ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ច ស្វែងរកឃើញវិញហើយ នៅក្នុងសណ្ឋាគារ ផ្កាឈូកទិព្វ ក្នុងទីរួមខេត្តកំពង់ចាម ល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ។
ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយ មន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ។ស្ត្រីរូបនេះត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលឱ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ស្ត្រីរូបនេះ បានស្នាក់នៅក្នុងបន្ទប់របស់ខ្លួនធម្មតា ស្រាប់តែព្រឹកឡើងម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ ខែកក្កដា ពេលក្រុមគ្រូពេទ្យយកអាហារទៅជូនមិនឃើញទើបមានការភ្ញាក់ផ្អើល។
បច្ចុប្បន្នសមត្ថកិច្ ចបានដាក់ស្ត្រីខាងលើ ដើម្បីធ្វើ ចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ហើយ មន្ត្រីសុខាភិបាល ក៏បានយកសំណាកស្ត្រីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ៕

