ប្តឹងមន្ត្រីប៉ូលិស ក្រសួងមហាផ្ទៃ ដែលដកកាំភ្លើង ភ្ជង់ថៅកែ ហាងគុយទាវអង្គរជុំ ក្នុងវង់ផឹកស៊ី ទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ

, , Leave a comment

 

​រាជធានី​ភ្នំពេញ ៖ ម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីមន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោក និងភរិយា។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។ នេះបើយោងតាមពាក្យបណ្ដឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក បានប្ដឹងលោក ថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល ឋាន:ជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣

ទី១៖ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ទី២៖ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
ទី៣៖ ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។

លោក ជុយ សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា នៅថ្ងៃកើតហេតុថ្ងៃទី២០ ខែកញ្ញា វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ លោកបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ៨នាក់ជាលក្ខណៈមិត្តភាព នៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ។

លោក សុខហេង រៀបរាប់ទៀតថា លុះការហូបចុកបានមួយសន្ទុះ ក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោកដោយមិនមានការអញ្ជើញនោះឡើយ តែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។

លោក សុខហេង បន្តថា ការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ២រសៀល មិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ៥នាក់ប៉ុណ្ណោះ រួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។ ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះ ក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅមុខហាងគុយទាវជាដើម។ មិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថា ខ្លួនអាចទូរស័ព្ទទៅនាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យបិទហាងគុយទាវអង្គរជុំពេលណាក៏បានថែមទៀតផង។

នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថា ក្រោយមានការលើកឡើងបែបនេះ លោកក៏បានតមាត់ទៅវិញថា ហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេ ហេតុអ្វីក៏ចង់បិទហាងរបស់លោក។

បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះ លោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃ បានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោក និងភរិយា។ លោក សុខហេង បានបន្តថា មិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេ លោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោក និងភរិយាថែមទៀតផង។

ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបាន៕

 

 

Leave a Reply

(*) Required, Your email will not be published