រឿង«ខេម» កាន់តែជាប្រធានបទក្តៅគគុក….លោក វ៉ា សុធា ជាមន្ត្រីរាជការ ហេតុអី មានឈ្មោះជានាយកក្រុមហ៊ុន ?

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី ខេម ទម្លាយរឿងឈឺចាប់លាក់ទុករាប់ឆ្នាំ បន្ទាប់ពីផលិតកម្ម ថោន ចេញលិខិត ហៅឲ្យចូលខ្លួនដោះស្រាយលើបញ្ហាកិច្ចសន្យា។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង ខេម មានឈ្មោះថា «Khem ខេម» បានបង្ហោះសារយ៉ាងវែងអន្លាយមួយ រៀបរាប់ពីទំហំនៃក្ដីឈឺចាប់ជាច្រើន ពេល ខេម កំពុងជ្រកកោនច្រៀងក្នុងផលិតកម្ម ថោន។ មិនតែប៉ុណ្ណោះតារាចម្រៀង ខេម បានហៅខ្លួនឯងថា «ឆ្កែ» គ្រប់ម៉ាត់ ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ ពេលបម្រើម្ចាស់របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ។
«យប់ជ្រៅហើយ!
អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់ មិនដែលទាមទាអ្វីឡើយ ហើយក៏មិនដែលធ្វើអ្វីឲ្យមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថា ឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះ បំពានកុងត្រានោះ គឺពិតជាភ្ញាក់ផ្អើល ហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះ មិនដែលមានបំណងឡើយហើយឆ្កែមួយក្បាលនេះ គឺសុំលាឈប់ដោយត្រឹមត្រូវមានទំាងលិខិតលាឈប់ ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹងនៅច្រៀងទៀតតែមេគេចវេសរុញទៅអ្នកនេះអ្នកនោះមិនឱ្យមើល (ឬមេចង់ឲ្យខ្ញុំបង្ហាញភ័ស្តតាងតាមហ្វេសបុកនេះ) ខ្ញុំមិននឹកស្មានថាមេខ្ញុំដែលសព្វថ្ងៃជា ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញវត្តុក្រុងភ្នំពេញ មានលុយរាប់សិបលានដុល្លារ ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់ បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាល ដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ បក្សពួកនិយមក្នុងក្រុមហ៊ុនដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានៈអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះប្រឹងព្រុស ឲ្យម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិនដែលខ្វល់នឹងបោះឆ្អឹងឲ្យក៏ដោយក៏ឆ្កែមួយក្បាលនេះគោរពនឹងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត…..។

ចំណុចរសើបត្រង់ថា លោក វ៉ា សុធា ជាមន្ត្រីរាជការ មុខងារសាធារណៈ និងមានតួនាទីជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ហេតុអីក៏មានឈ្មោះជាអគ្គនាយកក្រុមហ៊ុន? តែលោក វ៉ា សុធា បានបដិសេធដោយនិយាយយ៉ាងខ្លីថា «ប្រពន្ធខ្ញុំ​ ម្ចាស់ផលិតកម្មថោន»។

ពេលនេះ «ខេម» កាន់តែវីវរហើយ រឿងចាស់មិនទាន់ដោះស្រាយ ចូលដល់រឿងថ្មីទៀតហើយ។ ព្រោះសំណេរកាលពីយប់មិញ ឥឡូវនេះផលិតកម្មចាស់របស់ខ្លួនបានទាមទារឱ្យ ខេម សុំទោស និងកែតម្រូវលើសំណេររបស់ខ្លួន ដែលសរសេរ ថា ថៅកែផលិតកម្មចាស់របស់ខ្លួនជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងសំណេរដ៏វែងអន្លាយរបស់ «ខេម» នោះ ឃើញថា ខាងអតីតផលិតកម្ម សុំឱ្យកែតម្រូវតែមួយចំណុចទេ។

មិត្តអ្នកអានកំពុងឆ្ងល់ថា ក្នុងសំណេរចុកឈាម របស់ «ខេម» ដ៏វែងអន្លាយនោះ ហេតុអ្វីផលិតកម្មថោន ឱ្យកែតម្រូវតែមួយចំណុច? ចុះចំណុចដទៃទៀតជារឿងត្រឹមត្រូវ ឬយ៉ាងណា ទើបមិនទាមទារឱ្យកែតម្រូវ?

