រាជធានីភ្នំពេញ ៖ មនុស្ស៤នាក់ បានបាត់បង់ជីវិត និងមនុស្ស៥នាក់ផ្សងទៀត បានរងរបួស នៅក្នុងហេតុការណ៍ ផ្ទុះធុងហ្គាសកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នៅផ្ទះលេខ៣៦(ផ្ទះលក់ហ្គាស)ស្ថិតនៅផ្លូវ៦៣ (ផ្លូវត្រសក់ ផ្អែម) ភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅយប់ថ្ងៃនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ មានកូនម្ចាស់ផ្ទះ២ នាក់ និងកម្មករ២នាក់។ ជនរងគ្រោះទី១៖ឈ្មោះ ឡាំ សេងហាវ អាយុ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ), ទី២៖ឈ្មោះ ឡាំ គីមឡាង អាយុ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ), ទី៣៖ឈ្មោះ ម៉ៅ ស៊ីណាត អាយុ២២ឆ្នាំ ភេទប្រុស (កម្មករ) និងទី៤៖ឈ្មោះ មុន មករា អាយុ១៨ឆ្នាំ ភេទប្រុស (កម្មករ)។
ដោយឡែក អ្នករងរបួសរួមមាន ទី១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល, ទី២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់), ទី៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ ភេទប្រុស (កូន), ទី៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន) និងទី៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។
នាយការិយាល័យរូបនេះ បានឲ្យដឹងទៀតថា សាកសពអ្នកស្លាប់ទាំង៤នាក់ ត្រូវបានយកចេញពីគំនរផេះ ហើយយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណៈអ្នករបួសទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕




