
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្លឹបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោង អចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត ផងនោះ បានរងការចោទប្រកាន់ ថា បានបោកទូរស័ព្ទនិងវ៉ៃមនុស្សស្រីយ៉ាងព្រៃផ្សៃ ។ ប៉ុន្តែ លោកឧកញ៉ា បានបដិសេធ ការ ចោទប្រកាន់នេះ។ហេតុការណ៍នៃអំពើហិង្សានេះគឺ បានកើតឡើងកាលពីវេលាម៉ោង២១៖៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចហាងមួយកន្លែង ឈ្មោះ «ឡា វ៉ូត» ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលទើបទទួលបាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញមកលេងនៅ ខេត្តព្រះសីហនុ ។
នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត ។ ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី និង មកជាមួយបងប្អូនរបស់គាត់ មកហូបអាហារនៅហាងនេះដែរ ។ ខណៈនោះ បងស្រីជនរងគ្រោះ បានបបួលទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាណង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាលាង បានស្រែកជេរបងស្រីជនរងគ្រោះ ។
ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះ បានលើកទូរស័ព្ទ រកថតសកម្ម ភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក សាំងសុង យកទៅបោកកម្ទេចនិងវៃជនរងគ្រោះ តែម្តង ។ក្រោយបង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រមោល ។
ជុំវិញបញ្ហានេះ ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែងប្រាប់ បន្ថែម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ រហូតមកទល់ពេលនេះ អ្នកនាងពុំទាន់ទទួលបានយុត្តិធម៌ នៅឡើយទេ ដោយសារភាគីជនបង្ក បានមកសម្របសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់អោយច្បាប់ចាត់ការរឿងនេះ ។
ឆ្លើយតបការចោទប្រកាន់នេះ វិញ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថ្លែងប្រាប់ ថា លោកមិនបានប្រព្រឹត្ តអំពើហិង្សាលើជនរងគ្រោះ ដូចការចោទប្រកាន់ នោះទេ ។ លោក ថ្លែងថា លោកបានត្រៀមមេធាវី រួចរាល់ហើយ ដើម្បីតតាំងករណីនេះ ។
ប្រជាពលរដ្ឋរិះគន់ថា ខ្លួនមានទ្រព្យសម្បត្តិ មានមុខមាត់ក្នុងសង្គម បែរជា លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា មានចរិតជាមនុស្សគ្មានសីលធម៌ វ៉ៃមនុស្សស្រី ធ្វើតែប្រទេសគ្មានច្បាប់។ សូមឲ្យសមត្ថកិច្ច មានវិធានការ ក្នុងរឿងនេះផង ខណៈ នៅតែជាបទល្មើសជាក់ស្ដែងនៅឡើយ៕
https://web.facebook.com/102761501485409/videos/1475754785950823/