អ្នកកំពុងតាមដានសំណុំរឿងនេះ ក៏កំពុងឆ្ងល់ដែរថា ផលិតកម្មថោន ច្រាន ចោលថា លោក វ៉ា សុធា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ ដែលជាស្វាមីរបស់លោកស្រី ជួប មាន មិនមែនជាម្ចាស់ផលិតកម្មថោនឡើយ។ ក៏ប៉ុន្តែនៅក្នុងលិខិតជូនពររបស់បុគ្គលិកនៅផលិតកម្មថោនដែលបានធ្វើនាពេលកន្លងទៅ បានដាក់តួនាទីលោក វ៉ា សុធា ជាអគ្គនាយកក្រុមហ៊ុនថោន។

ក្រៅពីតួនាទីដែលបានបង្ហាញក្នុងលិខិតជូនពររបស់បុគ្គលិកថោននេះទៅ គេក៏បានឃើញផងដែរថា ក្នុងសារជូនពររបស់លោក វ៉ា សុធា ទៅកាន់ថ្នាក់ដឹកនាំស្ថាប័នជាតិនាពេលកន្លងទៅ ក៏បានដាក់តួនាទីរបស់លោក ជាអគ្គនាយករបស់ក្រុមហ៊ុនថោនផងដែរ។

ដូច្នេះតើការសរសេររបស់ «ខេម» ថា លោក វ៉ា សុធា ជាមេរបស់គេជាការខុសឆ្គង ឬក៏ការប្រើតួនាទីរបស់លោក វ៉ា សុធា ក្នុងលិខិតជូនពរថ្នាក់ដឹកនាំនាពេលកន្លងទៅខុស?

ក្រៅតែពីការបញ្ជាក់តាមរយៈសារជូនពរនេះ នៅក្នុងក្រុមហ៊ុនថោននាពេលកន្លងទៅ គេក៏តែងតែឃើញវត្តមានលោក វ៉ា សុធា ផងដែរ តើលោក វ៉ា សុធា ទៅលេង ឬយ៉ាងណា?

លិខិតបដិសេធរបស់ផលិតកម្ម ត្រូវបានគេមើលឃើញថា ជាការកំពុងស្វែងរកកំហុសផ្នែកច្បាប់ ដើម្បីដាក់បន្ទុកទៅលើ «ខេម»។

តែទោះជាយ៉ាងណា អ្នកដែលបានដឹងរឿងក្នុងផលិតកម្ម បានលើកឡើងថា ការលើកឡើងរបស់ «ខេម» មិនខុសនោះឡើយ។ មិនខុសត្រង់ថា បើទោះក្នុងលិខិតចុះបញ្ជិការផលិតកម្មដាក់ឈ្មោះរបស់លោកស្រី ជួប មាន ជាភរិយារបស់លោក វ៉ា សុធា ក៏ដោយចុះ តែគេអាចទៅសួរបុគ្គលិកនៅក្នុងក្រុមហ៊ុនថោនទាំងអស់ទៅមើលថា តើនរណាមិនហៅលោក វ៉ា សុធា ថាជា «មេ» នោះ?

សំណុំរឿងរបស់ «ខេម» ម្ចាសទឹកដមសំនៀងដែលធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេញចិត្តតាមរយៈបទ «ព្យ៉ាណូបាក់ខ្ទង់» និងអតីតផលិតកម្មរបស់ខ្លួន គឺកំពុងតែក្តៅ និងកក្រើកឡើងហើយ។

គេរង់ចាំមើលថា តើលទ្ធផល រវាងអ្នកចម្រៀងសំឡេងស្អក និឹងផលិតកម្មដែលមានថៅកែជាអ្នកមានធនធានស្តុកស្តម្ភនៅកម្ពុជាមួយរូបនឹងទៅជាយ៉ាងណា?៕

 

Leave a Reply

(*) Required, Your email will not be published