ជាងកាត់សក់ម្នាក់ ត្រូវបានអ្នកជិតខាងបាញ់សម្លាប់ នៅចំហៀងសាលាបឋមសិក្សាទួលគោក

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួននាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ស្វាមីរបស់ខ្លួន បានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នា ជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយមកជនដៃដល់ បានដកកាំភ្លើងពីចង្កេះបាញ់ លើស្វាមីរបស់ខ្លួន​បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមតែម្តង។ បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចក៏នាំខ្លួនគ្រួសារសាច់ញាតិជនដៃដល់យកទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដេីម្បីធ្វេីសាកសួរ ។គេមិនទាន់ដឹងពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះនៅឡើយ។

ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ កូនស្រីទី២ អាយុ៩ឆ្នាំ កូនស្រីទី៣ អាយុ៥ឆ្នាំ កូនស្រី ទី៤ អាយុ១ឆ្នាំ។

នៅកន្លែងកើតហេតុមានការសង្វេគចិត្តជាខ្លាំង។ ភរិយា និងកូនៗ ព្រមទាំងឪពុកម្តាយ បងប្អូនសាច់ញាតិជនរងគ្រោះ បានយំសោកបោកខ្លួនស្តាយស្រណោះជនរងគ្រោះ៕

 

Leave a Reply

(*) Required, Your email will not be published