
រាជធានីភ្នំពេញ ៖ ប្រភពច្បាស់ការពីមន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ បានបង្ហេីបអោយដឹងថា ពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋយកមកធ្វេីជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅខេត្តមណ្ឌលគិរី យ៉ាងហោចណាស់មានមន្ត្រីជាង ២០ នាក់ ត្រូវបាន គណៈរដ្ឋមន្ត្រី ស្នេីសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដកហូតតួនាទី និង បណ្ដេញចេញពី គណបក្ស ។
ប្រភពបានបន្តថា យោងតាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគោរពស្នេីសុំគោលការណ៍ ពីសម្ដេចតេជោ ហ៊ុន សែន មានចំណាត់ការទៅលេីមន្រ្តីមួយចំនួនដូចខាងក្រោម ៖
១- គួរសម្រួលភារកិច្ច ឯកឧត្ដម ស្វាយ សំអ៊ាង ពី អភិបាល ខេត្តមណ្ឌលគីរី ដោយហេតុថា ឯកឧត្ដមមិនបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការចាត់វិធានការ ចាំបាច់នានា ដេីម្បីទប់ស្កាត់និង បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្ត អោយមានប្រសិទ្ធិភាព និងមានឯកសារខ្លះ ឯកឧត្ដម បានចូលរួមចុះហត្ថលេខា ទទួលស្គាល់ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ។
២- គួរបញ្ចប់ដំណែង លោក សេង សុវណ្ណារ៉ា ពី សមាជិក គណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយហេតុថា លោកបានឃុបឃិតគ្នា ជាមួយអាជ្ញាធរ មូលដ្ឋាន ក្នុងការរៀបចំឯកសារជាច្រើនដើម្បីយកដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងជាកម្មសិទ្ធិ ផ្ទាល់ខ្លួន ទោះបីជាត្រូវ បានដកដំណែង ចេញពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ពីសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរីក៏ដោយ ក៏លោក នៅតែបន្តព្យាយាម ស្នេីសុំកាន់កាប់ ដីព្រៃដែលរដ្ឋបាលខេត្ត បានចេញលិខិតនិរាករណ៍រួចហេីយ ។
៣- គួរចាត់វិធានការបញ្ចប់ដំណែង ឯកឧត្ដម ណយ ស្រូន ពីសមាជិកព្រឹទ្ធសភាភូមិភាគទី ៨ ដោយហេតុថា ឯកឧត្ដម មានការពាក់ព័ន្ធ នឹងការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាច្រើនហិកតា ។
៤- គួរចាត់វិធានការបញ្ចប់ដំណែង លោក ស៉ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក និងធ្វើការស៊ើបអង្កេត និង អនុវត្តវិធានការច្បាប់បន្ថែមទៀតចំពោះរូបលោក ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធការកាប់រានទន្ទ្រាន យកដីព្រៃ ដោយខុសច្បាប់ជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និង ជម្រកដែនសត្វព្រៃស្រែពក ចាប់តាំងពីលោកកាន់តំណែង ជាអភិបាលស្រុកកែវសីមា រហូតដល់ជា អភិបាលស្រុកកោះញែកនាពេលបច្ចុប្បន្ន ។
៥- គួរចាត់វិធានការបញ្ចប់តំណែងលោក សៀក មុន្នី ពី អភិបាលស្រុកអូររាំង ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធនិងឃុបឃិតគ្នាទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់និងធ្វេីកម្មសិទ្ធិ ដោយតម្រូវអោយ មេភូមិ មេឃុំ ចុះហត្ថលេខា លេីការបញ្ជាក់កម្មសិទ្ធិ ដីធ្លីដោយខុសច្បាប់ជាច្រើន ។
៦- គួរចាត់វិធានការបញ្ចប់តំណែង លោកស្រី ថ្វាន់ ត្រែល ពីចៅសង្កាត់ សែនមនោរម្យ ស្រុកអូររាំង ដោយហេតុថា ចៅសង្កាត់រូបនេះ តែងតែចុះហត្ថលេខាដឹងលឺ លេីការលកលដូរដីព្រៃដោយខុសច្បាប់ និង ធ្វើលិខិតបញ្ជាក់ ផ្សេងៗជាមួយឈ្មោះ ញ៉ាង ម្យក់ មេភូមិ ពូហ្សាម ទោះបីមានការណែនាំ និង ព្រមានជាច្រើនដង ។
