
ខេត្តត្បូងឃ្មុំ ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅ តាមតំបន់ព្រំដែនវៀតណាម ក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នតាមច្រករបៀង ក្នុងស្រុកមេមត់ និងស្រុកពញាក្រែកមានសកម្មភាពនាំចូលសត្វមាន់ពីស្រុកយួនយ៉ាងពេញបន្ទុកហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។
ទន្ទឹមនឹងនេះប្រភព ពីមន្ត្រីនៅក្នុង មន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំនិងឈ្មោះសេង សោភា ប្រធានការិយាល័យស្ដីទីផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ ទេនោះ គឺគ្មានឈ្មួញណាអាចនាំចូលជ្រូកពីស្រុកយួនស្រេចតែអំពើចិត្តបានទេ ។
ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់បណ្ដោយឲ្យមន្ត្រីជំនាញក្នុងខេត្តត្បូងឃ្មុំ ឃុបឃិតឲ្យឈ្មួញនាំចូលសត្ចមាន់ ពីស្រុកយួន តាមច្រករបៀងទាំងយប់ទាំងថ្ងៃ បើទោះបីមាន បម្រាមពីក្រសួងពាក់ព័ន្ធណាយ៉ាងណាក៏ដោយ។
ជាក់ស្តែង កាលពីវេលាម៉ោង១២ថ្ងៃទី២ខែមីនាឆ្នាំ២០២០ មានរថយន្តម៉ាក ហ៊ី យ៉ាន់ដាយ ចំណុះ២តោនកន្លះ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-0853 ផ្ទុកដោយសត្វមាន់រាប់ពាន់ក្បាលចូលតាមច្រកដូនរ័ត្នស្រុកមេមត់ខេត្តត្បូងឃ្មុំដោយបង្ហាញ រូបភាពហាក់ធូររលុង ក្នុងការនាំចូល ពោលគឺ បានផ្ទុយពីសេចក្តីប្រកាសរបស់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលតម្រូវអោយមន្ត្ រីមានវិធានការទប់ស្កាត់ ពិនិត្យត្រឹមត្រូវ តាមជំនាញបច្ចេកទេស ក្រោយប្រទេសវៀតណាម ផ្ទុះជំងឺផ្តា សាយ បក្សីបង្កឡើងដោយវីរុសប្រភេទ H5N1។
ប្រភពប្រាប់បន្តថា ក្នុងមួយថ្ងៃៗយ៉ាងតិចមាន៤ទៅ៦គ្រឿង ប្រភេទ២តោនកន្លះ និងន្រភេទ៨តោនបានចូលតាមច្រកដូនរ័ត្នស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ចំណែកតម្លៃវិញ គឺ ត្រូវបង់គិតតាមចំណុះឡាន បើឡានចំណុះ៨តោនក្នុងមួយ ឡានត្រូវបង់៨០ម៉ឺនរៀលបើឡានចំណុះ២តោនត្រូវបង់៤០ម៉ឺនរៀល ដោយបង់ អោយជំនាញ គ្រប់គ្រងដោយលោក សេង សោភា ប្រធានការិយាល័យស្ដីទីផលិតកម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ ។
គួររំលឹកដែរថា ថ្មីៗកន្លងទៅនេះលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានចេញសារាចរណែនាំ ហាមដាច់ខាតការនាំផលិតផលធ្វើពីសាច់សត្វ និងសត្វបក្សី ពីប្រទេសវៀតណាម ព្រោះប្រទេសនេះកំពុងផ្ទូះឡើងនូវ ជម្ងឺផ្ដាស្សាយបក្សី ដើម្បីកុំឲ្យជម្ងឺនេះរីករាលដាល ក៏ដូចដើម្បីការពារសុខភាពពលរដ្ឋខ្លួន ក្រសួងបានដាក់ចេញនូវផែនការទប់ស្កាត់យ៉ាងតឹងរឹងក្នុងការនាំចូលផលិតផលធ្វើពីសាច់សត្វឬសត្វបក្សី តែផ្ទុយទៅវិញប្រសាសន៍ របស់លោករដ្ឋមន្ដ្រីកសិកម្ម ឈ្មោះ សេង សោភា ប្រធានការិយាល័យស្ដីទីផលិត កម្មនិងបសុព្យាបាលខេត្តត្បូងឃ្មុំ ជាបុគ្គលមន្ដ្រីក្រោមឱវាទ របស់លោកស្ដាប់មិនចូល ស្ដាប់មិនយល់ទេ ឬយល់ដែរតែលាភសក្ការៈវាធំជាងសារាចរណ៍ណែនាំនោះទៅទៀត។
ករណីឈ្មួញនាំចូលសត្វមាន់ខុសច្បាប់តាមច្រករបៀង ក្នុងខេត្តត្បូងឃ្មុំ គឺជាប្រភពចំណូលដ៏សំខាន់របស់មន្ត្រីពេទ្យសត្វ មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតផងដែរហើយធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់។ ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរសម្ងំស្ងៀមបន្តោយអោយមន្ត្រីពេទ្យសត្វ ធ្វើអ្វីតាមតែអំពើចិត្តនោះទេ ៕



