បុគ្គលឈ្មោះ ហាន បើកបនល្បែងស៊ីសងខុសច្បាប់ យ៉ាងរាលដាលក្នុងស្រុកត្បូងឃ្មុំ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

, , Leave a comment

ខេត្ត​ត្បូងឃ្មុំ ៖​ ប្រភពពីប្រជាពលរដ្ឋ នៅឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ ហាន បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ដំណើរការយ៉ាងរលូនព្រោះគ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធ ណាចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឡើយ។

ប្រជាពលរដ្ឋបានកត់សម្គាល់ថា មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីរោទ៍ទី១ និងមេប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំទន្លេបិទ ព្រមទាំងលោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បណ្តោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក។ ចំណែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ រក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងរាលដាលក្នុងស្រុកត្បូងឃ្មុំ នោះទេ។

បើតាមប្រភពខ្លះបានឲ្យដឹងថា ការដែលបុគ្គលឈ្មោះ ហាន អាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ក្នុងឃុំជីរោទ៍ទី១ ក៏ដូចជាក្នុងឃុំទន្លេបិទ ហើយអាចដំណើរការយ៉ាងរលូន គឺមានការឃុបឃិតបើកដៃ​ ពីសំណាក់មន្ត្រីអាជ្ញាធរនិងសំណាក់សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ប្រជាពលរដ្ឋក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់និងវង់បៀ អាប៉ោង៥កន្លែង ចល័តទៅមកៗជាប្រចាំ ហើយកន្លងមក ការបង្ក្រាបរបស់សមត្ថកិច្ចបានត្រឹមតែធ្វើ ឲ្យល្អមើលប៉ុណ្ណោះ។​

តាមការកត់សម្គាល់ របស់ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា កន្លងមកការបង្ក្រាបពីសំណាក់សមត្ថកិច្ចបានត្រឹមតែដុតកន្ត្រកដាក់មាន់ជល់និងសង្វៀន បញ្ជល់មាន់ចោល ហើយបុគ្គលឈ្មោះ ហាន ជាអ្នកបើកល្បែងស៊ីសង ខុសច្បាប់អាចគេចផុតពីសំណាញ់ច្បាប់យ៉ាងសុខស្រួលដដែល។

ដោយមានសេចក្តីព្រួយបារម្ភពីបញ្ហាអសន្តិសុខសង្គម ទើបប្រជាពលរដ្ឋក្នុងឃុំ ជីរោទ៍ទី១ និងឃុំទន្លេបិទ អំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ប្រជាពលរដ្ឋសង្ស័យថា លោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក៏ដូចជាលោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ ទំនងមានភាគហ៊ុន ជាមួយបុគ្គលឈ្មោះ ហាន ដែលជាអ្នកបើកសង្វៀនបញ្ជល់មាន់ និងវង់បៀអាប៉ោងផងដែរ ទើបមិនចាត់វិធានការបង្ក្រាបប្រកបដោយប្រសិទ្ធភាព។

 

Leave a Reply

(*) Required, Your email will not be published