ខេត្ដកំពង់ធំ ៖ ថ្មីៗនេះ រឿងរ៉ាវមួយបានកំពុងក្លាយ ជាប្រធានបទក្តៅគគុក នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ដកំពង់ធំ ត្រូវបានមន្ដ្រីនគរបាលនារី ដែលជាកូនចៅ បានរួមគ្នាដាក់ពាក្យបណ្ដឹង ប្ដឹងទៅកាន់ សម្ដេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី នៃក្រសួងមហាផ្ទៃ ស្ដីពីបទបៀតបៀនកេរ្ដិ៍ភេទ យ៉ាងធ្ងន់ធ្ងរ។
យោងតាមលិខិត គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបរាប់ថា ក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ ពួក នាងខ្ញុំមួយចំនួន ត្រូវបានលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលជាស្នងការ បានហៅនាងខ្ញុំឲ្យទៅជួបគាត់នៅក្នុងបន្ទប់ធ្វើការរបស់គាត់ដើម្បីសួរនាំ កិច្ចការងារមួយចំនួន។ ដោយយល់ឃើញថា គាត់ជាថ្នាក់ដឹកនាំ ជាមេកើយ នាងខ្ញុំ ក៏បានទៅជួបគាត់ម្ដងម្នាក់ៗ ។ ពេលចូលទៅដល់បន្ទប់ តែពីរនាក់លោកស្នងការ បានសួរបញ្ជាក់ថា ពាក់ស័កិ្តប៉ុន្មាន? ហើយមុខតំណែងអីសព្វ ថ្ងៃ? ហើយបើចង់បានមុខតំណែង ឬឡើងស័កិ្ត ចង់ចាំបងជួយ ព្រោះបងជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែអូន ព្រមស្រលាញ់បង។ យ៉ាងទៀតបើអូនព្រមស្រឡាញ់បងកុំបារម្ភ ខ្លាចមានកូនអីព្រោះទឹកកាមបង គ្មានមេជីវិតបង្កកំណើតទេ។ពេលឮសំដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹក ស្មានថា គាត់ហ៊ាននិយាយពាក្យសំដីបែបនេះ មកលើនាងខ្ញុំជាកូនចៅ ជានារី ភេទនោះទេ ហើយនគរបាលជានារីខ្លះ មានទាំងប្ដីទាំងកូនផង។
ក្រៅពីពាក្យសម្ដីលួងលោម បុគ្គលនេះ បានចាប់បង្ខំ ឱ្យស្ទាបអង្អែល កេរ្តិ៍ខ្មាស ដោយមិនញញើត ទោះបីពេលខ្លះ ពួកនាងខ្ញុំ ខំរើបម្រះ ឬចង់ស្រែក ប្រាប់គេ ឯង ក៏មិនហ៊ាន ព្រោះខ្លាច អំណាចគាត់ ជាស្នងការ។ ម្យ៉ាងទៀត គាត់បានគំរាមមិនឲ្យប្រាប់រឿង ដែលគាត់ប្រព្រឹត្តនោះ ឲ្យនៅណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ។ទោះបីដឹងថា បុគ្គលនេះ តែងតែប្រព្រឹត្តបែបនេះ មកលើរូបកាយ និងផ្លូវភេទពួកនាងយ៉ាងណា ក៏មិនហ៊ានប្រាប់នរណាដែរ ម្យ៉ាងខ្លាច ប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ នាងខ្ញុំជាស្ត្រីភេទ ទន់ខ្សោយ ម្យ៉ាង ខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដី អាចប្រឈម នឹងការលែងលះគ្នា ធ្វើឱ្យបែកបាក់គ្រួសារ។ពេលខ្លះ ពួកនាង ត្រូវយកឯកសារ ទៅឆ្លងយោបល់ គាត់ ម្នាក់ៗខ្លាច មិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយ មិនអាចប្រកែកបាន ម្យ៉ាងទៀត គាត់ប្រាប់តាមរយៈ នាយការិយាល័យ ឬស្នងការរង ទទួលផែន តម្រូវឲ្យយើងខ្ញុំ ទៅបកស្រាយផ្ទាល់ ទើបគាត់ព្រម។
នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំបានលើកឡើងចំៗថា ក្រៅពីស្ទាបអង្អែល សុដន់ ឬកេរ្តិ៍ភេទនាងខ្ញុំ ដែលជាជនរងគ្រោះ បុគ្គលនេះក៏បង្ខំឱ្យនាងខ្ញុំលេងប្រដាប់ភេទគាត់ រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចាកចេញពីបន្ទប់របស់គាត់។ នគរបាលជានារីដែលចូលទៅជួបគាត់មួយចំនួន គឺជួបនឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ ត្រូវបែកបាក់គ្រួសារ ដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។
កន្លងមក ពួកនាងខ្ញុំបានទៅបំភ្លឺ នៅនាយកដ្ឋានបុគ្គលិករួចហើយ ប៉ុន្តែពុំទទួលបានយុត្តិធម៌ទេ។ផ្ទុយទៅវិញ បុគ្គលនេះកាន់តែគៀបសង្កត់ មើលងាយមើលថោក មកលើពួកនាងខ្ញុំជាជនរងគ្រោះ ដោយគំរាម មិនឱ្យតែងតាំង ឬដំឡើងស័ក្តិជាដើម។
មកដល់ពេលនេះ ពួកនាងខ្ញុំ គ្មានផ្លូវណាដើម្បីជ្រើសរើស ក្រៅពីគោរពស្នើសុំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ដែលជាឪពុកម្ដាយ ជួយរកយុត្តិធម៌ ឲ្យកូនចៅជាជនរងគ្រោះផង ព្រោះអ្នកប្រព្រឹត្តជាមេកើយហើយមានអំណាចគៀបសង្កត់ មកលើកូនចៅ ដែលទន់ខ្សោយ។
នារីៗជាមន្រ្តីនគរបាលខេត្តកំពង់ធំបានបន្តថា ក្រៅពីប្រព្រឹត្តអំពើថោកទាប ដែលសង្គមស្អប់ខ្ពើមនេះបុគ្គល អ៊ុក កុសល នេះ ដឹកនាំបង្កើតបក្ខពួក សែ ស្រឡាយ ពុករលួយ និងអុជអាល ឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងទាំងថ្នាក់ដឹកនាំស្នងការ ក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាច ស្ដារកិត្តិយស បានឡើយ។
ជាថ្មីម្ដងទៀត នាងខ្ញុំជាមន្ត្រីនគរបាល ស្នងការដ្ឋានខេត្តកំពង់ធំ សូមលើក ដៃសំពះអង្វរ ដល់សម្ដេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដល់នាងខ្ញុំ ដែលជាជនរងគ្រោះ ទន់ខ្សោយ គ្មានខ្នងបង្អែក មានតែសម្ដេច និងលោកជំទាវ ដែលជាឪពុកម្ដាយជួយថែរក្សាការពារនិងផ្ដល់យុត្តិធម៌ ឲ្យកូនចៅក្រោមឱវាទ ផងនិងសូមសម្ដេចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តអំពើមិនគួរគប្បី មកលើកូនចៅ របស់ខ្លួនដូច្នេះ ដើម្បីជាគំរូ ដល់ថ្នាក់ដឹកនាំដទៃទៀតកុំឲ្យយកតម្រាប់តាម។
ទោះបីយ៉ាងណា គេហទំព័រកំណើតថ្មី បានទូរស័ព្ទ ទៅលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីសុំការឆ្លើយតប ការចោទប្រកាន់ នេះ តែលោកមិនទទួលទូរស័ព្ទឡើយ ៕


