ក្រុមហ៊ុន​ធី​ង៉ា ​ផ្តេកផ្តួល​ជាមួយ ​ដី​សម្បទាន​សេដ្ឋកិច្ច​ ឆ្លៀត​កាប់​ឈើ​លក់់ ព្រៃឡង់ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ​

, , Leave a comment

ខេត្តព្រះវិហារ​ ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ដោយសារសំអាង លើច្បាប់អនុញ្ញាត ពីក្រសួងកសិកម្ម ដើម្បីធ្វើការដាំដុះលើផ្ទៃដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន ទើបក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ កំពុងធ្វើសកម្មភាព កាប់ឈើដឹកជញ្ជូនឈើមូល ចេញពីតំបន់ព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។ បញ្ហានេះគឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះប្រភពខ្លះ បានឲ្យដឹងថា ទីតាំងដែលក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ កាប់ឈើនៅខាងក្រៅទីតាំងដីសម្បទានរបស់ខ្លួនយ៉ាងកំរោល។ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ បានដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ ក្នុងឃុំរៀបរយ តាមរថយន្តយីឌុប និងរថយន្តបង្កុង រាប់សិបគ្រឿងដែលកំពុងធ្វើឲ្យព្រៃឡង់នៅឃុំរៀបរយ ត្រូវប្រឈមនឹងសេចក្តីវិនាស។

តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឡង់នៅឃុំរៀបរយ បានឲ្យដឹងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បានប្រើលិខិតមួយសន្លឹកដែលស្នើសុំការអនុញ្ញាតពីក្រសួងកសិកម្ម ធ្វើការឈូសឆាយដីដាំដុះក្នុងអនុតំបន់៤ និងអនុតំបន់៥ ដែលមិនទាន់មានការកំណត់ព្រំប្រទល់នៅឡើយបែរជាក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កាប់ឈើក្នុងព្រៃឡង់ឃុំរៀបរយ ធ្វើអាជីវកម្មយ៉ាងរលូន។ ចំណែក ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ ក៏ដូចជាប្រធានបរិស្ថាន ខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ កំពុងបណ្តោយឲ្យក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បំផ្លាញព្រៃឡង់ យ៉ាងមហន្តរាយ។ ទីតាំងដែលក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កំពុងសម្រុកកាប់ឈើធ្វើអាជីវកម្មយ៉ាងកំរោលនោះគឺនៅចំណុចអូរឡង់ តំបន់៤​ តំបន់៥​ ភូមិស្រែ វាល ឃុំរៀបរយ ស្រុករវៀង ហើយដឹកជញ្ជូនឈើចេញពីព្រៃយ៉ាងពេញបន្ទុក តែម្តង ព្រោះមានការឃុបឃិតជាប្រព័ន្ធ។

មន្ត្រីអាជ្ញាធរឃុំរៀបរយ និងមន្ត្រីអាជ្ញាធរស្រុករវៀង បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ មាននាយកថ្មីឈ្មោះ ជា ពៅ និងមានមេការឈ្មោះ សុង កំពុងកៀងគរប្រជាពលរដ្ឋឲ្យចូលព្រៃកាប់ឈើនៅចំណុច អូរឡង់តំបន់៤ តំបន់៥​ យ៉ាងពេញបន្ទុក។ បន្ទាប់មកក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ បានប្រមូលឈើទាំងនោះ ដឹកជញ្ជូនតាមរថយន្តយីឌុប និងរថយន្តបង្គុងរាប់សិបគ្រឿងចេញពីព្រៃជារៀងរាល់ថ្ងៃ ព្រោះមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរខេត្តព្រះវិហារ មិនចាត់វិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបមាន សេចក្តីអំពាវនាវឲ្យ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យឡើងវិញជាបន្ទាន់ព្រោះក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ កំពុងប្រើលិខិតអនុញ្ញាតមួយសន្លឹករបស់ក្រសួងកសិកម្មដើម្បីធ្វើសកម្មភាពបំផ្លាញព្រៃឡង់នៅឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ តាមអំពើចិត្ត៕

 

Leave a Reply

(*) Required, Your email will not be published