ខេត្តត្បូងឃ្មុំ ៖ ថ្មីៗនេះប្រជាពលរដ្ឋ ក្នុងឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការលុបបំបាត់ល្បែងស៊ី សងខុសច្បាប់ ក្នុងមូលដ្ឋានពួកគាត់ ជាបន្ទាន់។ សង្វៀនជល់មាន់ បៀនិងអាប៉ោង មួយកន្លែងរបស់ឈ្មោះ«ហាន»ដែលមានទីតាំងស្ថិតនៅទួលខ្មោច (ព្រៃឬស្សី)ក្នុង ភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងបើក ដំណើរការទទួលភ្លៀវ បានយ៉ាងសកម្ម គ្មានអ្នកណាហ៊ានបង្ក្រាបព្រោះតែមេ បនល្បែងយកឈ្មោះលោក ជាម ចន្ទ័ភណ័ ចៅហ្វាយខេត្តត្បូងឃ្មុំ មកប្រើ គ្មាន អ្នកណាហ៊ានប៉ះពាល់សោះឡើយ។
ប្រភពប្រាប់ថា ចំពោះសង្វៀនជល់មាន់បង្កប់បៀ _អាប៉ោងឈ្មោះ«ហាន» ដែលជាម្ចាស់ទីតាំងខាងលើនេះ បានបើកលេងជាដុះស្លែរមកហើយ ទំនងមានអ្នកនៅពីក្រោយខ្នងធំ បានជាហ៊ានបើកលេងរបៀបចល័ត ដល់ទៅ៤ កន្លែង នៅក្នុងឃុំទន្លេបិទ មិនដែលឃើញការបង្ក្រាបសោះឡើយ។
ពលរដ្ឋរស់នៅក្នុងឃុំទន្លេបិទ បាននិយាយថា ពួកគាត់ឃើញតែ អ្នកញៀនល្បែង មកពីទីជិតទីឆ្ងាយមានទាំងរថយន្ដ ទាំងម៉ូតូ ស្ពាយនិងយួរកន្ត្រកមាន់ ជល់ទៅលេងដូចគេហែកឋិន ដោយស្រែកហ៊ោកញ្ជ្រៀវ លាន់កងរំពងរំខានរកដេកមិនបានទេ ហើយគេភ្នាល់ជល់មួយគូៗដាក់ លុយរាប់_ពាន់ដុល្លាឯណោះ។ គេបើកសង្វៀនចល័ត ម្តងកន្លែងនេះ ម្តងកន្លែងនោះ នៅភូមិសាស្រ្តជិតៗគ្នា ក្នុងឃុំទន្លេបិទ។
តាមសេចក្ដីរាយការណ៍ប្រាប់ថា គេមិនដឹងច្បាស់ទេថាម្ចាស់បនល្បែងនេះយក លុយញ៉ុកមាត់ មេសមត្ថកិច្ច រួមទាំងអាជ្ញាធរខេត្ត_ស្រុកខេត្តត្បូងឃ្មុំអស់ប៉ុន្មានពាន់_ម៉ឺនដុល្លានោះទេទើបមានអំណាចបើកវង់បនល្បែងស៊ីសងបែបអាណាធិបតេយ្យយ៉ាងគគ្រឹកគគ្រេងបែបនេះ៕
ប្រជាពលរដ្ឋបានលើកឡើងថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូង ឃ្មុំ និងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិន យកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ផ្ទុយទៅវិញទាំងលោក ជាម ច័ន្ទសោភ័ណ និងលោក បែន រ័ត្ន កំពុងសប្បាយបណ្តោយឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកធ្វើអ្វីៗតាមអំពើចិត្ត មិនខ្វល់ពីសេចក្តីភ័យខ្លាចរបស់ប្រជាពលរដ្ឋឡើយ។
ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុក ទទួលផលប្រយោជន៍ជាប្រចាំ ពីអ្នកបើកល្បែងស៊ីសង ឈ្មោះ ហាន ទើបបណ្តោយឲ្យបុគ្គលនោះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទំនងទទួលបានផលប្រយោជន៍ ពីមេល្បែងស៊ីសងឈ្មោះ ហាន នោះដែរ ទើបមិនចាត់វិធានការបង្ក្រាប ដើម្បីពង្រឹងសន្តិសុខសង្គម ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត៕



