ល្បែងស៊ីសងនៅចំណុចច្រកដូង៧ដើម ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានសភាពខ្លាំងក្លាជាងមុនទៅទៀត

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅចំណុចកាស៊ីណូច្រកដូង​៧ដើម ហៅច្រកដា មានឈ្មោះ ហេង បើកសង្វៀនបញ្ជល់មាន់ បៀអាប៉ោង យូគី​ ដំណើរការពេញបន្ទុករយៈពេលជាង១ខែមកហើយ គ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មោះហេង ដែលជាអ្នកបើកល្បែងស៊ីសងយ៉ាងពេញបន្ទុកនោះ មានខ្នងបង្អែករឹងមាំ ទើបលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក​ ជាម ច័ន្ទសោភ័ណ​ អភិបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះម្ចាស់កាស៊ីណូនៅច្រកដូង៧ដើម បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពពាក់ពពូន។

សេចក្តីរាយការណ៍ពី​ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅក្នុងកាស៊ីណូច្រកដូង៧ដើម ហៅច្រកដា ឈ្មោះហេង បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដោយមិនខ្លាងឆ្លងរាលដាលជំងឺកូវី​ដ-១៩ នោះទេ។ ក្នុងមួយថ្ងៃមានការបញ្ជល់មាន់ពី២០ទៅ៤០គូ ហើយសម្រាប់គូពិសេសមានដាក់ដើមថានរាប់ពាន់រាប់ម៉ឺនដុល្លារ ហើយល្បែងអាប៉ោង បៀនិងយូគី ក៏បើកលេងក្នុងទ្រង់ទ្រាយធំផងដែរ ព្រោះអភិបាលខេត្តត្បូងឃ្មុំ និងស្នងការនគរបាលខេត្តត្បូងឃ្មុំ ដឹកលក់អស់ទៅហើយ។ ប្រភពខ្លះបង្ហើបឲ្យដឹងថា មានមន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ សម្ងំទទួលផលប្រយោជន៍ទើបឈ្មោះ ហេង ម្ចាស់កាស៊ីណូច្រកដូង៧ដើមហៅច្រកដា ហ៊ានប្រព្រឹត្តបំពានច្បាប់គ្មានញញើតអ្វីទាំងអស់។

ប្រជាពលរដ្ឋក្នុង​ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្តែងសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះឈ្មោះ ហេង ម្ចាស់កាស៊ីណូនៅច្រកដូង៧ដើម បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូន។ ប្រជាពលរដ្ឋបានអំពាវនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះព្រោះនៅក្នុងស្រុកមេមត់បច្ចុប្បន្នកើតមានបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។មានការ រិះគន់ ចំៗថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទើបឈ្មោះ ហេង ម្ចាស់កាស៊ីណូច្រកដូង៧ដើម ហៅច្រកដា អាចបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុក៕

 

 

Leave a Reply

(*) Required, Your email will not be published