ភ្ញាក់ផ្អើល! ​រថយន្តរបស់កម្លាំង សមត្ថកិច្ចត្បាញអាយ បើកដេញរថយន្តគ្រឿងសង្ហារិម​ ជ្រុលបុកផ្ទះពលរដ្ឋ ខ្ទេចខ្ទី

, , Leave a comment

ខេត្តត្បូងឃ្មុំ​ ៖ ​ជាក់ស្តែង​នៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០​ មានរថយន្តកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ 2AA.6634 បើកបរដោយឈ្មោះ សៅ សាំង បានបើកប្រដេញ ក្នុងល្បឿន លឿនដេញ រថយន្តសាំយ៉ុងដឹកឈើសង្ហារិម ហើយរេចង្កូតធ្លាក់ផ្លូវខ្លួនឯង ទៅ បុកផ្ទះប្រជាពលរដ្ឋខ្មែរអ៊ិស្លាម ក្រឡាប់ផ្ងារជើង នៅត្រង់ចំណុច ភូមិបេង ឃុំសេដាស្រុកតំបែរខេត្តត្បូងឃ្មុំ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស នោះទេ ។

មហាជនបានលួច​បង្ហើប ឱ្យដឹងថា​ មេៗនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ បានលួចបញ្ចេញ កម្លាំងក្រៅផ្លូវការចំនួន៣នាក់ ប្រើប្រាស់​រថយន្ត កាមរីបាឡែន និងរថយន្តម៉ាកព្រូសចេញបង្ក្រាបតាមរយៈយកតួនាទី​ សមត្ថកិច្ច​ជំនាញ​ជំរិតយកលុយ ពីអ្នករក​ស៊ី​ដឹកឈើសង្ហារិម​ជូនលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាយខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំ និងសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ម៉ាអេមហ្មង។

រថយន្តកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ 2AA-6634មួយគ្រឿង​ ត្រូវបានអ្នកបើកបរបញ្ជាចង្កូតជ្រុលទៅបុកជញ្ជាំងរបងផ្ទះប្រជាពល​រដ្ឋ ហើយក្រឡាប់ផ្ងារជើង នៅត្រង់ចំណុចភូមិបេង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែមិនបណ្តាលឲ្យ មានគ្រោះថ្នាក់ដល់ជីវិតមនុស្ស​ទេ ដែលគ្រោះថ្នាក់នេះត្រូវបានគេអះអាងថា ​រថយន្តរបស់កម្លាំងសមត្ថកិច្ចត្បាញអាយបើកដេញរថយន្តសាំយ៉ុងដឹកឈើសង្ហារិម​ ដើម្បីស្ទាក់យក​លុយទុកត្រៀមយកទៅស៊ីចាយអំឡុងបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ប្រភព​ព័ត៌មាន​បង្ហើបឱ្យដឹងទៀតថា​ មានមនុស្សជំនិតៗ មេៗចំនួន៣នាក់ បានដាក់ពង្រាយក្នុងតំបន់ប្រតិបត្តិការទឹកដីស្រុកតំបែរ ដើម្បីប្រមូលសេដ្ឋកិច្ចជូនមេៗ ដោយមិនមានលិខិតបេសកកម្មអ្វីបន្តិចសោះឡើយ ។ ក្នុងនោះដែរ គេសង្កេតឃើញថា គណៈបញ្ជាការឯកភាពស្រុកតំបែរក៏មិនមានវិធានការទប់ស្កាត់អ្វីដែរ ព្រោះដឹងថាជាកម្លាំងរបស់មេៗ   ។

បើតាមប្រភពព័ត៌មានពីពលរដ្ឋគឺម្ចាស់រថយន្តកាមរីបាឡែនពណ៌សខាងលើ មិនមែន ជាមន្ត្រីសមត្ថកិច្ចជំនាញនោះទេ គឺប្រជាពលរដ្ឋស៊ីវិលសុទ្ធសាធ តែ យកឈ្មោះអ្នកធំក្នុងខេត្តមកប្រើ។ មួយវិញទៀត បើតាមការបង្ហើបប្រាប់ពីពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ម្ចាស់ឡានកាមរីបាឡែនខាងលើជារបស់ឈ្មោះ សៅ សាំង កន្លងមកមានការទំនាក់ទំនង ជាមួយនឹងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជាមួយនឹងបទល្មើសព្រៃឈើ ក៏បានដើរធ្វើការជាមួយគ្នា ដើម្បីប្រមូល ថវិកាឲ្យទៅលោកប្រធានមន្ទីរខាងលើ ។ ក្រៅពីឈ្មោះនេះក៏នៅមានឈ្មោះ ម៉េង ជិះរថយន្តកាមរីបាឡែនពណ៌ខ្មៅ គឺជាអ្នករកចំណូលឲ្យលោកនាយ ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ និងឈ្មោះ វ៉ា ហៅ”អាវ៉ែនតា” ក៏ជាអ្នកប្រមូលចំណូលឲ្យលោកនាយសង្កាត់រដ្ឋបាលព្រៃឈើតំបែរ ផងដែរ ៕

 

Leave a Reply

(*) Required, Your email will not be published