សម្ដេចក្រឡាហោម ស ខេង បញ្ជាឱ្យអភិបាលខេត្តកំពង់ឆ្នាំង ដកហូតដីដែលរងការទន្ទ្រានកាន់កាប់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប៉ែកខាងស្រុកទឹកផុស

, , Leave a comment

 

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបញ្ជាឱ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អនុវត្តវិធានការចុះរុះរើរបង ខ្ទម និងរោងរបស់អ្នកដែលចូលទន្ទ្រាន និងកាន់កាប់ដីដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប៉ែកខាងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីដក ហូត ដីសម្បត្តិរដ្ឋមកវិញ។

យោងតាមលិខិតមួយច្បាប់ដែលជម្រាបជូនលោកអភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០នេះក្រសួងមហាផ្ទៃបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រដ្ឋបាល ខេត្ត ក្នុងការចាត់វិធានការ បញ្ឈប់សកម្មភាពជនល្មើស ដែលបានរុករាន ទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្រសួងមហាផ្ទៃក៏បានណែនាំបន្ថែមដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រូវបន្តអនុវត្តកិច្ចការមួយចំនួន រួមមាន៖

* បន្តស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះមេខ្លោងដែលបានញុះញង់ឱ្យប្រជាពលរដ្ឋចូលកាប់រានទន្ទ្រានដីព្រៃ និងងកាន់កាប់ដីដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

* ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមលិខិតលេខ ១៩៦៣ សជណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្ដីពីការជំរុញការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

* បន្តសហការជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃឱ្យបានល្អប្រសើរ។

* ធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារមកក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធដើម្បីពិនិត្យ និងមានវិធានការបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

 

Leave a Reply

(*) Required, Your email will not be published