លោក សុង ឃាង ប្រធានមន្ទីរកសិកម្មនិងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បិទភ្នែកអោយសិប្បកម្ម​កែច្នៃឈើ ក្នុងស្រុកពេជ្រាដា កើតឡើងយ៉ាងពេញបន្ទុក 

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា សិប្បកម្មកែច្នៃឈើនៅតែកើតឡើងយ៉ាងពេញបន្ទុកក្នុងឃុំប៊ូស្រា ដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធផងដែរ។ ចំណែកលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី មិនចាត់វិធានការ​បង្ក្រាបសិប្បកម្មកែច្នៃឈើជាច្រើនកន្លែង នៅក្នុងឃុំប៊ូស្រា នោះឡើយ។ ជាងនេះទៅទៀត ឈ្មួញម្ចាស់រោងសិប្បកម្មកែច្នៃឈើភាគច្រើន ត្រូវបានគេដឹងថា ជាសាច់ញាតិរបស់លោក អែម ពិសិដ្ធ អភិបាលរងស្រុកពេជ្រាដា ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ។

តាមសេចក្តីរាយការណ៍ពីសកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា គ្រាន់តែនៅក្នុងភូមិ​ពូទឺត ឃុំប៊ូស្រា មានរោងសិប្បកម្មកែឆ្នៃឈើមិនតិចជាង ១០កន្លែងកំពុងដំណើរការយ៉ាងរលូន ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។

ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប៊ូស្រា បានឲ្យដឹងថា​ ប្រសិនបើគ្មានការ ឃុបឃិតបើកដៃ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុងស្រុកពេជ្រាដា និងពីសំណាក់ លោក អ៊ុំ វណ្ណសុភគ៌ មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ទេនោះគឺគ្មានឈ្មួញណាអាចបើករោងសិប្បកម្មកែច្នៃឈើតាមអំពើចិត្តបានឡើយ។

បើតាមឈ្មួញ ម្ចាស់រោងសិប្បកម្មកែច្នៃឈើមួយចំនួន​ បានឲ្យដឹងថា ពួកគេ បង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ច​ពាក់ព័ន្ធដទៃ ទៀតទើបអាចបើករោងសិប្បកម្មកែច្នៃឈើយ៉ាងរលូន។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប៊ូស្រា បានឲ្យដឹងថា ឈើដែលគេយកទៅកែច្នៃ តាមរោងសិប្បកម្មច្រើនកន្លែង ក្នុងឃុំប៊ូស្រា និងនៅទីរួមស្រុកពេជ្រាដា នោះគឺជាឈើដែលគេកាប់ដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀនិងព្រៃការពារព្រៃអភិរក្សព្រៃសហគមន៍​ ក្នុង​ស្រុកពេជ្រាដា។ ក្រោយ ពេលកែច្នៃជាគ្រែ តុ ទូ ទ្វារ បង្អួច និង គ្រឿងសង្ហារឹម ផ្សេងៗរួចហើយនោះ ក្រុមឈ្មួញអាចដឹកជញ្ជូនទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា​ យ៉ាងពេញបន្ទុក ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចតាមផ្លូវ គិតតែពីរឿងប្រមូល លុយតាមរបៀបពុករលួយ។ មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី និងលោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គឺជាមេខ្លោងធំនៅពីក្រោយបទល្មើសព្រៃឈើ ហេតុនេះហើយ ទើបរោងសិប្បកម្មកែច្នៃឈើ កំពុងកើតឡើងយ៉ាងរាលដាល នៅស្រុកពេជ្រាដា ហើយព្រៃឈើ ​ក្នុងស្រុកពេជ្រាដា កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ៕

 

 

Leave a Reply

(*) Required, Your email will not be published