ឈ្មោះ អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំប្រព្រិត្តិអំពុករលួយ កេងប្រវ័ញ្ច​ថវិការដ្ឋ​ ថវិកាមន្ត្រី ពីឆ្នាំ២០១៤-២០១៩ យ៉ាងធ្ងន់ធ្ងរ ថ្នាក់លើ មិនហ៊ានប៉ះពាល់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ ករណីប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំ ចាប់តាំងឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៩ និងការក្លែងបន្លំឯកសារ និងប្រើប្រាស់​ឯកសារក្លែង ដើម្បីលួចលុយជាតិមកស៊ីចាយ (ស្រា និងស្រី) ពីសំណាក់លោកប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំគឺ លោក អឿន រិទ្ធ ពេលនេះគេហទំព័រ សូមរៀបរាប់ដូចតទៅ៖

កាលឆ្នាំ (២០១៤-២០១៦)
១-​បំប៉ោង​ដាក់​ឈ្មោះ​មន្ត្រី​ជាប់កិច្ចសន្យា​រហូត​ដល់​ចំនួន​១២​នាក់​ ដើម្បី​កេងប្រវ័ញ្ច​ថវិការដ្ឋ​ ដែល​តាម​ការ​ពិត​មន្ត្រី​មក​ធ្វើការ​ជាប់លាប់​តែ​ចំនួន​៣​នាក់​ប៉ុណ្ណោះ​ រីឯ​មន្ត្រី​៩​នាក់​ទៀត​ជា​មន្ត្រី​ខ្មោច​ (​មន្ត្រី​មាន​តែ​ឈ្មោះ​)​ បូក​រួម​ទាំង​កូនប្រុសបង្កើត ​របស់​លោក​ប្រធាន​មន្ទីរ​ម្នាក់​ផង​ ឈ្មោះ​ រិ​ទ្ធ​ ឧត្តម​ ដែលមានឈ្មោះ​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរទេសចរណ៍ខេត្ត​ តែ​តាមការពិត ឈ្មោះ​ រិ​ទ្ធ​ ឧត្តម​ ​កំពុង​ជាប់​សិក្សា​រៀនសូត្រ​នៅ​រាជធានី​ភ្នំពេញ​សោះ​ ក៏ប៉ុន្តែមានឈ្មោះចុះបេកកម្ម និងទទួលសាំងប្រចាំខែ ជាពិសេសការចុះបញ្ជីវត្តមាន មិនដែលអាក់ខានម្តងណាសោះ។​

២-​កឹបកេង​ប្រាក់​បេសកកម្ម​របស់​មន្ត្រី​ក្រោម​ឱវាទ ​មាន​ចំនួន​ច្រើន​លាន​រៀល​ ដោយ​យក​លេស​ថា​ កាត់​លុយ​ឲ្យ​ទៅ​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​ និងរតនាគារខេត្ត ដើម្បីជាថ្នូរនឹងការបានទូទាត់លុយបេសកកម្មមកវិញ រួចតម្រូវកាត់លុយពីមន្ត្រីពេលមកបើកលុយបេសកកម្មពីលោកប្រធានមន្ទីរ (កាលនោះលុយត្រូវប្រគល់-ទទួលផ្ទាល់ដៃ)។​

