
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទទួលបានការឯកភាពពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់ រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរី។
យោងតាមសេចក្ដីសម្រេច របស់សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារអន្តរក្រសួង នេះមានចំនួន១៣រូបដោយមាន លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាននិងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអនុប្រធាន។
ការសម្រេចបង្កើត គណៈកម្មការអន្តរក្រសួងនេះឡើង គឺយោងតាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ ដោយមានចំណារឯកភាពពីប្រមុខរាជរដ្ឋាភិបាលផងដែរ។
បើតាមប្រភពពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់មានមន្ត្រីពាក់ព័ន្ធជាង ២០ នាក់ រួមទាំង អភិបាលខេត្ត មណ្ឌលគីរី អភិបាល ស្រុកកោះញែក ស្រុក អូររាំង សមាជិកព្រឹទ្ធសភា ឧត្ដមសេនីយ៍ ។ ល ។ ត្រូវបានឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី គោរពស្នើសុំគោលការណ៍ពី សម្ដេចតេជោ ហ៊ុន សែន ដើម្បី កែសម្រួលភារកិច្ច និង ដកហូតមុខតំណែង ព្រោះ ពាក់ព័ន្ធនឹងការគប់គិតគ្នាទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធិ ។