
ខេត្តរតនគិរី ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះព្រៃឈើនៅក្នុងតំបន់កន្ទុយនាគឧទ្យានជាតិវីរៈជ័យស្រុកតាវែង និងស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងប្រឈម នឹងការបំផ្លាញយ៉ាងមហន្តរាយ។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗកន្លងទៅនេះ សមត្ថកិច្ចចម្រុះបានរកឃើញ គំនរឈើច្រើនកន្លែង នៅក្នុងតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ សរុប១៨៨៧កំណាត់ ហើយ៩២២កំណាត់គឺរកឃើញនៅក្នុងតំបន់កន្ទុយនាគ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងទៀតថា កន្លែងកើតមានបទល្មើសព្រៃឈើ យ៉ាងរាលដាលនោះ គឺស្ថិតនៅក្នុងតំបន់ដែលទទួលខុសត្រូវដោយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ បានឲ្យដឹងថា ឈើចំនួន៩៦៥កំណាត់ទៀត រកឃើញនៅក្នុងទីតាំងក្រុមហ៊ុនស្រ៊ុននុភាសុភី ស្រុកអណ្តូងមាស ហើយត្រូវបានគេដឹងថា ជាឈើខុសច្បាប់។ ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅក្នុងស្រុកតាវែង និងស្រុកអណ្តូងមាស បានលើកឡើងថា ប្រសិនបើគ្មានការ ឃុបឃិតបើកដៃ ពីសំណាក់មន្ត្រីបរិស្ថាន ប្រចាំតំបន់កន្ទុយនាគ ឧទ្យានជាតិ វីរៈជ័យ និងមន្ត្រីជំនាញព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺគ្មានឈ្មួញ ណាឬក្រុមហ៊ុនណាអាចចូលកាប់ឈើបានឡើយ។ហេតុនេះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងតទៅទៀតទេក្នុងខណៈដែលព្រៃឈើនៅក្នុងតំបន់កន្ទុយនាគឧទ្យានជាតិវីរៈជ័យកំពុងប្រឈមនឹងសេចក្តីវិនាស។
សេចក្តីរាយការណ៍ពីបានឲ្យដឹងបន្តថា គំនរឈើ ដែលសមត្ថកិច្ចចម្រុះរកឃើញទាំង១៨៨៧កំណាត់នោះ ភាគច្រើនគឺនៅចំណុចក្បែរ បង្គោលព្រំដែនលេខ១០ ហើយមានចម្ងាយ ពីព្រំដែនយួនប្រមាណ ១០គីឡូម៉ែត្រ។ ឈើទាំងនោះជាប្រភេទ គគីរ កកោះ ដួងចែម ត្រាច ផ្តៀ និងឈើទាល មានមុខកាត់ធំហើយមានបណ្តោយយ៉ាងតិច១០ម៉ែត្រដែលឈ្មួញត្រៀមដឹកជញ្ជូនចូលទៅស្រុកយួនដែលមានការឃុបឃិត ពីសំណាក់សមត្ថកិច្ចការពារព្រំដែនផងដែរ ដែលមានមេឈ្មួញឈ្មោះ ណុប ណាក់ (អាណាក់ក្បាលធំ) ដែលមានឈ្មោះណាក់មន្ត្រីប៉ូលីស បន្តកែនពលរដ្ឋ កាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់កន្ទុយនាគ ស្រុកតាវែង ស្រុកអណ្ដូងមាស ដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម យ៉ាងអាណាធិប តេយ្យ បែបនេះ៕មជ្ឈដ្ឋាននានាបានលើកឡើងថា កន្លងមកឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជឿតែតាមរបាយការណ៍របស់មន្ត្រីថ្នាក់ក្រោមប៉ុណ្ណោះ ហើយករណីព្រៃឈើនៅក្នុងតំបន់កន្ទុយនាគ ឧទ្យានជាតិវីរៈជ័យ បន្ តរងការបំផ្លាញយ៉ាងមហន្តរាយ។ហើយប្រសិនបើ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់ការ បង្រ្កាបធ្ងន់ដៃ ច្បាស់ជា មេឈ្មួញឈ្មោះ ណុប ណាក់ (អាណាក់ក្បាលធំ)ដែលអ្នកមានអំណាចមានលុយនៅពីក្រោយខ្នង មិនបន្តកែនពលរដ្ឋ កាប់ បំផ្លាញព្រៃឈើ នៅក្នុងតំបន់កន្ទុយនាគ ស្រុកតាវែង ស្រុកអណ្ដូងមាស យ៉ាងគឃ្លើន នោះទេ៕
ករណីខាងលើ មិនអាចទាក់ទងការបញ្ជាក់ពីមន្ត្រីបរិស្ថាន ប្រចាំតំបន់កន្ទុយ នាគ ឧទ្យានជាតិវីរៈជ័យ ឬមន្ត្រិសមត្ថកិច្ចជំនាញបាននៅឡើយ៕



ហេតុដូចនេះ ឯកឧត្តម សាយ សំអាល់ មេត្តាបញ្ជាកម្លាំងចាត់ការ មិនគួរនៅសម្ងំស្ងៀម ជាឿធ្វើមិនដឹងមិនឮអ្វីទាំងអស់៕