ខេត្តមណ្ឌលគិរី ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគី ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានយប់កន្លងទៅនេះឈ្មួញឈ្មោះ តាឌី ឈ្មួញឈ្មោះ សុឃុន និងឈ្មួញឈ្មោះ ម៉ាប់ សម្រុកដឹកជញ្ជូនឈើប្រណីតនិងឈើប្រភេទលេខ១ ចេញទៅវៀតណាម តាមច្រកទ្វេភាគីដាក់ដាំ និងច្រករបៀងកង់ឡង់ យ៉ាងគំហុក។ ប្រភពបានឲ្យដឹងទៀតថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ជាអ្នកមានសិទ្ធអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងសុខស្រួល។ ចំណែកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ហែម បូណារ៉ែល មេបញ្ជារការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី កំពុងសម្ងំស្ងាត់ឈឹងតែម្តង។
បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា ប្រសិន បើគ្មានការបើកដៃ ពីសំណាក់លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោក ទៀង សៅរតន៍ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ទេនោះ គឺលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តទេ។ ទាល់តែមានការបើកដៃពីចៅហ្វាយនាយទើបលោក យូ សុធា ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ តាឌី ឈ្មួញឈ្មោះ សុឃុន ឈ្មួញឈ្មោះ ម៉ាប់ និងឈ្មួញដទៃទៀតប្រមូលទិញឈើរក្សាទុកនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុក។ មានការរិះគន់ចំៗថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ចេញទៅស្រុកយួនតាមច្រកទ្វេភាគីដាក់ដាំនិងច្រករបៀងកង់ឡង់ នោះទេ។
ប្រភពស្និទ្ធនឹងក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកដាក់ដាំ និងច្រករបៀងកង់ឡង់ បានបង្ហើបឲ្យដឹងថា ពួកគេបង់លុយតាមការគំណត់របស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដឹកជញ្ជូនឈើចេញទៅស្រុកយួនដល់គោលដៅ។ ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីដាក់ដាំ ទទួលបានផលប្រយោជន៍ច្រើនជាងគេ ហើយលោក យូ សុធា តែងយកឈ្មោះលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ធ្វើជាបង្អែក ដើម្បីការពារទង្វើរបស់ខ្លួនជាប្រចាំ។ បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះករណីលោក យូ សុធា ឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺមានការឃុបឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន៕
ករណីខាងលើមិនអាចទទួលការបញ្ជាក់ពីមន្ត្រីសមត្ថកិច្ច ជំនាញបាននៅឡើយទេ៕

