធនឹងក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅវៀតណាម តាមច្រកទ្វេភាគី ដាក់ដាំ បានឲ្យដឹងថា​ ឈ្មួញទាំងនោះបង់លុយ តាមការកំណត់របស់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងសុខស្រួល។ ប្រសិនបើឈ្មួញទាំងនោះមិនបង់លុយ តាមការកំណត់ របស់មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល សមត្ថកិច្ច អាវុធហត្ថ​ និងសមត្ថកិច្ចនៅច្រកព្រំដែនទេគឺពួកគេមិនអាចដឹកឈើចេញតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ បានឡើយ។

ប្រភពពី​អ្នករកស៊ី​ឈើ​ក្នុង​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ​ម៉ាប់​ឈ្មួញ​ឈ្មោះ​សុ​ឃុន និង​ឈ្មួញ​ឈ្មោះ តា​ឌី​ជាដើម​នៅតែ​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា​ស្រុក​អូររាំង​និង​ស្រុក​ពេ​ជ្រា​ដា យ៉ាង​ពេញបន្ទុក​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេស សល់​ក្នុងស្រុក​កែវ​សីមា ​ស្រុក​អូររាំង​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ត្រូវ​ប្រឈម​នឹង​សេចក្តី​វិនាស​ព្រោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​ទើប​កើត​បាន​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ នេះ​សារព័ត៌មាន​យើង ​មិនទាន់​អាច​ សុំ​ការពន្យល់​ណាមួយ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននៅឡើយទេ៕​

 

Leave a Reply

(*) Required, Your email will not be published