តុលាការ ចេញដីកាឃុំខ្លួនលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបាន ពាក់ព័ន្ធករណីរំលោភដីរដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ទីបំផុតលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានចៅក្រម សម្រេចចេញដីកាឃុំខ្លួន បណ្តោះអាសន្ន ក្រោមបទចោទប្រកាន់រំលោភដី សាធារណរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី ។

ការចេញដីកាឃុំខ្លួនលោក សេង សុវណ្ណារ៉ា ធ្វើឡើងបន្ទាប់ ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពាក់ព័ន្ធ នឹងករណីរំលោភដីសាធារណ របស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី។

បើតាមលោក គុជ គឹមឡុង, លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ចំនួន៤ ដែលរួមមាន បទល្មើសឆរបោកមានស្ថានទម្ងន់ទោស, បទរំលោភយកទ្រព្យសម្បត្តិ សាធារណៈរបស់រដ្ឋ, បទគំរាមកំហែង មិនឱ្យប្តឹងផ្តល់ និងបទកាន់កាប់អាវុធដោយខុសច្បាប់។

គួរជម្រាបថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០ម្សិលមិញ នៅពេលចូលទៅបំភ្លឺ ករណីរំលោភលើដីសាធារណៈ របស់រដ្ឋប្រមាណ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងពី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមសំណើ ទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

លោកក៏ត្រូវបាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រេចដកតំណែង ចេញពីក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរីផងដែរ។ ជាការកត់សម្គាល់ការសម្រេចដកលោក សេង សុវណ្ណារ៉ា ពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី បានកើតមានឡើងបន្ទាប់ពីផ្ទុះរឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក និងឃុំសែនមនោរម្យ ដែលមានលោកស្រី មេឃុំឈ្មោះ ថ្វាន់ ត្រែល ស្រុកអូរាំង ខេត្តមណ្ឌលគិរីជាអ្នករៀបចំដីនិងចុះហត្ថលេខា បញ្ជូន ជិត៣០០ហិចតា។ ដូចនេះគួរតែថ្នាក់លើ ពិនិត្យ ករណីមន្ត្រីអាជ្ញាធរឃុំ-ស្រុក-ខេត្ត ដែលចុះហត្ថលេខា មិនប្រក្រតីដល់លោក សេង សុវណ្ណារ៉ា រំលោភ ដីសាធារណ របស់រដ្ឋច្រើនពាន់ហិកតា នៅខេត្តមណ្ឌលគិរីផង៕

 

Leave a Reply

(*) Required, Your email will not be published