លោក សោម រស់ ស្នងការរងខេត្តកំពង់ចាម និងមន្ត្រីប៉ូលីស3រូប ត្រូវលោកគ្រូបង្រៀន ប្តឹងទៅថ្នាក់លើ ករណីប្រព្រឹត្តខុស…

, , Leave a comment

  • ខេត្តកំពង់ចាម​ ៖​ នៅព្រឹក​ថ្ងៃទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០២០​ នេះ​ គេហទំព័រ​ PVNN បានទទួលដំណឹងច្បាស់ការថា​ លោក​គ្រូ​ អ៊ូ​ ជាលី​ បានសម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​នាយ​នគរបាល​ជាន់ខ្ពស់​ខេត្ត​កំពង់ចាម​ចំនួន​ ៤​ នាក់​ ទៅកាន់​ អគ្គស្នងការនគរបាលជាតិ​ និង​ ទៅ​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ ។

តាមរយៈ​ពាក្យ​បណ្ដឹង​ ២​ ច្បាប់​ ដែលយេីងទទួលបាន​ ហេីយមានបោះត្រាចូល​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ និង​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ គឺ​នាយនគរបាលខេត្តកំពង់ចាមចំនួន​ ៤​ រូបដែលមានឈ្មោះ​ ១-​ លោកឧត្ដមសេនីយ៍​ត្រី​ សោម​ រស់​ ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ចាម​ ២​ លោក​វរៈសេនីយ៍​ឯក​ សែម​ សាន​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​កំពង់ចាម​ ៣​ លោកវរៈសេនីយ៍​ទោ​ ថុង​ ភូរីវុធ​ អធិការ​ស្ដីទី​ ស្រុក​កងមាស​ និង​ ទី​ ៤​ លោកវរៈសេនីយ៍​ទោ​ ម៉ុក​ បាវី​ អធិការ​រង​ នៃ​ អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ រងការចោទប្រកាន់ថា​ បាន​ប្រព្រឹត្តកំហុសធ្អន់ធ្ងរខាងវិជ្ជាជីវៈក្នុងមុខងារជាមន្ត្រីនគរបាល​យុត្តិធម៌​ ។

លោក​ អ៊ូ​ ជាលី​ គ្រូបង្រៀន​ផ្នែក​គីមីវិទ្យា​ នៅ​ សាលា​ឥន្ទ្រទេវី​ បានអោយដឹងថា​ នគរបាល​ស្រុក​កងមាស​ និង​ នគរបាល​ ខេត្ត​កំពង់ចាម​ បានចាប់វៃខ្នោះលោកក្រោមបទសង្ស័យថា​ លោក​បានបេីកឡាន​ បុក​មនុស្សស្លាប់​ កាលពី​ថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ នៅចំណុច​មុខស្ថានីយ៍ប្រេង​ ភូមិ​ អង្គរបាន​៩​ ឃុំ​ អង្គរបាន​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ ដោយមានតែរូប​ វីដេអូ​ មួយប៉ុណ្ណោះ​ដែលវីដេអូននោះ​មិនបានបង្ហាញ​ស្លាក​លេខ​រថយន្ដ​របស់​លោកផង​ ។

ភ្លាម​ៗ​លោក​អ៊ូ​ ជាលី​ បាន​បដិសេធ​ការចោទប្រកាន់នេះ​ និង​ បានហៅសាក្សីជាច្រេីនមកធ្វេីការបំភ្លឺ​ ដោយបញ្ជាក់ថា​ លោក​ អ៊ូ​ ជាលី​ មិនបានបេីក​រថយន្ត​បុកមនុស្សស្លាប់​ទេ​ ។ ជាពិសេសមានចំណុចសំខាន់ៗជាច្រេីនដែលបង្ហាញថា​ រថយន្ត​លោក​គ្រូ​ អ៊ូ​ ជាលី​ មិនបានបង្ករ​គ្រោះថ្នាក់ចរាចរដោយហេតុថា​ រថយន្ត​គ្មាន​ស្លាក​ស្នាម​ អ្វីទាំងអស់​ ហេីយ​ទី​កន្លែង​ឃាត់​ខ្លួន​លោក​ អ៊ូ​ ជាលី​ និង​ ទី​ កន្លែង​កេីតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ មានចម្ងាយពី​គ្នាជាង​ ២០​ គីឡូ​ម៉ែត្រ​ ។ ពេល​វេលា​កេីតហេតុ​ ម៉ោង​ ១៩:៤១​ នាទី​ និង​ ពេលវេលា​ចាប់ខ្លួនលោក​អ៊ូ​ ជាលី​ ម៉ោង​ ១៩:៤២​ នាទី​ ។ ដូច្នេះ​ រយៈ​ពេល​ ១​ នាទី​ រថយន្ដ​ លោក​អ៊ូ​ ជាលី​ មិនអាចបេីកគេចចេញពី​កន្លែង​កេីតហេតុ​រហូតដល់​ជាង​ ២០​ គីឡូ​ម៉ែត្រ​ នោះទេ​ ។

លេីសពីនេះទៅទៀត​ នគរបាល​ បច្ចេកទេស​ វិទ្យាសាស្រ្ត​ ក្រសួង​មហាផ្ទៃ​ បានធ្វើ​កោសល្យ​វិច្ច័យ​ រកឃើញ​ថា​ រថយន្ដ​របស់​លោក​ អ៊ូ​ ជាលី​ គ្មាន​ស្លាក​ស្នាម​ និង​ មិនពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ ភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ ទេ​ ។ ចំណែក​ នគរបាល​ចរាចរណ៍​ ក្រសួងមហាផ្ទៃ​ ក៏បានចុះស្រាវជ្រាវ​ឃេីញថា​ ពេលវេលា​កេីតហេតុ​ និង​ ទី​កន្លែង​ឃាត់​ខ្លួន​ មិនស៉ីគ្នាទេ​ ។

ទោះបី​ជាមានការបំភ្លឺ​ និង​ មានសាក្សីជាច្រេីនអះអាងថា​ លោក​គ្រូ​ អ៊ូ​ ជាលី​ មិនបានបង្ករ​គ្រោះថ្នាក់ចរាចរក៏ដោយ​ ក៏នគរបាល​ស្រុក​កងមាស​ ដែលមានឈ្មោះ​ លោក​វរៈសេនីយ៍​ទោ​ ថុង​ ភូរីវុធ​ អធិការ​ស្ដីទី​ និងលោក​វរៈសេនីយ៍​ទោ​ ម៉ុក​ បាវី​ អធិការ​រង​ និង​ លោកវរៈសេនីយ៍​ឯក​ សែម​ សាន​ ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត​កំពង់ចាម​ និង​ លោកឧត្ដមសេនីយ៍​ត្រី​ សោម​ រស់​ ស្នងការ​រង​ នគរបាល​ខេត្ត​កំពង់ចាម​ ឃុបឃិត​គ្នា​ ធ្វើ​របាយការណ៍​ចោទប្រកាន់​ លោក​ អ៊ូ​ ជាលី​ ទាំងបំពាន​តែម្ដង​ ។

លោក​អ៊ូ​ ជាលី​ បានចំណាយ​លុយអស់​ចំនួន​ ១០០០០​ ដុល្លារ​ ​យកទៅតំកល់​ នៅ​ តុលាការ​ដេីម្បី​បានធានានៅក្រៅឃុំ​ ។ ចំណែក​រថយន្ត​របស់​លោក​ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​កងមាស​ឃាត់​ទុករហូតមកដល់បច្ចុប្បន្ន​ ។

នៅឯតុលាការឯណោះវិញ​ លោក​ ហួត​ វុទ្ធី​ ព្រះរាជអាជ្ញា​ខេត្ត​កំពង់​ចាម​ បានចោទ​ប្រកាន់​ លោក​ អ៊ូ​ ជាលី​ តាម​ការសន្និដ្ឋាន​របស់​ នគរបាល​ស្រុក​កងមាស​ និង​ នគរបាល​ខេត្ត​កំពង់ចាម​ ដដែល​ ដោយគ្មានស្វែងរកភស្តុតាងអ្វីបន្ថែម​ក្រៅតែ​ពី​ វីដេអូ​ ដែលគ្មានរូបភាពច្បាស់លាស់នោះទេ ។

ដោយរងនូវអំពេី​អយុត្តិធម៌​ស្រស់​ៗបែបនេះ​ លោក​ អ៊ូ​ ជាលី​ បានសម្រេចដាក់ពាក្យប្ដឹងតតាំងទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដេីម្បី​ស្វែងរក​យុត្តិធម៌​ជូនរូបលោក​ ។

បន្ទាប់​ពី​ផ្ទុះរឿងនេះឡេីង​ រហូត​មក​ដល់​ថ្ងៃ​នេះ​ ខាងនគរបាល​ស្រុក​កងមាស​ និង​ នគរបាល​ខេត្ត​កំពង់ចាម​ រួមទាំង​ សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ មិនទាន់​ចេញសេចក្ដីបំភ្លឺ​ពាក់ព័ន្ធ​នឹងការអះអាងរបស់លោក​ អ៊ូ​ ជាលី​ ទេ​ ។ប្រភព ហ្វេសប៊ូក vannak pheng

 

 

 

 

Leave a Reply

(*) Required, Your email will not be published