៧- គួរចាត់វិធានការបញ្ចប់តំណែងលោក ប៊ុត សំអែល ពីឃុំ ស្រែខ្ទុម ព្រោះហេតុថា មេឃុំរូបនេះ មានការចូលរួមឃុបឃិត រៀបចំផែនការផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ ពិសេសបានចូលរួម ញុះញង់ប្រជាពលរដ្ឋអោយតវ៉ាទាមទារនិងកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៨- គួរចាត់វិធានការបញ្ចប់តំណែងលោក ពឿប ពេ មេឃុំ ស្រៃព្រះ ដោយហេតុ ថា មេឃុំរូបនេះជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍ ដោយ មានការចាត់ចែង ពីថនាក់ខេត្ត និង បង្ករការងាយស្រួល អោយមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ និង បែងចែកដីព្រៃ យ៉ាងអនាធិបតេយ្យអោយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដោយមិនខ្លាចញញេីតច្បាប់ឡេីយ ។ មេឃុំរូបនេះ បានឃុបឃិតជាមួយអតីតអភិបាល ស្រុកកែវសីមា លោក ស៉ិន វណ្ណវុឌ្ឍ និង លោក សុខ សេរា បេីកដៃ អោយមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៩- គួរចាត់វិធានការ បញ្ចប់តំណែងលោក សុខ សេរា ពីនាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោក ជាអ្នកសម្របសម្រួល ការងារ និង ប្រេីប្រាស់រូបភាព ស្នេីសុំដីសម្បទានសង្គមកិច្ច ដែលបង្ករអោយមានការកាប់ រានទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិយកទៅលក់អោយឈ្មួញជាបន្តបន្ទាប់ ។
១០- គួរចាត់វិធានការបញ្ចប់តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋាន ខ្សែក្រវាត់ព្រំដែន និង នាយទាហាន នាយទាហានរង ចំនួន ១២ រូបទៀត ដែលបានប្រេីប្រាស់តួនាទីបេសកកម្ មនិងគ្រឿងចក្ ររបស់អង្គភាព ធ្វើសកម្មភាពកាប់រានទន្ទ្រាន កាន់កាប់ដីព្រៃខុសច្បាប់ តាមដងផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
១១- គួរចាត់វិធានការបញ្ចប់តំណែងលោក ថាន ប៊ុនធឿន ពីមេបញ្ជាការសឹករងស្រុកកោះញែក ដោយសារតែ តាមភរិយារបស់ខ្លួនឈ្មោះ ខេង សុខនី បានទិញដីជាច្រើនហិកតា ពីប្រជាពលរដ្ឋដែលទន្ទ្រាន កាន់កាប់ដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ។
ដោយសារតែករណីនេះ ជាប់ពាក់ព័ន្ធ ជាមួយមន្ត្រីច្រើន នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានចារលេីរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជូនទៅសម្ដេចក្រឡាហោម ស ខេង ដេីម្បីដឹកនាំការប្រជុំ និង លេីកយោបល់មកសម្ដេចតេជោ ហ៊ុន សែន វិញ ។
នៅថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២០ នេះ សម្ដេចក្រឡាហោម ស ខេង បានសម្រេច បង្កេីតក្រុមការងារអន្តរក្រសួងមួយដែលមានក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ដែលមាន ឯកឧត្តម អង្គ មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន ។ ក្រុមការងារអន្តរក្រសួងនេះមានតួនាទី និង ភារកិច្ច ចុះសិក្សាស្រាវជ្រាវ លេីករណីនីមួយៗនៃការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី តាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ អោយបានជាក់ស្ដែង និងប្រមូលឯកសារ និង ភស្តុតាងនានាពាក់ព័ន្ធជាមួយ នឹងមន្ត្រី និង អ្នកពាក់ព័ន្ធនឹងសកម្មភាពទាំងនោះ ។
សូមបញ្ជាក់ថាថ្មីៗកន្លងមកនេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថា នឹងមិនអត់ឱអោយមន្រ្តីណាទន្ទ្រានយកដីព្រៃឬបស់រដ្ឋជាដាច់ខាត ។
ប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលេីពួកមន្រ្តីខិលខូចដែលឃុបឃិតគ្នាទន្ទ្រានដីព្រៃរបស់រដ្ឋយកមកធ្វេីជាកម្មសិទ្ធិរបស់ខ្លួន ។ ប្រភព https://phengvannaknews.com










