សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅក្នុង​ខណ្ឌដង្កោ ទាំងយប់

, , Leave a comment

ខណ្ឌដង្កោ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​២​ទីតាំង​ផ្សេងគ្នា ដែល​កំពុងតែ​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា ការងារ​អាទិភាព​រប​ស់រាជ​រដ្ឋាភិបាល​ពេលនេះ គឺ​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​តំបន់​រងគ្រោះ​ដោយ​ទឹកជំនន់​។

សម្តេច​បាន​បញ្ជាក់ថា ការខូចខាត​នៅ​ពុំទាន់​បូកសរុប​នៅឡើយ​ទេ ព្រោះ​ការងារ​អាទិ ភាព​របស់​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ពេលនេះ ត្រូវ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ចេញ​ផុតពី​តំបន់​រងគ្រោះ​សិន នេះ​ជា​បញ្ហាសំខាន់ ហើយ​សារ​នេះ​មិនមែន​សម្រាប់តែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ទេ ក៏ប៉ុន្តែ​សារ​នេះ​បញ្ជូន​ទៅកាន់​គ្រប់​ខេត្ត​នៅ​ទូទាំងប្រទេស​។ ទោះបីថា​ឥឡូវនេះ​មាន​ត្រឹមតែ​១០​ខេត្ត ប៉ុណ្ណោះ ដែល​ខ្ញុំ​បានផ្ដល់​ថវិកា​សម្រាប់​ស​ង្គ្រោះ ប៉ុន្តែ​បើ​យោងតាម​អ្វីដែល​ជាការ​ព្យាករណ៍ នៃ​ក្រសួង​ធនធានទឹក នឹង​អាច​មានការ​ធ្លាក់ភ្លៀង​នៅ​តំបន់​មួយចំនួនទៀត ដែល​យើង​ត្រូវ​ត្រៀម​បម្រុង ​ឲ្យ​គ្រប់​ខេត្ត​ទាំងអស់​នៅ​គ្រប់​ទីកន្លែង ប្រុងប្រៀប​ផ្ដល់​អទិភាព ​នៃ​ការជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ ហើយក៏​សុំ​ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​នៅពេលដែល​អាជ្ញាធរ​ស្នើសុំ​ឲ្យ​មានការ​ចាកចេញ សូមមេត្តា​ចាកចេញ​ទៅតាម​សំណូមពរ​អាជ្ញាធរ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បានចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា សង្គ្រោះ​ប្រជាជន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដែល​សម្តេច​បាន​ប្រើពាក្យ​ថា កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងទ័ព​ស្រួច ទាំង​កងទ័ព​តំបន់ ក៏ដូចជា​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល​បានធ្វើ​កិច្ចការ​បានល្អ និង​គ្រប់​ទីកន្លែង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​។​

សម្ដេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាំងអស់ ​ក្លាយទៅជា​ឆ្អឹងខ្នង ​នៃ​ការអន្តរាគមន៍​ផ្ដាច់ព្រ័ត្រ សម្រាប់​សង្គ្រោះ​ប្រជាជន​តទៅទៀត​។ នេះ​មិនមែនជា​ការងារ​ថ្មីៗ​របស់​យើង​ទេ គឺ​យើង​បានធ្វើ​តាំងពី​ទសវត្សរ៍​៨០​មកម្ល៉េះ ដែល​យើង​បានធ្វើ​នៅពេល​មាន​គ្រោះមហន្តរាយ​ម្ដងៗ ដែល​កងកម្លាំងប្រដាប់អាវុធ តែងតែ​ដើរតួនាទី​ស្នូល​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​។ ពេលនេះ​ស្ថានភាព​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល រួមទាំង​ខេត្តបន្ទាយមានជ័យ កំពុងមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ ប៉ុន្តែ​សម្រាប់​ខេត្ត​ដទៃទៀត​គឺមាន​ថា​ធូរស្រាល​បន្តិច​។ អាជ្ញាធរ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តបន្ទាយមានជ័យ បន្ត​យកចិត្តទុកដាក់​ទៅលើ​កិច្ច​ការតាមដាន​ដំណើ​រវិ​វត្ត​នៃ​ចរន្តទឹក​ដែល​ហូរ​ចូល​។ យើង​នឹង​បន្ត​រួមគ្នា​ធ្វើ​កិច្ចការងារ​នេះ យកឈ្នះ​ទៅលើ​ស្ថាន​ភាពមិន​អំណោយផល​ដែល​បណ្ដាលមកពី​ព្យុះ និង​សម្ពាធ​ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​របស់​យើង​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​សំណូមពរ និង​អំពាវនាវ ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យកចិត្តទុកដាក់​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែលមាន​គ្រោះថ្នាក់​ទៅកាន់​ទីទួល​សុវត្ថិភាព ដោយមាន​ការប្រុងប្រៀប​ជាមុន ត្រូវ​ពិនិត្យមើល​ទីកន្លែង​ជាមុន ដើម្បី​ឆ្លើយតប​នៅពេលដែល​ដឹកជញ្ជូន​ទៅកាន់​ទីនោះ​។ បន្ទាប់ពី​ទឹក​ស្រក សូម​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ប្រជាជន​ទៅកាន់​មូលដ្ឋាន​ដើម​វិញ​។ ត្រូវ​ផ្គត់​ផ្គង់ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក៏ដូចជា​ខិតខំ​ព្យាបាល​ជំងឺ​ប្រសិនបើ​មាន​ជំងឺ​កើតឡើង​។ សម្តេច​ក៏​អំពាវនាវ​ចំពោះ​ប្រជាជន ​ត្រូវការពារ​ នៅ​ជំងឺ​ខ្លួនឯង តាមរយៈ​ការ​អនាម័យ កុំ​ទទួលទាន​ទឹក​មិន​ស្អាត ​ដែល​នាំទៅដល់​ជំងឺរាគ​រួស​ក្អួត​នាំមក​នូវ​ការលំបាក​បន្ថែមទៀត​។ សម្ដេច​ស្នើ​ឲ្យ​មាន​គ្រូពេទ្យ​ប្រចាំការ​នៅ​តំបន់ ដែល​ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​ផងដែរ​។​

​សម្ដេច​តេ​ជោ ប្រាប់​ទៅដល់​អាជ្ញាធរ ត្រូវ​ចាត់​កម្លាំង​ចល័ត​ ទៅដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​មើលថា​តើ​មាន​ប្រជាពលរដ្ឋ​នៅ​សេសសល់​ដែរឬទេ ហើយ​ត្រូវ​ជួយ​ការពារ​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពី​ក្រុម​ចោរលួច​ចោរប្លន់ ក្រុម​ឱកាសនិយម ដែល​យក​ឱកាស​នេះ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​ថ្លែងអំណរគុណ​ដល់ សប្បុរសជន​នានា ដែល​បាន​ចូលរួម​ថវិកា​ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​រហូតមក​ដល់ពេលនេះ មាន​ប្រមាណ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ ដែល​ថវិកា​នេះ​ រាជរដ្ឋាភិបាល​មិនបាន​ អំពាវនាវ​ទេ ប៉ុន្តែ​សប្បុរសជន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ខ្លួនឯង​។​

សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងមានវត្តមានរួមសុខ រួមទុក្ខជាមួយប្រជាពលដ្ឋជានិច្ច គ្រប់កាលៈទេសៈ ដោយលោកគ្មានគិតពីការនឿយ ហត់ ទទួលបានការគោរព ស្រឡាញ់ពីជនរួមជាតិ ទាំងក្នុង-និងក្រៅប្រទេស៕

 

Leave a Reply

(*) Required, Your email will not be published