៣-​លួច​បើកប្រាក់​បៀវត្សប្រចាំខែរបស់​លោក​ អ៊ា​ង​ វ​ណ្ណា​ អតីត​អនុប្រធាន​មន្ទីរ​ទេសចរណ៍ ចំនួន​១​លាន​រៀល​ជារៀង​រាល់​ខែ​ អស់​រយៈពេល​ប្រមាណ​២​ឆ្នាំ​ ពីព្រោះ​លោក​អតីត​អនុប្រធាន​មន្ទីរ​ អ៊ា​ង​ វ​ណ្ណា​ មិនមកបម្រើការងារជូនអង្គភាព​យូរ​មក​ហើយ​ តែលោកប្រធាននៅបន្តដាក់ឈ្មោះ និងបន្លំចុះវត្តមានដោយខ្លួនលោកផ្ទាល់ តែសាមីខ្លួនមិនដែលមកធ្វើការទេ សូម្បីតែមន្ត្រីនៅក្នុងមន្ទីរទាំងអស់(លើកលែងតែលោកប្រធានមន្ទីរ) ក៏មិនដែលជួប ឬស្គាល់លោកអនុប្រធានមន្ទីររូបនេះដែរ។​ ប៉ុន្តែ​ក្រោយមក​ បានលួច​ទាក់ទង​លោក​ អ៊ា​ង​ វ​ណ្ណា ឲ្យ​ជួយ​លាក់​ការណ៍​រឿង​បើកប្រាក់​បៀវត្សអស់​ជិត​២​ឆ្នាំ​ ជា​ថ្នូរ​នឹង​ការ​បើក​លុយ​សុំលាឈប់​ពី​ពីក្របខណ្ឌ ​សរុប​ចំនួន​១០​ខែ​ឲ្យ​វិញ​ តែការពិត លោក អ៊ា​ង​ វ​ណ្ណា បានសុំឈប់តាំងពីបំបែកខេត្តថ្មី ដើមឆ្នាំ២០១៤មកម្ល៉េះ។​

៤-​យកទោចក្រយានយន្ត​១​គ្រឿង​ថ្មីស្រឡាង​របស់​រដ្ឋ ស៊េរីឆ្នាំ២០១៦ ​ដែលរដ្ឋ​បាន​ផ្តល់​ឲ្យ​មន្ទីរ​ប្រើប្រាស់​ បែរជា​ធ្លាក់​ទៅ​ក្នុង​ដៃ​ប្រពន្ធ​-​កូន​របស់​លោក​ប្រធាន​មន្ទីរ​ប្រើប្រាស់​នៅ​ឯ​ខេត្តកំពង់ចាម​យ៉ាង​រំភើយ​ទៅ​វិញ​ មិន​ខ្ចី​គិតគូរ​ដល់​ការ​ខ្វះខាត​របស់​មន្ទីរ​ឡើយ​ ទាំងមន្ត្រីនៅក្នុងអង្គភាពមានការខ្វះខាតច្រើន ពីព្រោះខេត្តទើបបង្កើតថ្មីៗ។​

៥-​រួមដៃគ្នា​ជាមួយ​លោក​សោម​ ច័ន្ទ​រតនៈ​ ជា​មន្ត្រី​គណនេយ្យ​និង​ជា​មន្ត្រី​ជំនិត ​របស់​លោក​ប្រធាន​មន្ទីរ​ផង​ ​ចាត់ចែង​ដំឡើង​មុខ​តំណែង ​មន្ត្រី​ក្រោម​ឱវាទ​ក្រោម​រូបភាព ​មិន​ប្រក្រតី​ ដែល​ផ្ទុយ​ទាំងស្រុង​ ទៅ​សេចក្តីជូនដំណឹង លេខ​២២០២​ របស់​ក្រសួង​មុខងារសាធារណៈ ក្នុងកំឡុងឆ្នាំ២០១៦​។​

៦-​លួច​បន្លំ​កឹបកេង​ថ្លៃ​ជួល​ផ្ទះ​ដោយ​ដាក់​តម្លៃ​ថា ​ចំនួន​៧០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ តែ​តាម​ការ​ពិត​តម្លៃ​ទីផ្សារ​ជាក់ស្តែង​គឺ​ចំនួន២៥០​ដុល្លារ​អា​មេ​រិ​ក​ ក្នុង​១​ខែ កាលនោះមន្ទីរទេសចរណ៍ត្រូវជួលផ្ទះគេ យកធ្វើកន្លែងធ្វើការងារបណ្តោះអាសន្នសិន។​

