បាក់​ស្រុត​​ ​សួនច្បារ​​ចូល​ទៅ​ក្នុង​ទន្លេមេគង្គ​ ធ្លាក់​ទាំង​មនុស្ស​និង​ម៉ូតូ ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស នៅក្រុង​កំពង់ចាម​

, , Leave a comment

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ប្រាប់ថា សួនច្បារនៅមាត់ ទន្លេក្នុងក្រុងកំពង់ចាម បានបាក់ស្រុត នៅវេលាម៉ោងប្រមាណជាង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយការបាក់ស្រុតនេះ បណ្តាលអោយធ្លាក់​ទាំង​មនុស្ស​និង​ម៉ូតូ តែ​សំណាងល្អ​មិន​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ​ប៉ុន្តែ​ម៉ូតូ​ម៉ាក​វ៉េវ ១​គ្រឿង ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ដី​លិច​បាត់ ។ ចំណែក​អាជ្ញាធរ​វិញ​បាន​ហ៊ុម​ខ្សែ​ព័ទ្ធ​និង​ហាម​មិន​ឲ្យ​មនុស្ស​ម្នា​ចូល​ទៅ​កន្លែង​បាក់​ស្រុត​បេតុង​នោះ​ទេ ព្រមទាំង​រៀបចំ​ជួស​ជុល​ឡើង​វិញ​យ៉ាង​ប្រញាប់​ផង​ដែរ ។

លោក​នេន សុខ​ឃី​ន អាយុ​៤៤​ឆ្នាំ អ្នកលក់​បបរស ដែល​មានផ្ទះ​ជួល​នៅ​ក្នុង​សង្កាត់​វាលវង់ មាន​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ ពី​កន្លែង​កើតហេតុ​បាន​រៀបរាប់​ទាំង​ការ​តក់​ស្លុត​ឲ្យ​ដឹង​ថា នៅ​វេលា​កណ្ដាលអធ្រាត្រ​យប់​ថ្ងៃ​ទី​១២ កញ្ញា ២០២០ លោក​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង​តែ​ម្នាក់ឯង​នៅ​លើ​ខឿន​បេតុង​សួនច្បារ​មាត់ទន្លេ ក្រោម​ស្ពាន​គី​ហ្សុ​៊​ណា ។ កំពុង​តែ​ជិះ​ម៉ូតូ​យ៉ាង​រំភើយ​នោះ ស្រាប់តែ​ផ្លូវ​បេតុង​បាក់​ស្រុត​ដោយ​ចៃដន្យ​ដូច​ព្រះធរណី​ស្រូប ក្រោយ​ពី​មេឃ​បាន​បង្អុរ​ភ្លៀង​១​មេ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​និង​ម៉ូតូ បាន​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ដី​ដែល​មាន​ទំហំ​ប្រមាណ​៥​ម៉ែត្រ​បួន​ជ្រុង​ក្នុង​ជម្រៅ​រណ្តៅ​ប្រមាណ​ជាង​២​ម៉ែត្រ ។ ពេល​នោះ​គាត់​បាន​ប្រឹង​ស្រវារ​ឡើង​លើគោក​វិញ ទាំង​ត្រហេបត្រហប​យ៉ាង​រន្ធត់​និង​មានការ​ភិតភ័យ​ជា​ខ្លាំង ស្ទើរតែ​គាំងបេះដូង​។

បុរស​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​បន្ត​ថា ក្នុង​ពេល​កើតហេតុ​បាក់​ស្រុត​បេតុង​នោះ មិន​មាន​មនុស្ស​ណា​ម្នាក់​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​មាន​តែ​រូប​គាត់​ម្នាក់​ប៉ុណ្ណោះ ។ បន្ទាប់​មក​ក៏​បាន​ទូរស័ព្ទ​ហៅ​ប្អូនថ្លៃ​ដែល​នៅផ្ទះ​ឲ្យ​ជិះ​ម៉ូតូ​មក​ឌុ​ប​ត្រឡប់​ទៅ​កន្លែង​លក់​បបរស​វិញ ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣​កញ្ញា គាត់​បាន​ព្យាយាម​រក​ម៉ូតូ​ដែល​ធ្លាក់​បាត់​ក្នុង​លូ​ធំ​នោះ តែ​មិន​អាច​រក​ម៉ូតូ​ឃើញ​ឡើយ ។ បុរស​រូប​នេះ​បាន​និយាយ​ថា ក្រោយ​ពេលទំនេរ​ពី​ការ​លក់​បបរស ជា​រឿយ​ៗ គាត់​តែងតែ​ឌុ​ប​កូន​ដាក់​នៅ​ពី​ខាង​មុខ ជិះ​ដើរ​លេង​លំហែ​កាយ​តាម​ផ្លូវ​មាត់ទន្លេ ។ តែ​លើក​នេះ​សំណាងល្អ​ដែល​ការ​បាក់​ស្រុត​បេតុង​សួនច្បារ​មាត់ទន្លេ គឺ​មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ បើសិនជា​កូន​តូច​មក​ជាមួយ​ដូច​រាល់ដង​អាច​នឹង​មាន​គ្រោះថ្នាក់​ជាក់​ជា​មិន​ខាន ។

ក្រោយកើតហេតុ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចុះពិនិត្យ កន្លែងបាក់ស្រុតបានមានប្រសាសន៍ថា កន្លែងបាក់ស្រុតសួនច្បារមាត់ទន្លេ នឹងចាប់ផ្ដើមសាងសង់ឡើងវិញនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ នាងមុខនេះ ៕

 

Leave a Reply

(*) Required, Your email will not be published