លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កាន់តែបង្កើនការប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាល

, , Leave a comment

ខេត្តបាត់ដំបង ៖ មន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានបង្ហើបឲ្យដឹងថា នៅដើមឆ្នាំ២០២០ នេះលោក យូ ហេង ប្រធានសាខាគយ ខេត្តបាត់ដំបង កំពុងប្រើអំណាចនិងតួនាទីប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពយ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់ ព្រោះអាង មានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា​ លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង​ បានយកបទពិសោធន៍នៃអំពើពុករលួយ កាលនៅធ្វើជាប្រធានសាខាគយខេត្តឧត្តរមាន ជ័យ មកអនុវត្តន៍​ក្នុងតួនាទីជាប្រធានសាខាគយខេត្តបាត់ដំបង យ៉ាងសុខស្រួល។ ជាងនេះទៅទៀតឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ប្រេងសាំងគេចពន្ធ តាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធតាមច្រកព្រំដែនក្នុងស្រុកសំឡូត​ ស្រុកសំពៅលូន ស្រុកកំរៀង និងស្រុកភ្នំព្រឹក បានឲ្យដឹងថា​ការដែលមន្ត្រីគយប្រចាំច្រកព្រំ ដែនទាំងនោះហ៊ានឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុកគឺដោយសារមានការ ឃុប ឃិតបើកដៃពីសំណាក់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមេគយចល័តក្នុងខេត្តបាត់ដំបង​ផងដែរ។ ចំណែកលោក គុណ ញឹម ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរក្សាភាពស្ងៀស្ងាត់ ទុកឲ្យលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងមេគយចល័តខេត្តបាត់ដំបង ធ្វើអ្វីៗតាមអំពើចិត្ត។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន​ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងបក្ខពួកត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។

ប្រភពដែលស្និទ្ធនឹងលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង បានឲ្យដឹងថា​ ទំនងលោក យូ ហេង ចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តបាត់ដំបងទើបខំប្រឹងស្រង់ដើមតាមរបៀប ពុករលួយយ៉ាងពេញទំហឹងដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ក្នុងតំណែងជាប្រធានសាខាគយខេត្តបាត់ដំបង ចាប់តាំងពីអំឡុងចុងខែមករា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺលោក យូ ហេង ឃុបឃិតឲ្យមន្ត្រីគយតាមច្រកព្រំដែនច្រើនកន្លែងក្នុងខេត្តបាត់ដំបង ធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង តែងប្រើឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ក៏ដូចជាយកឈ្មោះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ មកបិទបាំងអំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់ខ្លួនយ៉ាងក្រអឺតក្រទម។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអគ្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ ចំពោះរឿងអាស្រូវពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង និងបក្ខពួកនោះដែរ៕

 

Leave a Reply

(*) Required, Your email will not be published