៧-​លួច​ចេញ​លិខិត​មិន​ត្រឹមត្រូវ ​ថា​មាន​មន្ត្រី​ឈឺជាច្រើននាក់​ ហើយ​ស្នើ​សុំ​ទូទាត់លុយ​ចំណាយពី​ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរតនាគារ​ខេត្ត​ ព្រមទាំង​ស៊ីដាច់លុយនោះដោយខ្លួន​ឯង តែសាមី​មន្ត្រី​មិន​បានដឹង​ថា​ខ្លួន​ឈឺ​នោះទេ (បន្លំ​ឯកសារ) តែដោយសារមានមន្ត្រីនៅរតនាគារខេត្ត ជួបជាមួយមន្ត្រីនៅមន្ទីរទេសចរណ៍សាកសួរអំពីរឿងនេះ ទើបបែកធ្លាយព័ត៌មានដល់សាមីមន្ត្រី។​

៨-​លួច​ធ្វើ​លិខិត​បេសកកម្ម​ខ្យល់ ​ដោយ​ខ្លួន​មិន​បាន​ ទៅ​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ឬតាមខេត្តមួយចំនួន​ផង​ បែរជា​ដាក់​លិខិត​បេសកកម្ម​ថា​ បាន​ទៅ​ប្រជុំស្តីពីនេះ ពីនោះ ​ដើម្បី​ទូទាត់​លុយ​គម្រោង​ថវិកា​ឆ្នាំ​២០១៦ ចាយដោយខ្លួន​ឯង។​

៩-​ជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​មាន​ចំនួន​ច្រើន​សំពីងសំពោង​នោះ​ មិន​ជូនដំណឹង​ផ្សព្វផ្សាយ​អ្វី​ជា​មុន​ទេ​ ដើម្បី​ឆ្លៀតឱកាស​ជ្រើសរើស​យក​តែ​បក្ខពួក​ សាច់ញាតិ​ខ្លួនឯង​ គឺ​មាន​អ្នកខ្លះ​មុខ​ដដែលៗ​ អស់​រយៈពេល​២​ឆ្នាំ​ហើយៗ​បើ​មាន​អ្នក​ថ្មី​មក​ដាក់​ពាក្យ​បែរជា​មិន​ទទួល​ទៅ​វិញ​ ព្រោះមន្ត្រីខ្មោចរហូរដល់៩នាក់ កាលពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។​

១០-​គ្មាន​ឃើញ​មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អ្វី​ជា​ដុំ​កំភួន​ទេ​ តែ​បែរជា​ធ្វើ​បញ្ជី​របាយការណ៍​បំប៉ោង​ដាក់​ថា​ មាន​សកម្មភាព​ប្រជុំ​ផ្សព្វផ្សាយ​ញឹកញាប់​​ ដើម្បី​លួច​ស៊ីលុយ​គម្រោង​ថវិកា​ឆ្នាំ​២០១៦ បាន​ចំនួន​រាប់​លាន​រៀល​។​
១១-​រឿង​លទ្ធកម្ម​សាធារណៈ​ ទិញ​-​លក់​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​នានា​ គឺ​ធ្វើ​តាម​របៀប​ «​ ចង​មុង សម្ងំដេក​ »​ ដើម្បី​បើកដៃ​ឲ្យ​មិត្តភក្តិ​ សាច់ញាតិ​របស់​លោក​ សោម​ ច័ន្ទ​រតនៈ​ ជា​មន្ត្រី​គណនេយ្យ​ មានឱកាស​កឹបកេង​ផល​ចំណេញ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយចិត្ត​ ហ៊ឺហារ។​ (នេះជារឿងខ្លះៗ ក្នុងកំឡុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦)

(ចូលដល់ ឆ្នាំ២០១៧-២០១៩)
លោក អឿន រិទ្ធ ចាប់តាំងពីបានធ្វើជា ប្រធានមន្ទីររទេសចរណ៍ខេត្តត្បូងឃ្មុំ គឺសប្បាយកឹបកេង ដេកចាយលុយរដ្ឋ បម្រើតែបក្ខពួកខ្លួន មិនសូវចុះមូលដ្ឋានបំពេញភារកិច្ច ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រនោះទេ។ ផ្ទុយមកវិញ រូបលោកពូកែ តែសរសេរតែរបាយការណ៍ខ្យល់ ដើម្បីយកលុយរដ្ឋចាយ (ស្រា និងស្រី)។

រឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីររទេសចរណ៍ខេត្តត្បូងឃ្មុំ មានច្រើនករណីដូចខាងក្រោម៖
ទី១) អនុញាតិ​ឲ្យ​លោក លី ឈៀងអេង ជាអនុមន្ត្រីថ្នាក់លេខ២ និងជាប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្ត ទៅបម្រើការងារ​ឯកជនពេញម៉ោងដូចគ្នា គឺនៅសាកលវិទ្យាល័យCUS សាខាខេត្តកំពង់ចាម ក្នុងមុខតំណែងជានាយករងសាខា ទាំងលោកប្រធានមន្ទីរក៏មានលំនៅស្ថានក្នុងក្រុងកំពង់ចាមដូចគ្នា ព្រមទាំងទទួលបានប្រាក់ខែរាជការរហូតដល់ជិត1,400,000រៀល ជារៀងរាល់ខែ លើសពីនេះទៀត លោក លី ឈៀងអេង តែងមានឈ្មោះចុះបំពេញបេសកកម្ម តាមបណ្តាក្រុង-ស្រុកទាំង៧ជាប្រចាំ និងរាជធានីភ្នំពេញ ជាពិសេសតែងទទួលបានប្រាក់បេសកកម្មយ៉ាងហោយក៏ជាង៣លានរៀល (3,000,000)ក្នុងមួយជុំៗ នៃការទូទាត់ម្តង (មួយឆ្នាំទូទាត់៤ដង)។ ទោះបីជាលោក លី ឈៀវអេង មិនសូវចូលធ្វើការងាររដ្ឋមែន ក្នុងមួយអាទិត្យមក១ថ្ងៃ ឬ ២ថ្ងៃ ប៉ុន្តែលោកតែងបានចុះវត្តមាន បានពេញលេញជាប្រចាំ ដោយលោកមានវិធីបែងភាគ ដោយសារលោកជាមនុស្សសំខាន់ក្នុងការជួយលាងឯកសារក្លែងដែលលោក អឿន រិទ្ធ ចាំបាច់។

ទី២) លួចចេញលិខិតបង្គាប់ការ តែងតាំងមន្ត្រី២រូប ទី១. គឺលោក សោម ច័ន្ទរតនៈ និងទី២. គឺលោក លី ឈៀងអេង នៅក្នុងឆ្នាំ២០១៨ ដោយគ្មានការប្រជុំផ្ទៃក្នុង ដើម្បីឆ្លងយោបល់លោកអនុប្រធានមន្ទីរ ឬជម្រាបជូនដំណឹងដល់មន្ត្រីនៅក្នុងអង្គភាពនោះទេ គឺលួចធ្វើលាក់បាំងពីមន្ត្រីដទៃ កាលនោះក៏មានប្រតិកម្មខ្លាំង ពីលោកអនុប្រធានមន្ទីរទាំងពីរ តែលោកប្រធានមន្ទីរធ្វើមិនអើពើ។

ទី៣) តែងគម្រាមកំហែង នរណាដែលធ្វើ​អោយបែកធ្លាយ​ឯកសារ នៅក្នុងមន្ទីរទៅខាងក្រៅ ជាពិសេស​ឯកសារគណនេយ្យ ប្រសិនបើមានលេញលឺព័ត៌មានដល់កាសែត ឬដល់មន្ទីរ-អង្គភាពផ្សេងៗនោះ មន្ត្រីនោះនឹងត្រូវទទួលពិន័យ ជាពិសេសត្រូវទទួលខុសត្រូវជំនួសលោកប្រធានមន្ទីរ។

ទី៤) លួចចេញលិខិតបញ្ជូន លោកអនុប្រធានមន្ទីរ១រូប ទៅបម្រើការងារនៅច្រកចេញចូលតែមួយសាលាខេត្ត ដោយគ្មានការកោះប្រជុំគណៈមន្ទីរ ដើម្បីសុំការយល់ព្រមពីសាមីខ្លួន រួចបង្ខំមន្ត្រី (លោកអនុប្រធានមន្ទីរ) ចេញពីមន្ទីរទេសចរណ៍ ទៅធ្វើការងារនៅច្រកចេញចូលតែមួយសាលាខេត្ត ក្នុងនាមជាមន្ត្រីជួរក្រោយ ដែលខុសឆ្គងនីតិវិធី។

