ក្រុងបាត់ដំបង ៖ ទីតាំងល្បែង ភ្នាល់ទឹកភ្លៀង និងអាប៉ោងបៀ នៅចំណុច វាលស្រែ ១០០ ស្ថិតនៅក្នុងភូមិសំរោង២ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកលេង រៀងរាល់ឆ្នាំ ដែលក្នុងមួយខែៗ ម្ចាស់បនល្បែង ឈ្មោះ អួន តាល់ បានចំណាយ លើសមត្ថកិច្ច និងអាជ្ញាធរ អស់ខ្ទង់ម៉ឺនដុល្លារ ទើបអាចដំណើរការ ដោយរលូន គ្មាននរណា ហ៊ានប៉ះពាល់។
ប្រជាពលរដ្ឋ បានឲ្យដឹងថា លោក អួន តាល់ ជាម្ចាស់ល្បែង ស៊ីសង ភ្នាល់ទឹកភ្លៀង និងអាប៉ោងបៀ យូរណាស់មកហើយ មិនដែលមាន សមត្ថកិច្ចណា ហ៊ាន ប៉ះពាល់នោះទេ។ទីតាំងបនល្បែងមួយកន្លែងនេះ មានមនុស្សចូលលេង ច្រើន កុះករ មិនចាញ់កាស៊ីណូ ប៉ុន្មានឡើយ ។ រៀងរាល់ថ្ងៃ គេឃើញ ក្រុមអ្នកញៀនល្បែង រាប់រយនាក់ ចេញចូល លេងល្បែងដោយសេរី គ្មានក្រែងញញើត អ្វីទាំងអស់។
ប្រជាពលរដ្ឋបានរិះគន់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង ដែលហាក់ដូចជា មើលរំលង មិនបង្ក្រាប បនល្បែង បៀរ អាប៉ោង នឹង ល្បែងភ្នាល់ទឹកភ្លៀង ដុះស្លែ របស់លោក អួន តាល់ ដែលកំពុងផ្គើន គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុច ដែលថ្នាក់លើ តែងតែក្រើនរំលឹក ដើម្បីលុបបំបាត់ ភាពអសកម្ម នៅក្នុងសង្គម៕





