
ខេត្តត្បូងឃ្មុំ ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក យឹម វណ្ណៈ មេគយ ច្រកដា នៅតែប្រើតួនាទី និងអំណាចរបស់ខ្លួន ប្រព្រឹត្តអំពើពុករលួយច្រើនបែបច្រើនយ៉ាងដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែក រឹងមាំ។ ជាក់ស្តែងលោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងរាលដាលរបស់លោក យឹម វណ្ណៈ មេគយច្រកដា ហៅច្រកដូង៧ដើម នោះទេហើយ បែរជាបណ្តោយឲ្យលោក យឹម វណ្ណៈ និងបក្ខពួកធ្វើអ្វីៗ ស្រេចតែអំពើចិត្តរបស់ខ្លួន។ ហេតុនេះលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះបច្ចុប្បន្នលោក យឹម វណ្ណៈ មេគយច្រកដា ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីប្រទេស វៀតណាម តាមច្រកដា ហៅច្រកដូង៧ដើម យ៉ាងសុខស្រួលដដែល។
បើតាមមន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យដឹងថា ឈ្មួញដែលនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ តាមច្រកដា ហៅច្រកដូង៧ដើម មាន ដូចជា ឈ្មួញឈ្មោះ ចែពិដោរ ឈ្មួញឈ្មោះ ចែដែត និងឈ្មួញជាមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងក្រសួងមហាផ្ទៃ។ក្រុមឈ្មួញទាំងនេះត្រូវបានគេដឹងថាមានទំនាក់ ទំនងយ៉ាងចិត្តស្និទ្ធជាមួយលោក យឹម វណ្ណៈ មេគយច្រកដា ដើម្បីឲ្យមុខជំនួញរបស់ពួកគេ អាចប្រព្រឹត្ត ទៅដោយរលូន គ្មានឧបសគ្គ។ ទន្ទឹមនឹងនេះក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកដា ហៅច្រកដូង៧ ដើម គឺមានការឃុបឃិតបើកដៃ ពីសំណាក់លោក យឹម វណ្ណៈ មេគយច្រកដា ផងដែរទើបឈ្មួញទាំងនោះ អាចដឹកជញ្ជូនឈើ ទៅដល់គោកដៅ យ៉ាងសុខស្រួល។ លើសនេះទៅទៀត ក្រុមឈ្មួញ និងអាជីវករ ដែលដឹកជញ្ជូន កសិផលផ្សេងៗ ចេញទៅស្រុកយួនតាមច្រកដា ក៏ត្រូវលោក យឹម វណ្ណៈ គាបយកលុយតាមអំពើចិត្តរបស់ខ្លួន។
ប្រភពស្និទ្ធនឹងលោក យឹម វណ្ណៈ មេគយច្រកដា បានឲ្យដឹងថា លោក យឹម វណ្ណៈ តែងប្រើឈ្មោះលោកទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ដើម្បីបិទ បាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម ហើយឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងរលូន។ ហេតុនេះលោក គុណ ញឹម អគ្គនាយកគយ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះរឿងអាស្រូវពុករលួយ របស់លោក យឹម វណ្ណៈ មេគយច្រកដា ត្រូវបានបើកកកាយជាបន្តបន្ទាប់ ហើយបណ្តាញព័ត៌មាននានា ក៏បានចុះផ្សាយជាសាធារណៈផងដែរ។ ជាពិសេសលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយឲ្យលោក យឹម វណ្ណៈ មេគយច្រកដា ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះករណីលោក យឹម វណ្ណៈ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ៕