ទី៥) លួចយកម៉ូតូរដ្ឋ ស៊េរីឆ្នាំ២០១៧ HONDA DREAM C125 ពណ៌ខ្មៅ លេខតួ ND125M-9786308 លេខម៉ាស៊ីន ND125ME-9786308 ទៅធ្វើជារបស់ឯកជន មិនអោយមន្ត្រីខ្វះខាតប្រើប្រាស់តាមការចាំបាច់របស់អង្គភាព បែរជាប្រើជារបស់បុគ្គលគ្រួសារទៅវិញ។

ទី៦) លួចបន្លំតួលេខ ចំនួនសាំងមន្ត្រី ក្នុងមួយឆ្នាំៗ អោយមន្ត្រីម្នាក់ៗ បាន10 ទៅ 20លីត្រតែប៉ុណ្ណោះ (អោយមន្ត្រីក្នុងមន្ទីរ) តែសរសេរដាក់ក្នុងរបាយការណ៍ស្នើសុំ ថាអោយមន្រ្តី 200លីត្រ ទៅ300លីត្រ ខ្លះ500រយលីត្រ និងខ្លះទៀតដល់ 1,000លីត្រក៏មាន។

ទី៧) ជារៀងរាល់ដើម្បីខែមករា ឆ្នាំថ្មីប្រធានមន្ទីររូបនេះ តែងតែមិនអោយមន្ត្រីកិច្ចជាប់សន្យាទាំងអស់មកធ្វើការនោះទេ មានខ្លះ រហូតដល់ខែកុម្ភៈ ដោយយកលេសថា ក្រសួងមិនទាន់សម្រេចចិត្តជ្រើសរើសយកនរណាខ្លះចូលបម្រើការងារក្នុងមន្ទីរ ដើម្បីមានហេតុផល ក្នុងការកាត់ប្រាក់ខែក្នុងខែមករា និងកុម្ភៈរបស់មន្ត្រីជាប់កិច្ចសន្យាជារៀងរាល់ឆ្នាំ។ ហើយពេលខ្លះ ការចុះបំពេញបេសកកម្មរបស់មន្ត្រីជាប់កិច្ចសន្យា មិនផ្តល់លិខិតបញ្ជាបេសកកម្មអោយមន្ត្រី ដោយកឹបកេងលុយបេសកកម្មពួកគាត់ ប៉ុន្តែបើបក្ខពួកខ្លួន មិនមកធ្វើការផង តែបែរជាមានឈ្មោះចុះបេសកកម្ម នៅតាមបណ្តាក្រុង-ស្រុក និងនៅភ្នំពេញជាដើម។ តួយ៉ាង ដូចជាបេសកកម្មមន្រ្តីរាជការខ្លះក្នុងឆ្នាំ២០១៦-២០១៧ កន្លងទៅមិនអោយគ្នាសោះក៏មាន ប៉ុន្តែបន្លំហត្ថលេខា ចុះហត្ថលេខា ប្រគល់-ទទួលតែខ្លួនឯង។ មន្ត្រីគាត់គ្មានដឹងអីសោះ ស៊ីដាច់លុយពួកគាត់ទាំងស្រុង ទោះបីមន្ត្រីទាំងនោះខិតខំបំពេញការងារជូនអង្គភាពជាច្រើនក៏ដោយ។

ទី៨) ចំពោះមន្ត្រីជាប់កិច្ចខ្លះ ជាមន្ត្រីតាមរយៈខ្សែរស្រឡាយ បងប្អូនជីដូនមួយ ត្រូវជាពូ-ក្មួយ ជាដើម មានបេសកកម្ម ច្រើនជាងមន្ត្រីក្របខ័ណ្ឌពេញសិទ្ធិថែមទៀត។ ធ្វើឯកសារក្លែង ធ្វើរបាយការណ៍បេសកកម្ម ដើម្បីទូទាត់លុយរដ្ឋចាយ មន្ត្រី មន្រ្តីជាប់កិច្ចសន្យា ឈ្មោះ សាន តុងសេង និងមន្រ្តីជាប់កិច្ចសន្យា ឈ្មោះ ហេន ស៊ុនហេង ទាំងពីរនាក់នេះម្នាក់ជាបងប្អូន លោកប្រធានមន្ទីរ និងម្នាក់ទៀតជាបងប្អូនលោក សោម ច័ន្ទរតនៈ លោកប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងហិរញ្ញវត្ថុ តែងតែមានឈ្មោះទូទាត់ បើកប្រាក់បេសកកម្មជាប្រចាំមិនដែលខានសោះ ទោះមន្ត្រីកិច្ចសន្យាខ្យល់ទាំងពីរនេះ មិនដែលបានបំពេញការងារជូនមន្ទីរក៏ដោយ។

ទី៩) លោក អឿន រិទ្ធ បានបើកដៃអោយលោក សោម ច័ន្ទរតនៈ ប្រព្រឹត្តអំពើពុករលួយជាហូរហែរ ដាក់ឈ្មោះបន្លំបេសកកម្ម ការទូទាត់រេជ្ជទេយ្យផ្សេងៗ ខុសនីតិវិធី មិនផ្តល់ប្រាក់លាភការផ្សេងៗជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា។ ជាពិសេស លោក សោម ច័ន្ទរតនៈ បានយកមន្ទីរទេសចរណ៍ធ្វើជាទារកដ្ឋាន (កន្លែងចិញ្ចឹមកូន) ដោយយកមន្ត្រីជាប់កិច្ចសន្យា ជាអ្នកមើលថែ យ៉ាងអណាធិបតេយ្យនៅក្នុងមន្ទីរ គ្មានខ្លាចញញើតចិត្តមន្ត្រីរាជការដទៃនោះទេ ដោយអាងអំណាចខ្លួន និងអំណាចសាច់ញាតិខ្លួន។

ទី១០) លួចលុយរដ្ឋថាមានការសាងសង់នេះនោះ ជួសជុលនេះនោះ មិនចេះចប់មិនចេះហើយ ប៉ុន្តែមានតែរបាយការណ៍ខ្យល់ និងបើកលុយចែកគ្នាចាយ តែពីរនាក់ប្រធានមន្ទីរ និងមន្ត្រីជំនិតម្នាក់ទៀតប៉ុណ្ណោះ។ បើទោះជាមានក្រុមសវនកម្មផ្ទៃក្នុង ក្រុមអធិការកិច្ចចុះមកពិនិត្យ ដូចចុះមកចែកលុយគ្នាចាយ គឺដឹងតែលោកប្រធានមន្ទីរនាំចូលខារ៉ាអូខេ ផឹកស៊ី ស្រីស្រា ពេលត្រឡប់ទៅវិញ សរសេររបាយការណ៍ទាំងស្រវឹង រកកន្លែងខុសគ្មាន ព្រោះលោកប្រធានមានវិធីបិតបាំងព័ត៌មានពុករលួយខាងលើ យ៉ាងស្ទាត់ជំនាញ។

ទី១១) ក្លែងបន្លំ និងប្រើប្រាស់​ឯកសារ ដើម្បីទូទាត់ ការចំណាយ ជួសជុលការិយាល័យទេសចរណ៍នៅក្រុងសួង ដោយបន្លំ ដាក់ឈ្មោះមន្ត្រីនៅក្នុងមន្ទីរជាស្នើសុំចំណាយ និងក្លែងហត្ថលេខាមន្ត្រីថែមទៀត។ លោក ថាច់ ច័ន្ទ មន្ត្រីទេសចរណ៍ ប្រចាំការនៅច្រកចេញចូលតែមួយ សាលាក្រុងសួង លោកដឹងច្បាស់ជាងគេបំផុត ថាគ្មានការិយាល័យទេសចរណ៍ នៅក្រុងសួងទេ សូម្បីតែតុ-កៅអីអង្គុយ និងកុំព្យូទ័រក៏គ្មានផង កុំថាឡើយការិយាល័យទេសចរណ៍ ព្រោះក្រសួងទេសចរណ៍ មិនតម្រូវអោយបង្កើតការិយាល័យទេសចរណ៍នៅទីនោះទេ តែលោកប្រធានមន្ទីរ បែរជាក្លែងថាត្រូវជួសជុលការិយាល័យទេសចរណ៍នៅក្រុងសួងនោះទៅវិញ។

