ភ្ញាក់ផ្អើល ! ស្រីម្នាក់ ជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ ត្រូវបានគេប្តឹង ទៅតុលាការ បទល្មើស «ទ្វេពន្ធភាព» យកប្តីគេទាំងមិនទាន់បញ្ចប់ ចំណងអាពាហ៍ពិពាហ៍ តាមផ្លូវច្បាប់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ អ្នកស្រី តុង ផល្លី មុខងារ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប់ពាក់ព័ន្ធករណីយកប្តីគេរហូតដល់មានកូនស្រីម្នាក់នោះ ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកៅះហៅជាលើកទី២ អោយចូលតុលាការ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីធ្វើការបំភ្លឺតាមពាក្យបណ្តឹងរបស់អ្នកស្រី អោ ចាន់នីដា ដែលប្តឹងចោទប្រកាន់ពីបទ «ទ្វេពន្ធភាព»។

នៅចន្លោះពេលដែលតុលាការកំពុងចាត់ការសំណុំរឿងនេះ អ្នកស្រី អោ ចាន់នីដា បានសំណូមពរយ៉ាងទទូចសុំអោយថ្នាក់ដឹកនាំកំពូលៗ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន មេត្តាជួយធ្វើអន្តរាគមន៍ដោះស្រាយរកយុត្តិធម៌អោយផង ព្រោះជនសង្ស័យក្នុងសំណុំរឿងនេះ ជាបុគ្គលមានបុណ្យសក្តិ និងមានអំណាចបានធ្វើការកៀបសង្កត់ និងគំរាមកំហែង តាមគ្រប់រូបភាព បណ្តាលឲ្យដើមបណ្តឹងមានការតក់ស្លុត និងភិតភ័យយ៉ាងខ្លាំង។

តាមប្រភពព័ត៌មាន ដែលសារព័ត៌មានទើបទទួលបាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ គឺ អ្នកស្រី អោ ចាន់នីដា អាយុ ៤៧ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅ បច្ចុប្បន្នផ្ទះលេខ១១៤ ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ ពាក្យបណ្តឹងមកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុ«សុំប្តឹងពី ឈ្មោះ រុន មាត្រា ភេទ ប្រុស អាយុ ៥១ឆ្នាំ និង ឈ្មោះ តុង ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧០ ផ្លូវលេខ១១០ ក្រុម៣ ភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល និង អ្នកសមគំនិត ពីបទ «ទ្វេពន្ធភាព» ។

ក្នុងពាក្យបណ្តឹង ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា «នាងខ្ញុំ និង ឈ្មោះ រុន មាត្រា បានរៀបការនឹងគ្នាជាប្រពន្ធ ប្ដី នៅឆ្នាំ១៩៩៦ ដោយបានចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រឹមត្រូវតាមច្បាប់។

នៅក្នុងចំណងអាពាហ៍ពិពាហ៍នេះ នាងខ្ញុំ និង ឈ្មោះ រុន មាត្រា មានកូនចំនួន ៣ នាក់ គឺ កូនទី១. ឈ្មោះ មាត្រា វរលក្ខ័ណ ភេទ ស្រី អាយុ ២៤ឆ្នាំ, កូនទី២. ឈ្មោះ មាត្រា ច័ន្ទឧត្តម ភេទ ប្រុស អាយុ ២០ឆ្នាំ និង កូនទី៣. ឈ្មោះ មាត្រា ជុតិមន្ត ភេទ ប្រុស អាយុ ១៥ឆ្នាំ ។ ការរស់នៅមួយរយៈចុងក្រោយនេះ នាងខ្ញុំ បានសង្កេតឃើញ ថា ឈ្មោះ រុន មាត្រា ចេះតែបង្ករឿងហេតុដាក់ប្រពន្ធ កូនមិនចេះចប់មិនចេះហើយ ។

ដោយមានការសង្ស័យ នាងខ្ញុំ ក៏បានតាមដានពីសកម្មភាពប្ដី នាងខ្ញុំ ទើបដឹងថាឈ្មោះ រុន មាត្រា និងឈ្មោះ តុង ផល្លី បានលួចស្រឡាញ់គ្នាជាច្រើនឆ្នាំមកហើយ រហូតដល់មានកូនស្រីម្នាក់ ឈ្មោះ មាត្រា ជននីនាថ ដែលសព្វថ្ងៃ មានអាយុ ២ឆ្នាំ។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានចុះឈ្មោះក្នុងសៀវភៅស្នាក់នៅ ទទួលស្គាល់ជាប្តី ប្រពន្ធ នឹងគ្នាដោយមានការឃុបឃិតសម្របសម្រួលពី នគរបាលប៉ុស្តិ៍ ឃុំ ពោធិបាន និង នគរបាលស្រុកកោះធំ ខេត្តកណ្តាល ទាំងដែលចំណងអាពាហ៍ពិពាហ៍រវាងនាងខ្ញុំ និង ឈ្មោះ រុន មាត្រា នៅមិនទាន់បានរំលាយតាមផ្លូវ ច្បាប់នៅឡើយ។

ពាក្យបណ្តឹងនេះ បានសំណូមពរលោកព្រះរាជអាជ្ញា មេត្តាធ្វើការចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ រុន មាត្រា និង ឈ្មោះ តុង ផល្លី ព្រមទាំងអ្នកសម គំនិតក្នុងអំពើខាងលើឲ្យបានធ្ងន់ធ្ងរទៅតាមច្បាប់ ដោយក្ដី អនុគ្រោះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ អ្នកស្រី តុង ផល្លី បានដាក់ពាក្យមកសាលាដំបូងខេត្តកណ្តាល ដើម្បីសុំលែងលះតាមការព្រម

ព្រៀងជាមួយ ឈ្មោះ រុន មាត្រា។ក្នុងពាក្យសុំនេះ អ្នកស្រី តុង ផល្លី បានជម្រាបជូនប្រធានសាលាដំបូងខេត្តកណ្តាល ជ្រាបថា យើងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ នៅឆ្នាំ ២០១០។ នៅពេលនេះ យើងខ្ញុំបានអស់មនោសញ្ចេតនាក្នុងការរស់នៅ ជាប្ដី ប្រពន្ធនឹងគ្នាទៀតហើយ។ យើងខ្ញុំ បានព្រមព្រៀងលែងលះគ្នា ដោយស្ម័គ្រចិត្ត។ ដោយឡែក ការបំពេញ អាហារកិច្ច ចំពោះកូនស្រី ឈ្មោះ មាត្រា ជននីនាថ ជាបន្ទុក តែម្នាក់ឯងរបស់ម្តាយ (តុង ផ ល្លី )។

ចំណែក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះដែរ លោក រុន មាត្រា បានពឹងពាក់មេធាវីលោក អ៊ឹម បូ រ៉ា ជាតំណាងដោយអាណត្តិ បានដាក់ពាក្យ បណ្តឹងមកសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុស្នើសុំ ឲ្យតុលាការ ចេញដីកាសម្រេច ដែលមានខ្លឹមសារសុំលែងលះ ពីអ្នកស្រី អោ ចាន់នីដានិងឈប់រួមរស់ ជាប្តី ប្រពន្ធ តទៅទៀត។

អង្គហេតុ នៃការទាមទារនេះ លោក រុន មាត្រា បានអះអាងថា លោករៀបអាពាហ៍ពិពាហ៍ តាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ ជាមួយអ្នកស្រី អោ ចាន់នីដាកាលពី ឆ្នាំ១៩៩៦ និង បានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់

នៅឆ្នាំ១៩៩៦ (សំបុត្រអាពាហ៍ពិពាហ៍ រក្សាទុក នៅចុងចម្លើយ )។ ក្នុងចំណងអាពាហ៍ពិពាហ៍នេះ យើងខ្ញុំ បង្កើតបានកូនចំនួន ៣នាក់ ដែលបច្ចុប្បន្ន កូនទាំង ៣នាក់ កំពុងរស់នៅក្នុងបន្ទុក។

ចំពោះមូលហេតុ នៃការប្តឹងលែងលះនេះ លោក រុន មាត្រា បានបញ្ជាក់ថា ដោយសារការរស់នៅមិនចុះសម្រុងគ្នាបណ្តាលឲ្យមានភាពរកាំរកូសឈានដល់មានការប្រេះឆាកាន់តែធ្ងន់ធ្ងរ រហូតដល់អស់មនោសញ្ចេតនារៀងៗខ្លួន ៕

ករណីខាងលើ គេហទំព័រកំណើតថ្មី មិនអាចទទួលការបញ្ជាក់ ពីភាគីនីមួយៗឡើយ៕

 

Leave a Reply

(*) Required, Your email will not be published