ពលរដ្ឋធុញទ្រាន់ នឹងក្រុមហ៊ុនហាន់ស៊ីង HanShin ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង ដល់ធ្លាម្អម ក្នុងសភាពរខេករខាក ប៉ះពាល់អារម្មណ៍អ្នកស្រុក

, , Leave a comment

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ហាន់ស៊ីង (HanShin) បានដេញថ្លៃ លើ​គ​ម្រោ​ង​ស្ថាបនាឡើងវិញ នូវផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដ​ល់​ធ្លា​ម្អម ខេត្តពោធិ៍សាត់ លើទឹកប្រាក់ជាង ៨០លាន ដុល្លារ​អា​មេ​រិ​ក ។ មក​ទ​ល់​ពេលនេះ ជិត ៣ឆ្នាំ ទៅហើយ ការដំណើរការ សាងសង់ ស្ថាបនា ហាក់មិនទៅមុខ ទុកអោយនៅមេម៉ាយ បង្កផលលំបាកយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវជាតិ ក្នុងការបើកម៉ូតូ កង់ ឡាន បរទេះគោ-ក្របី ចូលផ្ទះ ខណៈក្រុមហ៊ុន បានប្រើគ្រឿងចក្រកាយដី រួចទុកចោលរាប់ខែ បង្កជារណ្តៅជ្រៅៗ ពំនូក។

អ្នកធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ៥ រអ៊ូរទាំ ពីការស្ថាបនានេះ ធ្វើអូសបន្លាយពេល សំបូរដោយគំហុក ហុយ បើកកាត់ម្តងៗស្ទើរគ្រុន បើស្ត្រីមានផ្ទៃពោះវិញ ត្រូវប្រុងប្រយ័ត្នពីសុខភាព ខណៈមានកន្លែង រលាក់ច្រើន ខុសពីការស្ថាបនាពីក្រុមហ៊ុនផ្សេងៗ។ កម្មករ ក៏ដូចជា ក្រុមការងារបានបង្ហើបថា  ក្រុមហ៊ុន ហាន់ស៊ីង (HanShin) ខ្វះលក្ខណសម្បត្តិ គ្រប់គ្រាន់ សំខាន់គ្រឿងចក្រ សំភារៈ ជាមធ្យោបាយដំណើរការ ឱ្យការស្ថាបនាផ្លូវ ដែលខ្លួនដេញថ្លៃបាន ។ ជាទម្លាប់ ក្រុមហ៊ុននេះ បាន(សាប់បន្ត) ម៉ៅការបន្តឱ្យ ក្រុមហ៊ុនតូចៗ ជាច្រើន ហើយក្រុមហ៊ុនខ្លះ ធ្វើមិនទៅមុខ ខ្លះទៀតរត់ចោល ខណៈម៉ៅការ មិនចំណេញ បង្កើតជា ការរាំងស្ទះការងារ ជាហូរហែ។

កម្មករនិយាយថា  ក្រុមហ៊ុន ហាន់ស៊ីង ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ នេះមានក្រុមហ៊ុនប្លែកៗ មកម៉ៅការ តែមិនចាំថា ក្រុមហ៊ុនណា ធ្វើពិតប្រាកដ ចេញមួយចូលមួយ និងគ្រឿងចក្រ រថយន្ត ជាដើម ដាក់ឱ្យដំណើរជាចន្លោះៗ គ្រាន់តែឱ្យល្អមើល ថាក្រុមហ៊ុនធ្វើការស្ថាបនា ជាប់ជាប្រចាំ តែប៉ុណ្ណោះ។សូមរំលឹកថា ក្រុមហ៊ុន ហាន់ស៊ីង ស្ថិតក្នុងបញ្ជីខ្មៅ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនា ផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ប៉ុន្តែក្រុមហ៊ុន ហាន់ស៊ីង នៅតែមានលក្ខណះពិសេស ដេញថ្លៃបានគ្រោងស្ថាបនា នូវផ្លូវជាតិឡើងវិញ ជាបន្តបន្ទាប់ ទៅវិញ..!

លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ ជាអ្នកកាន់ការងារនេះផ្ទាល់ បានប្រាប់អ្នកកាសែតថា ការស្ថាបនាផ្លូវខាងលើ គេបានដំណើរការធម្មតា ចំពោះការយឺតយ៉ាវ ដោយសារស្ថានភាព ការរាតត្បាត នៃជំងឺកូវីដ-១៩ និងចំពេល រដូវភ្លៀងធ្លាក់ផង។ លោកថ្លែងថា ទោះជាពេលនេះយឺតបន្តិចមែន តែមិនឱ្យហួសតាមការកំណត់រយៈពេល នៃដំណើរការស្ថាបនាឡើយ។ ពាក់ព័ន្ធនិងបញ្ហាខ្លះ មានការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារកង្វៈខាត ផ្លាកសញ្ញាចរាចរណ៍ លោកបកស្រាយថា បញ្ហានេះខ្ញុំគិតថា គេបានរៀបចំត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំទទួលស្គាល់ថា មានកន្លែងខ្លះចន្លោះប្រហោង លើចំណុចនេះ ដូច្នេះខាងខ្ញុំបន្តយកចិត្តទុកពិនិត្យអោយបានដិតដល់ ហើយការធ្វើដំណើរបើកបរយឺតយូរ តាមផ្លូវលំបាកខ្លះ ដូចជាយើងដឹងស្រាប់ហើយមានឡានច្រើន និងផ្លូវកំពុងស្ថាបនា ។

ជុំវិញដែលកន្លងមក ក្រុមហ៊ុន ហាន់ស៊ីង ស្ថិតក្នុងបញ្ជីខ្មៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅ ស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ហើយបើស្ថាបនាផ្លូវជាតិលេខ៥ ពិនិត្យឃើញថា មានកំហុសបែបនេះទៀត តើគួរអនុញ្ញាតឱ្យ ក្រុមហ៊ុន ហាន់ស៊ីង ចូលដេញថ្លៃទៀតទេ..? លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ថា ជាធម្មតា ការស្ថាបនា ផ្លូវជាតិនិមួយៗ គឺមានការពិនិត្យ យ៉ាងសុក្រិតបំផុត ពីខាង(ចៃការ) ខាងក្រសួង ខាងក្រុមពិនិត្យបច្ចេកទេស ហើយគេអាចវាយតម្លៃ ពីគុណភាពស្តង់ដារ តែបើមិនបំពេញតាមគម្រោងនោះទេ កុំថាឡើយក្រុមហ៊ុន (HanShin) ក្រុមហ៊ុនណាក៏ដោយ ក៏មិនអាចដេញថ្លៃបានដែរ។ លោកលើកឡើងថា លោកទេសរដ្ឋមន្ត្រីមានស្តង់ដារ ការងារច្បាស់លាស់ ប្រកបដោយភាពទទួលខុសត្រូវ គឺចុះពិនិត្យដោយផ្ទាល់និងម៉ត់ចត់បំផុត។ ដូច្នេះបើក្រុមហ៊ុនណាធ្វើមិនតាមស្តង់ដារ គឺមិនទទួលយក ជាដាច់ខាត។

សូមបញ្ជាក់ថា ក្រុមហ៊ុន ហាន់ស៊ីង (HanShin) នេះពិតជាបាន ធ្វើផ្លូវយឺតយូរមែន បើសិក្សា ពីតថភាពជាក់ស្តែង ដូច្នេះគួរខាងក្រសួងពន្លឿន ហើយខាង(ចៃកា) ពិនិត្យជាក់ស្តែង ពីសកម្មភាព ស្ថាបនានេះផង។ មួយរយៈនេះ អ្នកដំណើរសុខចិត្តចេញពីខេត្តបាត់ដំបង មកកាន់ភ្នំពេញ កាត់តាមខេត្តបន្ទាយមាន សៀមរាប កំពង់ធំ កំពង់ចាម ដែលមានចំងាយ ដីលើសជិត ២០០គីឡូម៉ែត្រ ឯណោះ ក្នុងហេតុផលថា ពិបាកធ្វើដំណើរពេក ចំពោះការរលាក់ ជង្ហុក ហើយការស្ថាបនា មិនបានលឿន៕

 

Leave a Reply

(*) Required, Your email will not be published