ទី១២) ក្រៅពីរឿងប្រព្រឹត្តអំពើពុករលួយ កឹបកេងលុយជាតិ លោកប្រធានមន្ទីរ អឿន រិទ្ធ បានយកកញ្ញា ណុច បូណា វ័យ២១ឆ្នាំ ជាស្រីស្អាត ប្រចាំមន្ទីរទេសចរណ៍ ធ្វើជាមនុស្សជំនិតផុតលេខ និងភាគច្រើននៅក្នុងបន្ទប់ដេកជាមួយគ្នា សឹងដូចប្តីប្រពន្ធ អ្នកនៅមន្ទីរទេសចរណ៍ដឹងទាំងអស់ អ្នកនៅធ្វើការនៅសាលាខេត្តត្បូងឃ្មុំ ភាគច្រើនក៏បានដឹងដែរ បើថា អ្វីដែលពត័មានចុះផ្សាយបំភ្លៃការពិត សូមរដ្ឋបាលខេត្តត្បូងឃ្មុំ មេត្តាពិនិត្យ កាំមេរ៉ាសុវត្ថិភាពនៅមុខបន្ទប់លោកប្រធានមន្ទីរទេសចរណ៍ស្នាក់នៅ (អគារស្នាក់នៅ) នោះឃើញច្បាស់ហើយ។ដែលគេសង្ស័យថា លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ អាចបានប្រព្រឹត្តអំពើពុករលួយ និងប្រព្រឹត្ត រឿងអសីលធម៌ជាមួយកូនចៅស្រី ជាមន្ត្រីជាប់កិច្ចសន្យា នៅក្នុងអង្គភាព ជាច្រើនលើកច្រើន សារកន្លងមក រហូតមកដើមឆ្នាំ២០២០នេះ

ទី១៣) លួចបិតបាំងមន្ត្រីជាប់កិច្ចសន្យាមួយរូប គឺ កញ្ញា ណុច បូណា មានក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ មានឈ្មោះបំរើការងារ នៅបញ្ជាការដ្ឋានតំបន់សឹករង ខេត្តកំពង់ចាម បែរជាមកបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ យ៉ាងហ៊ឺហារ និងប្រកបដោយភាពស្និទ្ធស្នាល «ពិសេសប្លែក» ជាមួយលោកប្រធានមន្ទីរទៅវិញ ព្រោះថាកញ្ញា ណុច បូណា តែងតែមានឈ្មោះ ចូលរួមប្រជុំជាញឹកញាប់ ជាមួយលោកប្រធានមន្ទីរ ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀត នេះបើតាមការរាយការណ៍ពីមន្ត្រីមួយចំនួននៅក្នុងមន្ទីរទេសចរណ៍។

​មន្ត្រីរាជការនៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ភាគច្រើនបំផុត ចង់ឃើញ ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (A.C.U) ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងឯកឧត្តម ជាម ច័ន្ទសោភ័ណ ចៅហ្វាយខេត្តត្បួងឃ្មុំ មានវិធានការលើ បញ្ហាអំពើពុករលួយ របស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នេះផង ជាពិសេសសូមជួយលុបបំបាត់ បញ្ហាពុករលួយ នៅមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ដើម្បីកុំអោយ អាងមានអំណាច ជាប្រធានមន្ទិរ ធ្វើអ្វីតាមតែអំពើចិត្ត ៕

 

Leave a Reply

(*) Required, Your email will not be published